អ្នកនាំពាក្យក្រសួងការងារ៖ ពលករខ្មែរ ដែលវិលមកពីប្រទេសថៃជាង១ម៉ឺននាក់ទទួលបានការងារធ្វើភ្លាមៗ
18-07-2025 16:55
អ្នកនាំពាក្យក្រសួងការងារ៖ ពលករខ្មែរ ដែលវិលមកពីប្រទេសថៃជាង១ម៉ឺននាក់ទទួលបានការងារធ្វើភ្លាមៗ
(ភ្នំពេញ)៖ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ អះអាងថា មានពលករខ្មែរ ដែលវិលមកពីប្រទេសថៃជាង១ម៉ឺននាក់ ទទួលបានការងារធ្វើភ្លាមៗក្រោមការសម្របសម្រួលពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអ្នកពាក់ព័ន្ធ។
ប្រាប់វិទ្យុមិត្តភាពកម្ពុជាចិន នារសៀលថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងការងារ ឯកឧត្តម ស៊ុន មេសា បានឱ្យដឹងថា ក្រោយមានជម្លោះបញ្ហាព្រំដែនរវាងកម្ពុជា ថៃ ដែលទាហានថៃបានបិទព្រំដែនដោយឯកតោភាគី និងឈានដល់ការរីករាលដាលដល់ពលករខ្មែរដែលធ្វើការស្នាក់នៅប្រទេសថៃ ដោយការមិនពេញចិត្ដ ម៉ាកងាយ និងមិនផ្ដល់តម្លៃផងនោះ រាជរដ្ឋាភិបាលកម្ពុជារួមសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យពលករខ្មែរត្រឡប់មកកម្ពុជាវិញ និងណែនាំឱ្យឯកឧត្ដម ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរៀបចំផែនការទទួលពលករកម្ពុជាចាំជួយសម្រួលឯកសារ និងបញ្ហានានាជូនពលករខ្មែរ នៅតាមព្រំដែនផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្ដម បានះអាងថា គិតមកដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋខ្មែរដែលបានទៅធ្វើពលករ នៅក្នុងប្រទេសថៃបានវិលមកប្រទេសកម្ពុជាវិញ មានសរុបចំនួនប្រមាណ៥ម៉ឺននាក់ និងមានពលករមានប័ណ្ណព្រំដែនជាង២ម៉ឺននាក់ ក្នុងនោះមានពលករជាង១ម៉ឺននាក់ទទួលបានឱកាសការងារធ្វើភ្លាមៗ ក្រោមការសម្របសម្រួលរបស់ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងការងារ បន្ទាប់ពីប្រទេសថៃបានបិទព្រំដែនដោយឯកតោភាគី។
ឯកឧត្តមអ្នកនាំពាក្យក្រសួងការងារបានបញ្ជាក់ថា ពលករជាង ៣ម៉ឺននាក់ ដែលមិនទាន់ទទួលបានការងារធ្វើ ក៏ទទួលបានព័ត៌មាន ពីមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលរួមមាន ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធនៅច្រកព្រំដែនអន្តរជាតិ បានបំពេញតួនាទីប្រចាំថ្ងៃ របស់ខ្លួនយ៉ាងល្អប្រសើរ ក្នុងការផ្ដល់ព័ត៌មានស្ដីអំពីឱកាសការងារ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍របស់ ប.ស.ស. ដល់បងប្អូនប្រជាពលរដ្ឋជាពិសេស បងប្អូនពលករខ្មែរដែលបានវិលត្រឡប់មក ស្រុកកំណើតវិញផងដែរ។
សំឡេង «ឱកាសការងារនេះ យើងផ្សព្វផ្សាយពីរោងចក្រសហគ្រាសដែលមានតម្រូវការ សហគ្រាសមួយណាផ្នែកអ្វី ទីតាំងនៅទីណា លេខទូរស័ព្ទ ត្រូវការកម្លាំងពលកម្មប៉ុន្មាន នេះគឺឯកសារដែលយើងផ្ដល់ព័ត៌មានជូនពលករ ដែលត្រឡប់មកពីប្រទេសថៃ ដើម្បីឱ្យពួកគាត់មានឱកាសការងារធ្វើភ្លាមៗផ្ទាល់តែម្ដង សម្រាប់ធានាសន្ដិសុខស្បៀង និងជីវភាព។ នេះគឺជាយន្ដរបស់ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងការងារអនុវត្ដតាមអនុសាសន៍របស់សម្ដេចតេជោ និងសម្ដេចធិបតី ហើយឯកឧត្ដមរដ្ឋមន្រ្ដីបានណែនាំឱ្យមន្រ្ដីគ្រប់ច្រកទាំង៦ តាមព្រំដែន ដើម្បីផ្ដល់ព័ត៌មានតាមមណ្ឌលសុំចត និងមណ្ឌលទទួលពលករ»។
ឯកឧត្តមបានបន្ថែមថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងប្រឈមការខ្វះកម្លាំងពលកម្មជាច្រើន ដើម្បីបំពេញតម្រូវការទីផ្សារការងារ នៅតាមរោងចក្រសហគ្រាសជាច្រើន។ ផ្អែកលើកំណើនរោងចក្រសហគ្រាសខាងលើនេះហើយ បានធ្វើឱ្យកម្ពុជាមាន តម្រូវការកម្លាំងពលកម្មរហូតដល់ទៅជាង២៥ម៉ឺននាក់ ក្នុងនោះវិស័យឧស្សាហកម្មនាំមុខគេ ដែលមានតម្រូវការកម្លាំងពលកម្ម ប្រមាណជា២២ ម៉ឺននាក់ឯណោះ។
ឯកឧត្តមបន្តថា បើងាកទៅមើលរយៈពេល៦ខែដើមឆ្នាំ២០២៥នេះវិញឃើញថា សុខភាពនៃការវិនិយោគនៅកម្ពុជា មានរោងចក្រសហគ្រាសបន្តកើនឡើងរហូតដល់ទៅ៨៥៨រោងចក្រ សហគ្រាស ដោយនៅក្នុងនោះ វិស័យកាត់ដេរ មានការកើនឡើងប្រមាណ១១៦រោងចក្រសហគ្រាស ដែលកំណើននេះបង្ហាញថា វិនិយោគិនទាំងជាតិ និងអន្តរជាតិ មានជំនឿទុកចិត្ត មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានជួយសម្រួល និងលើកទឹកចិត្ដក្នុងការវិនិយោគ។ ពិសេសបន្តរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យជាបន្តបន្ទាប់។
សូមបញ្ជាក់ថា ក្នុងរយៈពេល២២ខែ នៃរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះរោងចក្រសហគ្រាស មានការកើនឡើងប្រមាណ ៥៣៥៦ រោងចក្រ គឺបានកើនឡើងពី ៤០៣០០ ទៅដល់ ៤៥ ៦៥៦ រោងចក្រសហគ្រាស ហើយវិស័យកាត់ដេរ ក៏បានកើនឡើងចំនួន២១៦រោងចក្រ សហគ្រាស ពោលគឺបានកើនពីរ១៤៦៦ដល់១៦៨២រោងចក្រសហគ្រាស ស្មើនឹង១៤,៧៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៃអណត្តិទី៦កន្លងទៅ៕
វិទ្យុមិត្តភាពកម្ពុជាចិន