Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រ នេត្រ ភក្ត្រា និងលោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧ នៅសួនច្បារជ័យមង្គលព័ត៌មាន

18-07-2025 16:59

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ទុយ សិរីរតនៈ ប្រធានកិត្តិយស សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញរៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧ នៅទីតាំងសួនច្បារជ័យមង្គលព័ត៌មាន ក្នុងបរិវេណ​ទីស្តីការក្រសួងព័ត៌មាន។

ការរៀបចំពិធីនេះ គឺដើម្បីបញ្ជាក់យ៉ាងច្បាស់ដល់មន្ត្រីរាជការ ប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យចូលរួមថែរក្សាវប្បធម៌ប្រពៃណីខ្មែរឱ្យបានគង់វង្ស ដើម្បីឱ្យកូនចៅជំនាន់ក្រោយៗបានស្គាល់ និងដឹងពីស្នាដៃ និងតម្លៃរួមរបស់បុព្វបុរសជំនាន់មុន ក៏ដូចជាសមិទ្ធផលសង្គមជាតិ របស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ជាគ្រឹះរឹងមាំសំរាប់សុខសន្តិភាព និងវឌ្ឍនភាពរបស់កូនចៅជំនាន់ក្រោយ។

គួរឱ្យដឹងថា រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ ត្រូវបានរៀបចំអភិសេកកាលទីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥កន្លែងទៅ ក្រោមអធិបតីភាពលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា នៅបរិវេណសួនច្បារនៃទីស្តីការក្រសួងព័ត៌មាន សមិទ្ធផលថ្មីនៅលើទីតាំងបិរវេនក្រសួងព័ត៌មាន គឺសម្រាប់ទុកបន្សល់ជាកេរតំណែល និងត្រូវថែរក្សាទុកសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត។

រូបបដិមាព្រះបាទជ័យវរ្ម័នទី៧ ជាស្នាដៃជាងចម្លាក់ខេត្តកំពង់ធំ ដែលបានចំណាយពេលឆ្លាក់រយៈពេល ៣ខែ ហើយលោករដ្ឋមន្ត្រី បានតាមពិនិត្យមើលរហូតដល់វិនាទីចុងក្រោយដើម្បីឱ្យទម្រង់រូបបដិមាប្រហាក់ប្រហែលឬស្រដៀងនឹងរូបបដិមាព្រះបាទជ័យវរ្ម័នតម្កល់នៅសារៈមន្ទីរជាតិ និងថ្មភក់នេះយកមកពីខេត្តព្រះវិហារដូចទៅ នឹងថ្មដែលបានប្រើប្រាស់ក្នុងការកសាងប្រាង្គប្រាសាទនានាក្នុងតំបន់អង្គរ៕