Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ព្រឹត្តិការណ៍អប​អរ​សាទរ​ «បូជនីយដ្ឋាន​ចងចាំនៃ​កម្ពុជា៖ ពី​ទីតាំង​ឧក្រិដ្ឋកម្ម មក​ជា​មណ្ឌល​​​ផ្សះផ្សា និង​សន្តិភាព​» ជាការគោរពរំឭកដល់ជនរងគ្រោះ នៃអតីតកាលដ៏ឈឺផ្សារបស់កម្ពុជា (Video inside)

18-07-2025 17:27

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ព្រឹត្តិការណ៍អប​អរ​សាទរ​ «បូជនីយដ្ឋាន​ចងចាំនៃ​កម្ពុជា៖ ពី​ទីតាំង​ឧក្រិដ្ឋកម្ម មក​ជា​មណ្ឌល​​​ផ្សះផ្សា និង​សន្តិភាព​» បានចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​ គឺជាការគោរពរំឭកដល់ជនរងគ្រោះទាំងឡាយនៃអតីតកាលដ៏ឈឺផ្សារបស់កម្ពុជា និងជាភស្តុតាងនៃការប្តូរផ្តាច់ការពារដ៏មុតមាំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះអនាគតយុវជនជំនាន់ក្រោយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត បានថ្លែងដូចនេះនាល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធី​អប​អរ​សាទរ​ «បូជនីយដ្ឋាន​ចងចាំ នៃ​កម្ពុជា៖ ពី​ទីតាំង​ឧក្រិដ្ឋកម្ម មក​ជា​មណ្ឌល​​​ផ្សះផ្សា និង​សន្តិភាព​» ត្រូវបានចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ ដែលពិធី ​អបអរសាទរនេះបានរៀបចំឡើងយ៉ាងមហោឡារិក នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

នាឱកាសនោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាពេលនេះ មានតម្លៃយ៉ាង ជ្រាលជ្រៅក្នុងជម្រៅចិត្តរបស់ប្រជាជនខ្មែរគ្រប់ៗរូប និងមានសារ:សំខាន់បំផុតក្នុងសា្មរតីចងចាំជាសកល មិនចំពោះតែប្រជាពលរដ្ឋកម្ពុជានោះឡើយ, ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូល។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ព្រឹត្តិការណ៍ថ្ងៃនេះ គឺជាការគោរពរំឭកដល់ជនរងគ្រោះទាំងឡាយ នៃអតីតកាលដ៏ឈឺផ្សារបស់កម្ពុជា, ប៉ុន្តែក៏ជាភស្តុតាងនៃការប្តូរផ្តាច់ការពារដ៏មុតមាំបំផុតរបស់ រាជរដ្ឋាភិបាលកម្ពុជា ចំពោះអនាគតយុវជនជំនាន់ក្រោយ, ទាំងពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីធានាជាអមតៈនូវស្មារតីចងចាំ, ការរៀនសូត្រមេរៀនប្រវត្តិសាស្ត្រ និងការថែរក្សាសន្តិភាព ដែលជារតនៈវត្ថុមិនអាចកាត់ថ្លៃ សម្រាប់ប្រជាជាតិ និងប្រជាជនយើង»

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ទៀតថា «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ដែលធ្លាប់ជាស្លាកស្នាមនៃក្តីឈឺចាប់ ភ័យខ្លាចរបស់ប្រជាជាតិកម្ពុជា បានប្រែក្លាយនាពេលនេះ ទៅជាលម្ហនៃភាពប្រសព្វមុខមួយនៃការសន្ទនា, ការយោគយល់, អត់ឱន, ផ្សះផ្សា និងសន្តិភាព។

សម្ដេចមហាបវរធិបតី បានបញ្ជាក់ដែរថា ព្រឹត្តិការណ៍ថ្ងៃនេះបានរំឭកដល់មនុស្សគ្រប់ៗរូបថា ថ្វីដ្បិតតែក្នុងខណៈណាមួយដែលខ្មៅងងឹតបំផុតក្នុងជីវិត ឬប្រវត្តិសាស្ត្ររបស់ខ្លួនក្តី ក៏មនុស្សជាតិរមែងអាចងើបឈរឡើងវិញបាន ផ្សះផ្សាការបែកបាក់ ការឈឺចាប់ហើយប្រឹងប្រែងកសាងសាជាថ្មី។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា កម្ពុជា គឺជាភស្តុតាងដ៏រស់រវើកមួយ ដែលមានតម្លៃជាសកល និងជាគំរូសម្រាប់មនុស្សជាតិ និងពិភពលោក ដោយក្នុងនោះសន្តិភាព គឺជាមូលដ្ឋាន និងជាកត្តាចំបង។ កម្ពុជាសង្ឃឹមជឿជាក់ថា «បូជនីយដ្ឋានចងចាំនៃកម្ពុជា» នឹងក្លាយជាផ្នែកមួយនៃការចងចាំពិភពលោក ហើយក៏ជាទីតាំងដែលមជ្ឈដ្ឋានអន្តរជាតិ ទូទាំងសកលលោក បានយល់កាន់តែច្បាស់ពីទុក្ខលំបាករបស់ប្រជាជនកម្ពុជា ក្នុងពេលអតីតកាល ព្រមទាំងភាពរឹងមាំរបស់ប្រជាជនកម្ពុជា ក្នុងការកសាងសន្តិភាពនិងការអភិវឌ្ឍ ក្រោមពាក្យស្លោក «អរគុណសន្តិភាព»