Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក មែ ស៉ីថន ជំនួយការសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាំយកលិខិតរបស់សម្ដេច ជូនគ្រួសារសពនាយឧត្តមសេនីយ៍ សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ

18-07-2025 19:41

(ភ្នំពេញ)៖ លោក មែ ស៉ីថន ជំនួយការសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ បាននាំយកសាររំលែកទុក្ខរបស់សម្ដេចធិបតី នាយករដ្ឋមន្ដ្រី ជូនក្រុមគ្រួសារសពនាយឧត្តមសេនីយ៍ សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើលិខិតចូលរួមរំលែកទុក្ខជូនលោកស្រី ស្វាយ ណេង ចំពោះមរណភាពរបស់នាយឧត្តមសេនីយ៍ សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួលមរណភាពនៅថ្ងៃពុធ ៦រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ២០:០៥នាទីយប់ នៅរាជធានីភ្នំពេញ ក្នុងជន្មាយុ៧៣ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងការពារជាតិគ្រប់ជាន់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ និងសូមសម្តែងនូវសេចក្តីសង្វេគ ប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅបំផុត។

មរណភាពរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ភាព គឺជាការបាត់បង់ស្វាមី ដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះភរិយា និងជា ការបាត់បង់ឪពុក ឪពុកក្មេក ជីតា ប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនៗ ចៅៗ ហើយក៏ជាការបាត់បង់ នូវនាយទាហានដ៏អង់អាចក្លាហាន និងជាឥស្សរជន ដ៏ឆ្នើមនៃកងយោធពលខេមរភូមិន្ទ ដែលបានពុះពារ ធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ និងបានលើកស្ទួយដល់ កិត្យានុភាពជាតិលើឆាកអន្តរជាតិ ជារៀងរហូតមក។

ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក៏សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ភាព សូមឱ្យឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។ សូមលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ និងភរិយា៕