Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រកាសដាក់ឱ្យប្រើប្រាស់ហត្ថលេខាអេឡិចត្រូនិក និងត្រាអេឡិចត្រូនិក លើឯកសារទម្រង់ឌីជីថលចេញពីប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា

18-07-2025 22:07

(ភ្នំពេញ)៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យប្រើប្រាស់ហត្ថលេខាអេឡិចត្រូនិក (e-Signature) និងត្រាអេឡិចត្រូនិក (e-Stamp) លើឯកសារទម្រង់ឌីជីថលចេញពីប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM)។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានឱ្យដឹងទៀតថា ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រមាណជាងមួយឆមាសកន្លងទៅ សម្រាប់ការផ្តល់សេវាចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) និងទទួលបានលទ្ធផលជោគជ័យ ជាទីកត់សម្គាល់។

ការដាក់ចេញនូវយន្តការបច្ចេកវិទ្យាឌីជីថលនេះ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីចូលរួមជំរុញការធ្វើបរិវត្តកម្មឌីជីថល កសាងម៉ូដែលថ្មីនៃកំណើន សំដៅពន្លឿននីតិវិធី កាត់បន្ថយពេលវេលាផ្តល់សេវាសាធារណៈ និងបង្កើនទំនុកចិត្តជូនវិនិយោគិនដែលមានបំណងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

ឯកសារទម្រង់ឌីជីថលចេញពីប្រព័ន្ធ cdeIPM ត្រូវបានកំណត់ឱ្យប្រើប្រាស់ហត្ថលេខាអេឡិចត្រូនិក (e-Signature) និងត្រាអេឡិចត្រូនិក (e-Stamp) ដោយមានភ្ជាប់ ឃ្យូ.អ.កូដ (QR Code) ទៅដែនជាតិ .gov.kh ដើម្បីផ្ទៀងផ្ទាត់។ រាល់ឯកសារទម្រង់ឌីជីថល ដែលមានកាលបរិច្ឆេទចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ អាចត្រូវបានទាញយកពីប្រព័ន្ធ cdcIPM ទៅប្រើប្រាស់ និងមានតម្លៃជាឯកសារច្បាប់ដើម ដោយអនុលោមទៅតាមច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

ក្នុងន័យនេះអ្នកដាក់ពាក្យស្នើសុំ ឬវិនិយោគិនដែលអនុវត្តគម្រោងវិនិយោគ មិនតម្រូវឱ្យផ្តល់ឯកសារនានាដែលមានស្រាប់នៅក្នុង ឃ្យូ.អ.កូដ នៃឯកសារទម្រង់ឌីជីថលខាងលើ ទៅក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត មន្ទីរ និងអង្គភាពដែលពាក់ព័ន្ធនឹងការចុះបញ្ជីពាក់ព័ន្ធ និងការពិនិត្យអនុលោមភាពនៃការអនុវត្តគម្រោងវិនិយោគសោះឡើយ៕