រាជរដ្ឋាភិបាល លើកលែងពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាពអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទ, តែអំពាវនាវឲ្យម្ចាស់អាជីវកម្មមកបន្ដសុពលភាព
18-07-2025 19:11
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការលើកលែងពិន័យ អន្តរការណ៍ជាប្រាក់ចំពោះ ការហួសសុពលភាពអាជ្ញាបណ្ណ ទេសចរណ៍គ្រប់ប្រភេទ (លើកលែងអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍)។
ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ដើម្បីជាយន្តការ លើកទឹកចិត្តដល់អាជីវកម្មទេសចរណ៍ទាំងអស់ ក្នុងរដូវកាលបៃតង និងចូលរួមកាត់បន្ថយ បន្ទុកអនុលោមភាពអាជីវកម្មទេសចរណ៍ និងយោងគោលការណ៍ឯកភាព របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាល សម្រេចលើកលែង ពិន័យអន្តរការណ៍ ជាប្រាក់ចំពោះការហួសសុពលភាព អាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទ (លើកលែងអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍) ដោយអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។
អាជីវកម្មទេសចរណ៍គ្រប់ប្រភេទ ដែលមានអាជ្ញាបណ្ណទេសចរណ៍ ហួសសុពលភាព តរូវរួសរាន់ មកដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណទេសចរណ៍ នៅក្រសួងទេសចរណ៍ ឬមន្ទីរទេសចរណ៍រាជធានី-ខេត្ត។ ចំពោះព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរសព្ទលេខ ១២២១ រៀងរាល់ម៉ោងធ្វើការ៕