អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធរបស់ការិយាល័យគយ និងរដ្ឋាករកំពង់ក្រសាំង ខេត្តតាកែវ ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ
18-07-2025 21:26
(តាកែវ)៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានារបស់ការិយាល័យគយ និងរដ្ឋាករកំពង់ក្រសាំង ស្ថិតនៅក្នុងភូមិកំពង់ក្រសាំង ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ។
អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានារបស់ការិយាល័យគយ និងរដ្ឋាករកំពង់ក្រសាំងនេះ ត្រូវបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ក្នុងនោះមាន អគាររដ្ឋបាល ទំហំ២០ម៉ែត្រ គុណ១២ម៉ែត្រ កម្ពស់១ជាន់, អគារស្នាក់នៅ និងអាហារដ្ឋានសម្រាប់មន្ដ្រីគយ និងរដ្ឋាករ ទំហំ ១៨ម៉ែត្រ គុណ៦.៤ម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធនានា មានជាអាទិ៍ ប៉ុស្ដិ៍សន្ដិសុខ ទំហំ ៣.៥ម៉ែត្រ គុណ៣.៥ម៉ែត្រ, ដងទង់ជាតិកម្ពស់ ៧.៦ម៉ែត្រ, បង្គោលភ្លើងនិងអំពូលសូឡា, ផ្លូវបេតុង, បណ្ដាញទឹកស្អាត, បណ្ដាញអគ្គិសនី, ប្រព័ន្ធលូ, របងកម្ពស់ ២,៥ម៉ែត្រ ព្រមទាំងមានលម្អដោយសួនច្បារ។
សមិទ្ធផលនេះ បង្ហាញឲ្យឃើញពីការគិតគូរខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការបន្ដអភិវឌ្ឍន៍សមត្ថភាពស្ថាប័ន តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ និងបំពាក់មធ្យោបាយបំពេញការងារឲ្យបានសមស្រប ដើម្បីពង្រឹងសមត្ថភាពស្ថាប័ន ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តការងារ និងការផ្ដល់សេវាសាធារណៈឲ្យបានកាន់តែល្អប្រសើរ និងស្របតាមការអនុវត្តគោលដៅយុទ្ធសាស្ដ្រទី៦ «សមត្ថភាពស្ថាប័ន» នៃយុទ្ធសាស្ដ្រកែទម្រង់ និងទំនើបកម្មគយ ឆ្នាំ២០២៤-២០២៨។
លោកបណ្ឌិត គុណ ញឹម បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ដ្រីគយ និងរដ្ឋាករប្រចាំការនៅការិយាល័យគយ និងរដ្ឋាករកំពង់ក្រសាំងទាំងអស់ ត្រូវខិតខំអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសការងារគ្រប់គ្រង ត្រួតពិនិត្យ និងប្រមូលពន្ធ អាករ និងកម្រៃផ្សេងៗ លើទំនិញនាំចេញ នាំចូល ឬឆ្លងកាត់ ស្របតាមបទប្បញ្ញត្តិច្បាប់ស្ដីពីគយ ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត និងត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសោភ័ណភាពអគារ និងហេដ្ឋារចនាសម្ព័ន្ធនានាឲ្យបានល្អ ព្រមទាំងប្រើប្រាស់ធនធានទឹក ភ្លើងប្រកបដោយភាពសន្សំសំចៃ៕