រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តម្ចាស់ជ័យលាភីប្រកួតរ៉ូប៉ូត ឆ្នាំ២០២៥ និងជាតំណាងកម្ពុជា មុនចេញទៅប្រកួតក្នុងព្រឹត្ដិការណ៍អន្តរជាតិ (ABU Robocon 2025) នៅប្រទេសម៉ុងហ្គោលី
18-07-2025 18:20
(ភ្នំពេញ)៖ នៅក្នុងជំនួបជាមួយម្ចាស់ជ័យលាភីលេខ១ នៃការប្រកួតរ៉ូប៉ូតថ្នាក់ជាតិ លើកទី១២ ឆ្នាំ២០២៥ របស់និស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ, លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់ម្ចាស់ជ័យលាភី តំណាងកម្ពុជា មុនចេញទៅប្រកួតប្រជែងនៅក្នុងព្រឹត្ដិការណ៍អន្តរជាតិ (ABU Robocon 2025) នៅប្រទេសម៉ុងហ្គោលី នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។
ជាមួយគ្នានេះដែរ ក្រុមហ៊ុនជីពម៉ុងគ្រុប ដែលជាក្រុមហ៊ុនយក្សមួយនៅកម្ពុជា បានចូលរួមឧបត្ថម្ភថវិកាដល់ក្រុមរ៉ូប៉ូតតំណាងឱ្យប្រទេសកម្ពុជា នូវថវិកាដែលខ្វះខាតមួយចំនួន ដើម្បីសម្រួលដល់ការធ្វើដំណើរ និងហូបចុកនៃព្រឹត្តិការណ៍អន្តរជាតិ (ABU Robocon 2025) នៅប្រទេសម៉ុងហ្គោលី ផងដែរ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងទស្សនៈវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងជំរុញពន្លឿនការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល សម្រាប់ជាឃ្នាស់លើកស្ទួយវិស័យពាក់ព័ន្ធនានា ជាពិសេសវិស័យឧស្សហកម្មនៅកម្ពុជា ដូចមានគូសបញ្ជាក់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។
ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រី បានក្រើនរម្លឹកបន្ថែមដល់និស្សិតកម្ពុជា ដែលចេញទៅប្រកួតក្នុងព្រឹត្ដិការណ៍អន្តរជាតិ (ABU Robocon 2025) នៅប្រទេសម៉ុងហ្គោលី ត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌ ដើម្បីលើកស្ទួយកិត្តិយស មុខមាត់របស់ព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ។ ពីព្រោះយើងដែលចេញទៅចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិ គឺបានកាន់នូវទង់ជាតិកម្ពុជា បករវិច បង្អួត និងឱ្យជនជាតិបរទេសដែលមកចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិ បានស្គាល់ច្បាស់ពីជាតិសាសន៍កម្ពុជា ប្រកបដោយភាពទន់ភ្លន់ និងពោលពេញដោយសមត្ថភាព ចេញមកប្រកួតប្រជែងជាមួយជាតិសាសន៍ដទៃទៀតបាន។
គួរឱ្យដឹងថា ព្រឹត្តិការណ៍ប្រកួតរ៉ូប៉ូត នៅឆ្នាំ២០២៥ មានសិស្ស និសិស្ស ៨ក្រុម មកពី ៥គ្រឹះស្ថានសិក្សា ដែលរួមមាន៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC), វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI), វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI), វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) (ITC) និងសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ដើម្បីស្វែងរកជើងឯកតំណាងកម្ពុជា ទៅប្រកួតប្រជែងនៅក្នុងព្រឹត្ដិការណ៍អន្តរជាតិ (ABU Robocon 2025) នៅប្រទេសម៉ុងហ្គោលី ឆ្នាំ២០២៥ ខាងមុខនេះ ដែលអាចឱ្យក្មួយៗមានឱកាសចែករំលែកបទពិសោធន៍រវាងយុវជន និងយុវជនពីប្រទេសមួយទៅប្រទេសមួយ ហើយក៏ជាកម្មវិធីមួយដែលបានបំផុស និងលើកទឹកចិត្តដល់យុវជនឱ្យងាកមកសិក្សាផ្នែកបច្ចេកវិទ្យាផងដែរ៕