និយ័តករគណនេយ្យ និងសវនកម្ម និងវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា រៀបចំសន្និសីទគណនេយ្យករជំនាញអាស៊ាន លើកទី៤
19-07-2025 10:29
(ភ្នំពេញ)៖ និយ័តករគណនេយ្យ និងសវនកម្ម (ន.គ.ស.) និងវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) បានសហការរៀបចំសន្និសីទគណនេយ្យករជំនាញអាស៊ាន លើកទី៤ ចំនួន១ថ្ងៃពេញ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ក្រោមប្រធានបទ «ការលើកកម្ពស់ចីរភាព និងកំណើនវិជ្ជាជីវៈគណនេយ្យនៅអាស៊ាន ៖ ទំនាក់ទំនងរវាងគណនេយ្យ បច្ចេកវិទ្យាហិរញ្ញវត្ថុ និងសមាហរណកម្មតំបន់»។
ពិធីធ្វើឡើងក្រោមអធិបតីភាពលោក ទី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីលោក លោកស្រី អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អង្គភាពក្រោមឱវាទអាជ្ញា-ធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងប្រទេសជាសមាជិកអាស៊ាន ចំនួន៧ប្រទេស ភ្ញៀវជាតិ និងអន្តរជាតិ ប្រមាណ ៣៥០នាក់។
លោក ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម និងនាម ជាប្រធានគណៈកម្មាធិការសម្របសម្រួលគណនេយ្យករជំនាញអាស៊ាន (ACPACC) បានសម្តែងនូវគារវកិច្ច និងគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះ លោក ទី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងការបើកកម្មវិធីសន្និសីទ និងថ្លែងអំណរគុណ ចំពោះលោក លោកស្រីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលបានអញ្ជើញចូលរួមក្នុងសន្និសទីដ៏មានសារៈសំខាន់នេះ។
ក្នុងឱកាសនោះផងដែរ លោកអគ្គនាយក បានលើកអំពីគោលបំណងនៃការរៀបចំសន្និសីទនេះឡើង ដោយស្របតាមក្របខ័ណ្ឌគណនេយ្យករជំនាញ អាស៊ានក្រោមកិច្ចព្រមព្រៀង អញ្ញមញ្ញរបស់អាស៊ានលើសេវាគណនេយ្យ ដើម្បីលើកម្ពស់វិស័យគណនេយ្យ និងជំរុញការចល័តគណនេយ្យករជំនាញក្នុងតំបន់អាស៊ាន និង ផ្តល់ឱ្យកាសឱ្យអ្នកវិជ្ជាជីវៈ ផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធនឹងការវិវឌ្ឍវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម និងបង្ហាញពីស្មារតីកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងវិស័យគណនេយ្យ និងសវនកម្មរវាងប្រទេសក្នុងតំបន់អាស៊ាន។
ជាកិច្ចបន្ទាប់ លោក ទី តាយី បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ដែល បានអញ្ជើញចូលរួមសន្និសីទនេះ និងកោតសសើរ ព្រមវាយតម្លៃខ្ពស់ចំពោះលោក ប៊ូ ថារិន ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញគ្រប់ជាន់ថ្នាក់ នៃនិយ័តករ គណនេយ្យនិងសវនកម្ម និងវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា ដែលបានខិតខំប្រឹងប្រែង អនុវត្តតួនាទី និងការងាររៀបចំសន្និសទីគណនេយ្យករជំនាញអាស៊ាន កម្រិតតំបន់ នេះប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់។
លោករដ្ឋលេខាធិការ ក៏បានលើកអំពីសារៈសំខាន់នៃសន្និសីទគណនេយ្យករ ជំនាញអាស៊ាន លើកទី៤ នេះ មានដូចជា ការចែករំលែកបទពិសោធន៍ និងចំណេះដឹងថ្មីៗជូននិយ័តករ អ្នកបង្កើតគោលនយោបាយ វិទ្យាស្ថានវិជ្ជាជីវៈ គណនេយ្យករជំនាញ និងអ្នកជំនាញពីបណ្តាប្រទេសក្នុង តំបន់អាស៊ាន ផងដែរ។ សន្និសីទនេះ មានប្រធានបទសំខាន់រួមមាន៖
១៖ បញ្ហាប្រឈម និងឱកាស នៃការរាយការណ៍ព័ត៌មានចីរភាពក្នុងសេដ្ឋកិច្ចអាស៊ានដែលកំពុងអភិវឌ្ឍ
២៖ តួនាទីជាយុទ្ធសាស្ត្រនៃគណនេយ្យករជំនាញក្នុងការលើកកម្ពស់ការរាយការណ៍អំពីចីរភាពដែល អាចជឿទុកចិត្តបាន
៣៖ មាគ៌ាឆ្ពោះទៅជាគណនេយ្យករជំនាញអាស៊ាន (ASEAN CPA)៖ ការពង្រីកឱកាសក្នុងតំបន់ និង ដំណើរការនៃការក្លាយជាគណនេយ្យករជំនាញបរទេស (RFPA) នៅកម្ពុជា
៤៖ ការលើកកម្ពស់គុណភាពការអះអាងនៅក្នុងតំបន់អាស៊ាន៖ ការពង្រឹងស្តង់ដាអនុលោមភាព និង កំណើនប្រកបដោយចីរភាព
៥៖ កិច្ចពីភាក្សា ដើម្បីចែករំលែកបទពិសោធន៍ និងការអនុវត្ត គណនេយ្យករជំនាញអាស៊ាន (ASEAN CPA) និង គណនេយ្យករជំនាញបរទេស (RFPAS) ក្នុងបរិបទប្រទេសរៀងៗខ្លួនក្នុងក្របខណ្ឌ ប្រទេសជាសមាជិកអាស៊ានចំនួន៤ប្រទេស រួមមានប្រទេសកម្ពុជា, ប្រទេសមីយ៉ាន់ម៉ា, ប្រទេសឡាវ និងប្រទេសហ្វីលីពីន។
ជាកិច្ចបញ្ចប់ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សានៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករ កម្ពុជា (វ.គ.ស.ក.) បានថ្លែងសុន្ទរកថា បូកសរុបលទ្ធនៃសន្និសីទ និងថ្លែងអំណរគុណចំពោះ លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងការចូលយ៉ាងសកម្មក្នុងសន្និសីទនេះ ប្រកបដោយ ផ្លែផ្កា ការបង្កើនចំណេះដឹង អំពីនិន្នាការបច្ចុប្បន្ន ដែលកំពុងវិវត្តនៃវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម៕