Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចបវរធិបតី​ ហ៊ុន​ ម៉ាណែត៖​ ការចុះបញ្ជីទីតាំងទាំងបីនៃ «បូជនីយដ្ឋានចងចាំ នៃកម្ពុជា» គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន (Video inside)

18-07-2025 17:30

សម្តេចបវរធិបតី​ ហ៊ុន​ ម៉ាណែត៖​ ការចុះបញ្ជីទីតាំងទាំងបីនៃ «បូជនីយដ្ឋានចងចាំ នៃកម្ពុជា» គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន (Video inside) ​​​សម្តេចបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា ​បានគូសរំលេចថា ការចុះបញ្ជីទីតាំងទាំងបីនៃ «បូជនីយដ្ឋានចងចាំនៃកម្ពុជា» ដែលរួមមាន អតីតមន្ទីរឃុំឃាំង ម-១៣, សារមន្ទីរឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍ទួលស្លែង ស-២១ និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន​។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ​​ ក្នុងឱកាសសម្តេច​ និងលោកជំទាវណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញអបអរសាទរ «​បូជនីយដ្ឋាន​ចងចាំ នៃ​កម្ពុជា៖ ពី​ទីតាំង​ឧក្រិដ្ឋកម្ម មក​ជា​មណ្ឌល​​​ផ្សះផ្សា និង​សន្តិភាព​» ត្រូវបានចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ រៀបចំធ្វើនៅពហុកីឡដ្ឋានជាតិអូឡាំពិក នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។

សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា​ «ជោគជ័យនៃការចុះបញ្ជីទីតាំងទាំងបីនៃ «បូជនីយដ្ឋានចងចាំនៃកម្ពុជា» ដែលរួមមាន៖​ អតីតមន្ទីរឃុំឃាំង ម-១៣, សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ស-២១ និងមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ជើងឯក គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី,​ បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយបានធ្វើការណែនាំកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩, ឱ្យក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងស្ថាប័នពាក់ព័ន្ធ សិក្សាបញ្ចូលទីតាំង សារមន្ទីរទួលស្លែង ស-២១ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ដើម្បីទុកជាកេរមរតកប្រវត្តិសាស្ត្រនៃការចងចាំ សម្រាប់កូនចៅជំនាន់ក្រោយ»

សម្តេចបានបន្តថា​ ​អនុសាសន៍ដ៏​ខ្ពង់ខ្ពស់នេះ,​ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ, អ្នកជំនាញជាតិ-អន្តរជាតិ និង អង្គការយូណេស្កូ ដើម្បីសិក្សា ស្រាវជ្រាវ និង ចងក្រងឯកសារបច្ចេកទេស ទៅតាមនីតិវិធីនៃក្រមប្រតិបត្តិរបស់អនុសញ្ញាឆ្នាំ១៩៧២ ហើយសម្រេចបានលទ្ធផលដ៏ត្រចះត្រចង់ជាមួយនឹងការវាយតម្លៃខ្ពស់ពីស្ថាប័នជំនាញ អន្តរជាតិ ICOMOS និង ICCROM, គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដោយទទួលស្គាល់នូវតម្លៃលេចធ្លោជាសកលនៃ «បូជនីយដ្ឋានចងចាំនៃកម្ពុជា: ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា ​និង សន្តិភាព» ហើយធ្វើការ​ចុះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅទីក្រុងប៉ារីសនាពេលថ្មីៗនេះ។

ឆ្លៀតក្នុងឱកាសដ៏បវរមហាប្រសើរនេះ​​​ សម្តេចមហាបវរធិបតី​​ បានសូមបរមរាជានុញ្ញាត សម្តែងនូវអំណរព្រះគុណដ៏ជ្រាលជ្រៅវិសេសបំផុត ថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និង សុភមង្គល ដែលព្រះអង្គទាំងទ្វេ ទ្រង់តែងតែប្រោសព្រះរាជទាននូវការគាំទ្រយ៉ាងពេញ ទំហឹងជានិច្ច ចំពោះគ្រប់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីបុព្វហេតុជាតិ និង មាតុភូមិកម្ពុជា។

សូមជម្រាបថា​ ការចុះបញ្ជីបូជនីយដ្ឋាន ចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង សន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បានធ្វើឡើងនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង វេលាម៉ោង ៥:៣៥នាទីរសៀល និងវេលាម៉ោង ១០:៣៥នាទីយប់ នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥ ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា។

ការចុះបញ្ជីបូជនីយដ្ឋាន ចងចាំនៃកម្ពុជា មានគោលបំណងការពារបូជនីយដ្ឋានចងចាំនៃកម្ពុជា និងគាំទ្រដល់ដំណើរការរៀបចំដាក់ទីតាំងចំនួនបី ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រួមមាន អតីតមន្ទីរឃុំឃាំង១៣ (ខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ)៕