Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រសាសន៍សំខាន់ៗរប​ស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញអបអរសាទរ «​បូជនីយដ្ឋាន​ចងចាំ នៃ​កម្ពុជា៖ ពី​ទីតាំង​ឧក្រិដ្ឋកម្ម មក​ជា​មណ្ឌល​​​ផ្សះផ្សា និង​សន្តិភាព​» ដែលត្រូវបានចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ

18-07-2025 17:03

(ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ៨រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំពិធី​អប​អរ​សាទរ​ «បូជនីយដ្ឋាន​ចងចាំ នៃ​កម្ពុជា៖ ពី​ទីតាំង​ឧក្រិដ្ឋកម្ម មក​ជា​មណ្ឌល​​​ផ្សះផ្សា និង​សន្តិភាព​» ត្រូវបានចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ។ ពិធី​អបអ ​សាទរដែលនឹងរៀបចំឡើងយ៉ាងមហោឡារិកនៅពហុកីឡដ្ឋានជាតិអូឡាំពិក បានប្រព្រឹត្តទៅក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

សូមបញ្ជាក់ថា នៅ​ក្នុង​សម័យប្រជុំ​លើក​ទី៤៧ ថ្ងៃ​ទី១១ ខែ​កក្កដា ឆ្នាំ២០២៥ នាទី​ក្រុង​ប៉ារីស ប្រទេស​បារាំង គណៈកម្មាធិការបេតិកភណ្ឌ​ពិភពលោក បាន​ពិនិត្យ ពិភាក្សា និង​សម្រេច​ជា​ឯកច្ឆន្ទចុះ «​បូជនីយដ្ឋាន​ចងចាំ នៃ​កម្ពុជា៖ ពី​ទីតាំង​ឧក្រិដ្ឋកម្ម មក​ជា​មណ្ឌល​​​ផ្សះផ្សា និង​សន្តិភាព​» ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ តាមរយៈ​សេចក្ដី​សម្រេចលេខ 47 COM 8B.14។

«​បូជនីយដ្ឋាន​ចងចាំនៃ​កម្ពុជា​» រួមមានទីតាំង​ឧក្រិដ្ឋកម្ម​ក្នុងរបបប្រល័យពូជ​សាសន៍ ប៉ុល ពត ចំនួន៣រួមមាន៖ អតីត​មន្ទីរ​ឃុំឃាំងម​-១៣ (​ស្ថិតនៅ​ព្រំប្រទល់​ខេត្ត​កំពង់​ឆ្នាំង និង​ខេត្ត​កំពង់ស្ពឺ​) សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង (​ស​-២១) និងមជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក (​ស្ថិតនៅ​រាជធានី​ភ្នំពេញ​)។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖

* សម្ដេចមហាបវរធិ​បតី ហ៊ុន ម៉ាណែត មុនថ្លែងសុន្ទរកថា បានឲ្យអង្គពិធីទាំងមូលស្មឹងស្មាត់ គោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងមោទនភាព និងសេចក្តីរីករាយជាអនេក ដោយបានមកចូលរួម ក្នុងពិធីអបអរសាទរ ព្រឹត្តិការណ៍ចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ដែលជាព្រឹត្តិការណ៍ ដ៏មានសារៈសំខាន់ថ្មីមួយទៀត ក្នុងប្រវត្តិសាស្ត្រជាតិយើង

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្ដែងនូវការកោតសរសើរចំពោះ ក្រុមការងារនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, សមាជិក-សមាជិកានៃគណៈកម្មការអន្តរក្រសួង, អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ដែលបានខិតខំព្យាយាមលះបង់កម្លាំងកាយ, ប្រាជ្ញា និងស្មារតី ប្រកបដោយភាពប៉ិនប្រសប់ និង វិជ្ជាជីវៈខ្ពស់ ដោយសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់ ដែលយើងគ្រប់រូបកំពុងអបអរសាទរនាឱកាសនេះ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជោគជ័យនៃការចុះបញ្ជីទីតាំងទាំងបី នៃ «បូជនីយដ្ឋានចងចាំនៃកម្ពុជា» ដែលរួមមាន អតីតមន្ទីរឃុំឃាំង ម-១៣, សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ស-២១ និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី, បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដោយបានធ្វើការណែនាំកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៩, ឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថាប័នពាក់ព័ន្ធ សិក្សាបញ្ចូលទីតាំងសារមន្ទីរទួលស្លែង ស-២១ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ដើម្បីទុកជាកេរមរតកប្រវត្តិសាស្ត្រ នៃការចងចាំសម្រាប់កូនចៅជំនាន់ក្រោយ

* តាមរយៈអនុសាសន៍ដ៏ខ្ពង់ខ្ពស់នេះ, ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ, អ្នកជំនាញជាតិ-អន្តរជាតិ និង អង្គការយូណេស្កូ ដើម្បីសិក្សា ស្រាវជ្រាវ និងចងក្រងឯកសារបច្ចេកទេស ទៅតាមនីតិវិធីនៃក្រមប្រតិបត្តិរបស់អនុសញ្ញាឆ្នាំ១៩៧២ ហើយសម្រេចបានលទ្ធផលដ៏ត្រចះត្រចង់ជាមួយនឹងការវាយតម្លៃខ្ពស់ពីស្ថាប័នជំនាញ អន្តរជាតិ ICOMOS និង ICCROM, គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដោយទទួលស្គាល់នូវតម្លៃលេចធ្លោជាសកលនៃ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ហើយធ្វើការចុះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅទីក្រុងប៉ារីសនាពេលថ្មីៗនេះ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវអំណរព្រះគុណដ៏ជ្រាលជ្រៅវិសេសបំផុត ថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និង សុភមង្គល ដែលព្រះអង្គទាំងទ្វេ ទ្រង់តែងតែប្រោសព្រះរាជទាននូវការគាំទ្រយ៉ាងពេញទំហឹងជានិច្ច ចំពោះគ្រប់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីបុព្វហេតុជាតិ និង មាតុភូមិកម្ពុជា

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខែកក្កដានេះ បានក្លាយជាវេលាមួយ ដែលមានអត្ថន័យយ៉ាងធំធេង សម្រាប់ជាតិយើង ដោយហេតុថា ក្នុងខែនេះ, សម្បត្តិបេតិកភណ្ឌជាតិចំនួន៣ បានត្រូវទទួលស្គាល់ និងចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ទី១៖ ប្រាសាទព្រះវិហារ, ថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០០៨
ទី២៖ តំបន់ប្រាសាទសំបូរព្រៃគុក, ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧
ទី៣៖ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និង សន្តិភាព» ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាខែ កក្កដា ឆ្នាំ ២០២៥នេះ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយឈ្នះឈ្នះ និងការលះបង់ដ៏ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបិទបញ្ចប់ជាស្ថាពរនូវរបបប្រល័យពូជសាសន៍ និងសង្គ្រាមនានាដែលរមែងកើតមាន និងញាំញីជាហូរហែក្នុងប្រវត្តិសាស្ត្រជាតិយើង នាអំឡុងជាង៥០០ ឆ្នាំចុងក្រោយកន្លងមកនេះ។ រាជរដ្ឋាភិបាលកម្ពុជា បានបន្តបេសកកម្មក្នុងការស្វែងរកយុត្តិធម៌ និងការទទួលស្គាល់ឧក្រិដ្ឋកម្មរបស់ខ្មែរក្រហមពីសហគមន៍អន្តរជាតិ តាមរយៈ ជោគជ័យនៃការបង្កើតសាលាក្ដីខ្មែរក្រហម ដែលបានដំណើរការរយៈពេល១៦ឆ្នាំ (២០០៦ ដល់ ២០២២) ដើម្បីកាត់ទោសមេដឹកនាំខ្មែរក្រហម និងនាំយកយុត្តិធម៌ជូនជនរងគ្រោះ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពី «វាលពិឃាដ» មកជាទឹកដីនៃសន្តិភាពការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង សន្តិភាព» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាពេលនេះ មានតម្លៃយ៉ាងជ្រាលជ្រៅក្នុងជម្រៅចិត្តរបស់ប្រជាជនខ្មែរគ្រប់ៗរូប និង មានសារ:សំខាន់បំផុតក្នុងសា្មរតីចងចាំជាសកល មិនចំពោះតែប្រជាពលរដ្ឋកម្ពុជានោះឡើយ, ប៉ុន្តែ សម្រាប់មនុស្សជាតិទាំងមូល

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រឹត្តិការណ៍ថ្ងៃនេះ គឺជាការគោរពរំឭកដល់ជនរងគ្រោះទាំងឡាយ នៃអតីតកាលដ៏ឈឺផ្សារបស់កម្ពុជា, ប៉ុន្តែក៏ជាភស្តុតាងនៃការប្តូរផ្តាច់ការពារដ៏មុតមាំបំផុតរបស់ រាជរដ្ឋាភិបាលកម្ពុជា ចំពោះអនាគតយុវជនជំនាន់ក្រោយ, ទាំងពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីធានាជាអមតៈនូវស្មារតីចងចាំ, ការរៀនសូត្រមេរៀនប្រវត្តិសាស្ត្រ និងការថែរក្សាសន្តិភាព ដែលជារតនវត្ថុមិនអាចកាត់ថ្លៃសម្រាប់ប្រជាជាតិ និងប្រជាជនយើង

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ដែលធ្លាប់ជាស្លាកស្នាមនៃក្តីឈឺចាប់ ភ័យខ្លាចរបស់ប្រជាជាតិកម្ពុជា បានប្រែក្លាយនាពេលនេះ ទៅជាលម្ហនៃភាពប្រសព្វមុខមួយនៃការសន្ទនា, ការយោគយល់, អត់ឱន, ផ្សះផ្សា និងសន្តិភាព។ ព្រឹត្តិការណ៍ថ្ងៃនេះ បានរំឭកមនុស្សគ្រប់ៗរូបថា ថ្វីដ្បិតតែក្នុងខណៈណាមួយដែលខ្មៅងងឹតបំផុតក្នុងជីវិត ឬប្រវត្តិសាស្ត្ររបស់ខ្លួនក្តី ក៏មនុស្សជាតិរមែងអាចងើបឈរឡើងវិញបាន, ផ្សះផ្សាការបែកបាក់, ការឈឺចាប់ហើយប្រឹងប្រែងកសាងសាជាថ្មី

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងន័យនេះ, កម្ពុជា គឺជាភស្តុតាងដ៏រស់រវើកមួយ ដែលមានតម្លៃជាសកល និងជាគំរូ សម្រាប់មនុស្សជាតិ និងពិភពលោក ដោយក្នុងនោះ សន្តិភាព គឺជាមូលដ្ឋាន និងជាកត្តាចំបង។ កម្ពុជាសង្ឃឹមជឿជាក់ថា «បូជនីយដ្ឋានចងចាំនៃកម្ពុជា» នឹងក្លាយជាផ្នែកមួយនៃការចងចាំពិភពលោក ហើយក៏ជាទីតាំងដែលមជ្ឈដ្ឋានអន្តរជាតិ ទូទាំងសកលលោក បានយល់កាន់តែច្បាស់ពីទុក្ខលំបាករបស់ប្រជាជនកម្ពុជា ក្នុងពេលអតីតកាល ព្រមទាំងភាពរឹងមាំរបស់ប្រជាជនកម្ពុជា ក្នុងការកសាងសន្តិភាពនិងការអភិវឌ្ឍ ក្រោមពាក្យស្លោក «អរគុណសន្តិភាព»

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវអំណរគុណចំពោះអង្គការយូណេស្កូ, គណៈកម្មាធិការបេតិកភណ្ឌពិភពលោក, ស្ថាប័ន ICOMOS ICCROM, អ្នកជំនាញជាតិ-អន្តរជាតិ, អ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍, អ្នកសិក្សាស្រាវជ្រាវនានា ដែលបានលះបង់ពេលវេលា, កម្លាំងកាយចិត្ត, ស្មារតីដោយឥតសំចៃ ដើម្បីរក្សាការពារទីតាំងទាំងបីនេះ ក៏ដូចជាទីតាំងឧក្រិដ្ឋកម្មដទៃៗទៀត ដែលជាសាក្សីនៃសេចក្តីពិតរបស់ប្រវត្តិសាស្ត្រមួយដែលបន្តរំឭក ជាអមតៈក្នុងសតិសម្បជញ្ញៈរបស់មនុស្សជាតិទាំងមូល ក្នុងការរក្សាជាដាច់ខាតនូវភាពថ្លៃថ្នូរដ៏ខ្ពង់ខ្ពស់របស់មនុស្សជាតិ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចុះបញ្ជីបេតិកភណ្ឌពិភពលោកនៃ «បូជនីយដ្ឋានចងចាំកម្ពុជា» នាពេលនេះ គឺជាជ័យជម្នះនៃការចងចាំនៅលើការបំភ្លេច, ជាជ័យជម្នះ នៃសន្តិភាពទៅលើភាពឃោរឃៅ និងជាជ័យជម្នះនៃការផ្សះផ្សា ទៅលើការបំផ្លិចបំផ្លាញនៃសង្គ្រាម និងឧក្រិដ្ឋកម្មនានា។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធនានា យកចិត្តទុកដាក់ថែរក្សាទីតាំង «បូជនីយដ្ឋានចងចាំនៃកម្ពុជា» នេះឱ្យបានគង់វង្សជាយូរអង្វែងតទៅ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកសម័យថ្មីមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា

* សម្រាប់យុវជនជំនាន់ក្រោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទីតាំងនេះ មិនមែនជាអតីតកាលសម្រាប់តែអ្នកជំនាន់មុន ដែលឆ្លងកាត់របបខ្មៅងងឹតនោះឡើយ, ទីតាំងនេះ ក៏ជាកម្មសិទ្ធិរបស់យុវជនជំនាន់ក្រោយផងដែរ, សូមសិក្សារៀនសូត្រពីទីនេះ សូមក្លាយខ្លួនជាអ្នកថែរក្សាការពារ នាថ្ងៃអនាគតរបស់កម្ពុជាមួយ ប្រកបដោយកម្លាំងរួបរួម ជាមួយថាមពលដ៏ខ្លាំងក្លា និងឆន្ទៈដ៏មុតស្រួច ដើម្បីសេរីភាព, អធិបតេយ្យ និងបូរណភាពទឹកដី ដ៏ពេញលេញនៃមាតុភូមិយើង ដែលជាមូលដ្ឋានភាពរឹងមាំបំផុត សម្រាប់ការធានាបានសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រជាជាតិ និងប្រជាជនយើង

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ គណៈកម្មការអន្តរក្រសួង, ក្រុមការងារបច្ចេកទេស, អាជ្ញាធរគ្រប់លំដាប់ថ្នាក់, ជាពិសេស សាលារាជធានីភ្នំពេញ, ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ព្រមទាំងភាគីអន្តរជាតិ ជាអាទិ៍ ការិយាល័យអង្គការយូណេស្កូភ្នំពេញ, គណៈកម្មាធិការបេតិកភណ្ឌពិភពលោក (WHC), ស្ថាប័នជំនាញ អន្តរជាតិ ICOMOS និង ICCROM, អង្គការ KOICA អង្គការ GIZ-CPS, អ្នកជំនាញឯកទេស ព្រមទាំងឥស្សរជនទាំងឡាយ ដែលបានគាំទ្រចំពោះដំណើរការរៀបចំឯកសារចុះបញ្ជី «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» រហូតទទួលបានជោគជ័យគួរជាទីមោទនៈ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ក្រុមការងារដែលបានចូលរួមរៀបចំ និង ផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវព្រឹត្តិការណ៍នាពេលនេះ, ជាពិសេស សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដែលជានិច្ចកាលបានដើរតួជាកម្លាំងស្នូលនៅគ្រប់ព្រឹត្តិការណ៍ និងជាមេដែកឆក់ទាញនូវឆន្ទៈដ៏មោះមុតនូវស្មារតីស្នេហាជាតិ ប្រកបដោយការលះបង់ដ៏ខ្ពស់របស់យុវជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ, កងកម្លាំងប្រដាប់អាវុធគ្រប់ៗរូប ដែលត្រៀមគ្រប់ៗពេល ដើម្បីរក្សាការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ, សិល្បករ សិល្បការិនី, បណ្ដាញសារព័ត៌មាន និងជនរួមជាតិទាំងអស់ ដែលមានវត្តមាននៅទីនេះក្តី និងនៅតាមគេហដ្ឋានក្តី ក្នុងនាម «ខ្មែរតែមួយ»

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ, កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបងប្អូនជនរួមជាតិ, ទាំងព្រះសង្ឃ ទាំងគ្រហស្ថ, សិស្ស-និស្សិត ក៏ដូចជាបណ្តាបក្សនយោបាយ, សង្គមស៊ីវិល ដែលបានចូលរួមអបអរសាទរយ៉ាងសកម្ម នៅទូទាំងប្រទេស តាមគ្រឹះស្ថានសិក្សា, ស្ថាប័នរដ្ឋ និង ឯកជន ដោយបានរួមគ្នាវាយគង ទូងស្គរ ទះប៉ោត វាយរគាំង ដើម្បីជាការបំផុសបន្ថែមនូវជំហរប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និង ដើម្បីរំឭកអំពីភាពចាំបាច់នៃការរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្ស ជាមរតកសម្រាប់ជនជំនាន់ក្រោយ

* សម្តេចតេជោ ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសន្ទរកថានៅវេលាម៉ោង ៤៖៣៧នាទីនារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕