កម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំង លក់ផលិតផលម៉ាក HUGO BOSS ក្លែងក្លាយ
18-07-2025 13:08
(ភ្នំពេញ)៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្រ្កាបហាងលក់សម្លៀកបំពាក់ H Collection ទាំង៣សាខា ក្នុងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីតាំងលក់សម្លៀកបំពាក់ម៉ាក HUGO BOSS ក្លែងក្លាយ រំលោភកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន HUGO BOSS AG យោងតាមបណ្តឹងរបស់ក្រុមហ៊ុនតំណាង S&O។
ក្នុងការត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចចម្រុះបានរកឃើញ និងដកហូតផលិតផលសម្លៀកបំពាក់់ ម៉ាក HUGO BOSS ក្លែងក្លាយ រួមមាន អាវ ចំនួន១៨៤៣អាវ, មួកចំនួន១២មួក, ស្បែកជើង ចំនួន១៣២គូ, ខោ ចំនួន២០ខោ និងខោក្នុងបុរស ចំនួន១៨ខោ ព្រមទាំងបាននាំខ្លួនម្ចាស់ទីតាំង និងបុគ្គលពាក់ព័ន្ធទៅសាកសួរបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី។
ជាមួយគ្នានេះ សមត្ថកិច្ចក៏បានធ្វើការផ្តាំផ្ញើដល់អាជីវករ សូមចូលរួមគោរពច្បាប់ទាំងអស់គ្នា ដោយបញ្ឈប់ធ្វើការនាំចូល ចែកចាយ តាំងលក់ ក៏ដូចជាផ្សព្វផ្សាយលក់តាមបណ្តាញសង្គម នូវផលិតផលក្លែងក្លាយ ឬក្លែងបន្លំម៉ាកសញ្ញា បើពុំនោះទេ សមត្ថកិច្ចនឹងមានវិធានការតាមផ្លូវច្បាប់ជាធរមាន៕