កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង បង្ក្រាបជនជាតិចិន៩នាក់ ជាបណ្ដាញក្រុមឆបោកតាមអនឡាញ
18-07-2025 21:31
(ស្ទឹងត្រែង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើការឃាត់ខ្លួនបុរសជនជាតិចិន៩នាក់ ដោយសង្ស័យថាជាក្រុមឧក្រិដ្ឋជនដែលជាប់ពាក់ព័ន្ធ នឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ នៅគោលដៅប្រចាំការត្រួតពិនិត្យ ត្រង់ចំណុចគល់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គស្ទឹងត្រែង នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
នៅក្នុងប្រតិបត្តិការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលប្រចាំការត្រួតពិនិត្យគោលដៅនោះ បានឃាត់រថយន្ត១គ្រឿង និងបុរសជនជាតិចិន៩នាក់ និងបានដកហូតទូរស័ព្ទដៃ១០គ្រឿង រួមទាំងសម្ភារៈមួយចំនួនទៀត ដើម្បីរក្សាទុកជាវត្ថុតាង។
មុនឈានដល់ការឃាត់ជនជាតិចិនទាំង៩នាក់នោះ កម្លាំងសមត្ថកិច្ចបានដាក់ការសង្ស័យថា ក្រុមជនជាតិចិននោះ មានការពាក់ព័ន្ធនឹងការលបលួចធ្វើសកម្មភាពឆបោកតាមអនឡាញ ដោយពួកគេមានគោលបំណង ធ្វើដំណើរពីចំណុចទឹកធ្លាក់ព្រះនិម្មិត ស្ថិតក្នុងភូមិកំពង់សាមី ឃុំកំពុងស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ ដើម្បីបន្តឆ្ពោះទៅកាន់ខេត្តព្រះសីហនុ។
ក្រោយការបង្ក្រាប ជនសង្ស័យជនជាតិចិនទាំង៩នាក់ រួមទាំងវត្ថុតាងទាំងអស់ត្រូវបានប្រគល់ឲ្យនគរបាលផ្នែកអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីបន្តអនុវត្តនីតិវិធីតាមច្បាប់ជាធរមាន។ ចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុត៕