ក្មេងទំនើង១៨នាក់ កាប់ប្រហារគ្នាបណ្ដាលឲ្យស្លាប់ម្នាក់ នៅស្រុកស្អាង ខេត្តកណ្ដាល, តុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ១០នាក់ និងនៅសល់កំពុងតាមចាប់
18-07-2025 16:19
(កណ្ដាល)៖ ក្រុមក្មេងទំនើង១៨នាក់ ដែលបានកាប់ប្រហារគ្នាបណ្ដាលឲ្យស្លាប់ម្នាក់នៅស្រុកស្អាង ត្រូវបានលោក លី ភារ៉ា តំណាងអយ្យការសម្រេចចោទប្រកាន់ និងលោក ស៊ាង ណារ៉ា ចៅក្រមទទួលបន្ទុកសម្រេចឃុំខ្លួន ដាក់ពន្ធនាគារចំពោះក្មេងទំនើង១០នាក់។ ដោយឡែក បក្ខពួកដែលនៅសេសសល់កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួន។
លោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានប្រាប់ភ្នាក់ងារ Fresh News នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះថា ក្មេងទំនើងទាំងអស់នោះ ត្រូវបានចោទប្រកាន់ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងបើកបរដោយធ្វេសប្រហែសខ្ជីខ្ជាមិនប្រុងប្រយ័ត្នបណ្ដាលឲ្យស្លាប់អ្នកដទៃ» តាមមាត្រា២១៨, ៤៩០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។
សូមជម្រាបថា ក្រុមក្មេងទំនើង២ក្រុម បើកកាប់ប្រហារគ្នានៅយប់ឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល បណ្ដាលឲ្យម្នាក់ស្លាប់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកស្អាង ស្រាវជ្រាវចាប់ខ្លួនជាបន្ដបន្ទាប់ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាល ដើម្បីចាត់ការតាមច្បាប់៕