Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានគណៈបញ្ជាការឯកភាពខេត្តបាត់ដំបង បញ្ជាឲ្យអាទិភាពការងារបង្ក្រាប បទល្មើសឆបោកតាមអនឡាញ ពិសេសអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល

18-07-2025 21:33

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារចាំបាច់មួយចំនួនរបស់រដ្ឋបាលខេត្តបាត់ដំបង ដែលមានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរអង្គភាពនានា កងកម្លាំងទាំង៣ប្រភេទ លោកអភិបាលក្រុង ស្រុកទាំង១៤ និងអ្នកពាក់ព័ន្ធផ្សេងទៀត។

ដោយបានអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរួមគ្នាក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់តាមអនឡាញគ្រប់ប្រភេទ ឲ្យអស់ពីមូលដ្ឋាន និងទប់ស្កាត់មិនឲ្យត្រឡប់មកវិញបានជាដាច់ខាត។

លោក សុខ លូ បានណែនាំក្នុងកិច្ចការនេះថា គឺជាកិច្ចការអាទិភាព ជាការងារចាំបាច់បំផុតសម្រាប់អាជ្ញាធរ ក៏ដូចជាកងកម្លាំង មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការដោះស្រាយបញ្ហានេះឲ្យមានប្រសិទ្ធភាពខ្ពស់។

លោកអភិបាលខេត្ត បានក្រើនរំលឹកថា គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ត្រូវបង្កើនកិច្ចសហការគ្នាដើម្បីទប់ស្កាត់បញ្ហាខាងលើនេះ ឲ្យទទួលបានជោគជ័យ ស្របទៅតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការអនុវត្តប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្តីណែនាំនានា ដែលរាជរដ្ឋាភិបាលបានដាក់ចុះឲ្យអនុវត្ត ត្រូវធ្វើការតាមដានត្រួតពិនិត្យ ជាប្រចាំទៅលើទីតាំងដែលសង្ស័យ និងត្រូវមានរបាយការណ៍ ករណីចាំបាច់ត្រូវសុំគោលការណ៍ពីថ្នាក់លើដើម្បីមានវិធានការឲ្យទាន់សភាពការណ៍។

លោក សុខ លូ បានបញ្ជាក់ថា ការងារនេះជាការងារអាទិភាព ត្រូវតែអនុវត្តឲ្យបានម៉ឺងម៉ាត់ជាទីបំផុត ដោយមិនអនុញ្ញាតឲ្យមានបទល្មើសគ្រប់ប្រភេទ ជាពិសេស គឺបទល្មើសបច្ចេកវិទ្យាអនឡាញស្គេម (Online Scams) កើតមាននៅក្នុងមូលដ្ឋានរបស់យើងជាដាច់ខាត នេះគឺជាបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ប្រសិនបើសមត្ថកិច្ច អាជ្ញាធរ អង្គភាពពាក់ព័ន្ធ ឬក្រុមហ៊ុន សហគ្រាសណាមិនសហការ គឺថ្នាក់ដឹកនាំនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ដោយមិនមានការលើកលែងនោះឡើយ៕