Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការក្រោយបង្ក្រាបបានពាក់ព័ន្ធករណីគ្រឿងញៀន

18-07-2025 14:52

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះបង្ក្រាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំណុចក្លឹបកំសាន្តមិចក្លឹប ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ដោយចាប់ខ្លួនជនសង្ស័យម្នាក់។

ក្នុងប្រតិបត្តិការនេះ កម្លាំងអាវុធហត្ថដកហូតបាន គ្រឿងញៀនប្រភេទម្ស៉ៅម៉ត់ពណ៌ស (កេតាមីន) ចំនួន៦កូនថង់កិបទម្ងន់ ៦,៦២ក្រាម, ថ្នាំគ្រាប់រាងមូលពណ៌លឿង (អ៊ិចស្តាស៊ី) ចំនួន៥គ្រាប់ ទម្ងន់២,៦២ក្រាម, ម៉ូតូ ចំនួន១គ្រឿង, ទូរស័ព្ទ ចំនួន២គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន១សន្លឹក, កាបូបស្ពាយពណ៌ខ្មៅ ចំនួន១ នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដេីម្បីចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឲ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានបញ្ជាក់ថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕