Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិភាគអន្តរជាតិ៖ តើអ៉ីស្រាអែល ចង់បានអ្វីនៅស៊ីរី?

18-07-2025 22:06

(បែរឡាំង)៖ ជាច្រើនសប្ដាហ៍មកហើយ អ៉ីស្រាអែល និងស៊ីរី បានចរចាគ្នាជាសម្ងាត់ស្វែងរកដំណោះស្រាយតាមផ្លូវការទូត ដើម្បីបិទបញ្ចប់ភាពតានតឹងនឹងគ្នារាប់ទសវត្សរ៍មកនេះ ជាពិសេស ពាក់ព័ន្ធនឹងជម្លោះទឹកដីដែលអ៉ីស្រាអែលដណ្ដើមយកពីស៊ីរី អំឡុងសង្រ្គាមអារ៉ាប់ និងអ៉ីស្រាអែលឆ្នាំ១៩៦៧។ ប្រព័ន្ធផ្សព្វផ្សាយអ៉ីស្រាអែលបានព្យាករដោយសុទិដ្ឋិនិយមពីលទ្ធភាពនៃ ការសម្រេចបានកិច្ចព្រមព្រៀងមិនឈ្លានពានគ្នា ឬក៏អាចឈានដល់កិច្ចព្រមព្រៀងសន្តិភាពរវាងអ៉ីស្រាអែល និងរដ្ឋាភិបាលស៊ីរីថ្មី។

ក៏ប៉ុន្តែការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលក្នុងសប្ដាហ៍នេះលើកងកម្លាំងរដ្ឋាភិបាលស៊ីរី និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះរួមមានទាំងអគារក្រសួងការពារជាតិស៊ីរី ក្នុងរដ្ឋធានីដាម៉ាស បានធ្វើឱ្យការរំពឹងទុកបែបនេះកាន់តែមានភាពស្រពេចស្រពិល។ ដូច្នេះថាតើអ្វីទៅជាគោលដៅរបស់អ៉ីស្រាអែលនៅស៊ីរី?

* សម្រាប់អ៉ីស្រាអែល មធ្យោបាយដោះស្រាយបញ្ហា គឺចុងកាណុងកាំភ្លើង
ជាផ្លូវការ តាមពិតទៅ ស៊ីរី និងអ៉ីស្រាអែលស្ថិតក្នុងស្ថានភាពសង្រ្គាមចាប់តាំងពីសង្រ្គាមឆ្នាំ១៩៦៧មកម្ល៉េះ។ ក្នុងឆ្នាំនោះឯង កងទ័ពអ៉ីស្រាអែលបានចូលកាន់កាប់តំបន់ Golan Heights របស់ ស៊ីរី ជាតំបន់យុទ្ធសាស្ត្រមួយស្ថិតនៅព្រំដែនរវាងប្រទេសទាំង២ ហើយបានដាក់តំបន់ជានេះឧបសម្ព័ន្ធនៃទឹកដីរបស់ខ្លួនក្នុងឆ្នាំ១៩៨១។ ប៉ុន្តែសហគមន៍អន្តរជាតិបានចាត់ទុក Golan Heights ជាផ្នែកមួយនៃទឹកដីស៊ីរី នៅក្រោមការកាន់កាប់ដោយយោធាអ៉ីស្រាអែល។ សហរដ្ឋអាមេរិក និងអ៉ីស្រាអែលបានទទួលស្គាល់ Golan Heights ជាទឹកដីរបស់អ៉ីស្រាអែល។ នៅបន្ទាប់ពីរដ្ឋាភិបាល អតីតប្រធានាធិបតីស៊ីរី លោក Assad ដួលរលំកាលពីខែធ្នូ ឆ្នាំ២០២៤ កងទ័ពអ៉ីស្រាអែលបានពង្រីកវត្តមានហួសពីតំបន់គ្មានយោធាមួយនៅតាមបណ្ដោយព្រំដែនអ៉ីស្រាអែល-ស៊ីរី ដែលត្រូវបាន តាមដានដោយអង្គការសហប្រជាជាតិតាំងពីមានបទឈប់បាញ់មួយនៅឆ្នាំ១៩៧៤រវាងប្រទេសទាំង២។ «អ៉ីស្រាអែលកំពុងព្យាយាមបង្កើតតំបន់ទ្រនាប់ក្រៅផ្លូវការមួយនៅភាគខាងត្បូងស៊ីរី»។ នេះជាការលើកឡើងរបស់លោក Ryan Bohl ជាអ្នកវិភាគពីមជ្ឈិមបូព៌ា និងអាហ្រ្វិក មកពីក្រុមហ៊ុនជំនាញខាងភូមិសាស្ត្រនយោបាយ Rane Network មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

កាលពីខែមីនាកន្លងទៅ លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Netanyahu បាននិយាយថាភាគខាងត្បូងស៊ីរីត្រូវតែក្លាយជាតំបន់គ្មានយោធា។ លោក Yossi Mekelberg ជាសាស្ត្រចារ្យម្នាក់ជំនាញ ខាងទំនាក់ទំនងអន្តរជាតិ មកពីសាកលវិទ្យាល័យ Regent’s University ក្នុងទីក្រុងឡុងដ៍ បាននិយាយថា «ការវាយប្រហារតាមផ្លូវអាកាសថ្មីៗនេះជាសារមួយបញ្ជូនទៅកាន់រដ្ឋាភិបាលក្នុង រដ្ឋធានីដាម៉ាសថាអ៉ីស្រាអែលកំពុងតាមឃ្លាំមើលផលប្រយោជន៍របស់ខ្លួន និងបារម្ភពីអ្វីដែលកំពុងកើតឡើងនៅស៊ីរី»។ លោកបន្ថែមថាបញ្ហាមួយក្នុងចំណោមបញ្ហាទាក់ទិននឹងរដ្ឋាភិបាល អ៉ីស្រាអែលសព្វថ្ងៃ គឺមធ្យោបាយដោះស្រាយបញ្ហាតែមួយគត់ នោះគឺចុងកាណុងកាំភ្លើង។

* បង្វែរការចាប់អារម្មណ៍?
លោក Mekelberg បាននិយាយថា «វាមានសម្ពាធឱ្យអ៉ីស្រាអែលត្រូវតែការពារសហគមន៍ជនជាតិ Druze (នៅស៊ីរី) ដែលជាសម្ព័ន្ធមិត្តយូរអង្វែងរបស់អ៉ីស្រាអែល»។ នៅអ៉ីស្រាអែល មានជនជាតិ Druze ប្រហែលជា ១៥០ ០០០នាក់ ហើយបុរសជាជនជាតិ Druze តែងតែចូលបម្រើការក្នុងយោធាអ៉ីស្រាអែល។ នៅស៊ីរី ជនជាតិ Druze មានប្រហែល ៧០០ ០០០នាក់ ដែលជាសហគមន៍ជនជាតិភាគតិចធំជាងគេនៅស៊ីរី។ ក៏ប៉ុន្តែការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើស៊ីរី ក្នុងសប្ដាហ៍នេះកើតឡើងចំពេលមានព្រឹត្តិការណ៍សំខាន់ៗកើតឡើងនៅ អ៉ីស្រាអែល។ កាលពីថ្ងៃពុធ ទី១៦ ខែកក្កដា លោក Netanyahu ត្រូវបង្ហាញខ្លួនក្នុងសវនាការតុលាការលើសំណុំរឿងពុករលួយរបស់លោក ស្របពេលរដ្ឋាភិបាលចម្រុះរបស់លោកកំពុងប្រឈម នឹងការដួលរលំ បន្ទាប់ពីគណបក្សចំនួន២ បានដកខ្លួនចេញពីកាលពីដើមខែកក្កដានេះ។ ការចាកចេញពីរបស់គណបក្សទាំង២នេះកំពុងជំរុញឱ្យមានការសន្និដ្ឋានថាអាចនឹងមានការរៀបចំ ការបោះឆ្នោតនៅដើមឆ្នាំ២០២៦។ ក្រៅពីនេះ លោក Netanyahu ក៏កំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងពីសហរដ្ឋអាមេរិក និងអឺរ៉ុបឱ្យបិទបញ្ចប់សង្រ្គាមនៅហ្កាហ្សា ព្រមទាំងសម្ពាធក្នុង ស្រុកជុំវិញជោគវាសនាចំណាប់ខ្មាំង និងសម្ពាធពីអន្តរជាតិលើស្ថានភាពមនុស្សធម៌ក្នុងតំបន់ហ្កាហ្សាផងដែរ។

តាមលោក Mekelberg លោក Netanyahu ប្រហែលជាចង់ប្រើប្រាស់ការធ្វើអន្តរាគមន៍យោធានៅស៊ីរី ដើម្បីបង្វែរការចាប់អារម្មណ៍ពីសំណុំរឿងពុករលួយ វិបត្តិក្នុងក្រុមចម្រុះរបស់លោក ហើយ ជាពិសេសនៅពេលចង់រារាំងការបោះឆ្នោតមុនអាណត្តិ លោកតែងតែប្រើមធ្យោបាយបង្វែរការចាប់អារម្មណ៍។ នៅសប្ដាហ៍ក្រោយ សភាអ៉ីស្រាអែលនឹងត្រូវឈប់សម្រាកវិស្សមកាលរដូវក្ដៅ ដែលនេះមានន័យថានយោបាយក្នុងស្រុកនឹងត្រូវផ្អាករហូតដល់ខែតុលា។

* អ៉ីស្រាអែលចង់ឱ្យស៊ីរីខ្សោយ
លោក Ryan Bohl បាននិយាយថាគោលដៅមួយផ្សេងទៀតរបស់អ៉ីស្រាអែល នោះគឺចង់ឱ្យស៊ីរីទន់ខ្សោយ ឬក្លាយជារដ្ឋបែកបាក់មួយដែលមិនមានសមត្ថភាពបង្កការគំរាមកំហែងដល់អ៉ីស្រាអែល។ ការវាយប្រហាររបស់អ៉ីស្រាអែលលើស៊ីរី កើតមានឡើងក្រោយរដ្ឋាភិបាលស៊ីរីបានបញ្ជូនកងកម្លាំងទៅកាន់ទីក្រុង Sweida នៃភាគខាងត្បូងស៊ីរី ដើម្បីទប់ស្កាត់ការវាយប្រយុទ្ធគ្នារវាងកុលសម្ព័ន្ធ Bedouin និង Druze។ លោក Netanyahu បានអះអាងថាការធ្វើអន្តរាគមន៍យោធារបស់អ៉ីស្រាអែល គឺដើម្បីការពារជនជាតិ Druze។ ប៉ុន្តែ ក្រុមអ្នកជំនាញយល់ថានេះគ្រាន់តែជាលេស បន្ទាប់បន្សំប៉ុណ្ណោះ ហើយហេតុផលចម្បងមួយ នោះគឺអ៉ីស្រាអែលមើលឃើញថាការដាក់ពង្រាយកងកម្លាំងស៊ីរីទៅកាន់ភាគខាងត្បូងស៊ីរី ជាការគំរាមកំហែងមួយ ខណៈអ៉ីស្រាអែលកំពុងព្យាយាម ទប់ស្កាត់វត្តមានកងកម្លាំងអរិភាពនៅទីនោះ។ ពោលដោយបារម្ភពីរដ្ឋាភិបាលស៊ីរីថ្មី អ៉ីស្រាអែលដែលកាន់កាប់ភាគខាងត្បូងស៊ីរី ចាប់តាំងពីខែធ្នូមក កំពុងរារាំងកុំឱ្យកងកម្លាំងស៊ីរីមានវត្តមាន នៅក្បែរព្រំដែនអ៉ីស្រាអែល។

គួរបញ្ជាក់ថា អំពើហិង្សានៅក្នុងទីក្រុង Sweida រវាងកុលសម្ព័ន្ធ Bedouin និង Druze បានបណ្ដាលឱ្យមនុស្សយ៉ាងហោច ៣៦០នាក់ស្លាប់។ ជម្លោះនេះបានបិទបញ្ចប់ជាមួយបទឈប់បាញ់មួយ និងការប្រកាសដោយរដ្ឋាភិបាលស៊ីរីអំពីការដកកងទ័ពចេញពីទីក្រុងមួយនេះដែលជាមូលដ្ឋានរបស់ជនជាតិ Druze។ ប៉ុន្តែមានសេចក្ដីរាយការណ៍ថារដ្ឋាភិបាលស៊ីរីកំពុងត្រៀមលក្ខណៈ ដាក់ពង្រាយកងកម្លាំងទៅកាន់ទីក្រុងនេះសាជាថ្មី៕