ជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រគល់អំណោយរថយន្ដ និងម៉ូតូ ដល់ប៉ុស្ដិ៍រដ្ឋបាលសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល
18-07-2025 13:06
(ភ្នំពេញ)៖ តំណាងលោក ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារកសាងសមាជិកគណគណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋានរាជធានី ខេត្ត លោក ជួន ចាន់ដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន និងក្រុមការងារ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ បាននាំយករថយន្ត១គ្រឿង ប្រភេទ Pick-up សេរីឆ្នាំ២០១៩ និងម៉ូតូ១គ្រឿង ម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០២៤ ប្រគល់ជូនលោកវរសេនីយត្រី សេង ឌីណា នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ការប្រគល់ ទទួល ធ្វើឡើងដោយមានការចូលរួមពីលោកវរសេនីយឯក ហុង ពិសិដ្ឋ អធិការខណ្ឌកំបូល លោកវរសេនីទោ ផែង តារា អធិការរងខណ្ឌ និងមន្ត្រីប៉ុស្តិជាច្រើនរូប។
លោក ជួន ចាន់ដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយមើលឃើញពីការលំបាកខាងមធ្យោបាយរបស់អាជ្ញាធរមូលដ្ឋាន ជាពិសេសកងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ដែលនៅផ្ទាល់ជាមួយពលរដ្ឋ ក្នុងការល្បាតការពារសន្តិសុខ សណ្តាប់ធ្នាប់ ពិសេសការប្រយុទ្ធប្រឆាំងក្រុមល្បែងអនឡាញខុសច្បាប់ ក្រុមក្មេងទំនើងជាដើម និងដោយមានការចង្អុលបង្ហាញពីលោក ភឺន ផល្លា ដើម្បីប្រគល់មធ្យោបាយទាំង២នេះជូនសមត្ថកិច្ចដើម្បីបំពេញការងារ។
លោកបានបញ្ជាក់បន្ថែមថា សម្រាប់រថយន្ត១គ្រឿង គឺប្រគល់ជូនអង្គភាពប៉ុស្ដិ៍រដ្ឋបាលទុកបម្រើការងារ និងម៉ូតូ១គ្រឿង ប្រគល់ជូនលោកនាយប៉ុស្ដិ៍ផ្ទាល់តែម្តង៕