រសៀលនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរសាទរ «បូជនីយដ្ឋានចងចាំ នៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ
18-07-2025 12:34
(ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ៨រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំពិធីអបអរសាទរ «បូជនីយដ្ឋានចងចាំ នៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ពិធីអបអរសាទរដែលនឹងរៀបចំឡើងយ៉ាងមហោឡារិកនៅពហុកីឡដ្ឋានជាតិអូឡាំពិក នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
ពិធីនេះក៏នឹងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋ យុវជន យុវតី សិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ ដើម្បីអបអរសាទរ ក៏ដូចជាបង្ហាញនូវមោទនភាពរបស់ពួកគេ ចំពោះសមិទ្ធផលដ៏រីករាយនេះ។
សូមបញ្ជាក់ថា នៅក្នុងសម័យប្រជុំលើកទី៤៧ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាទីក្រុងប៉ារីស ប្រទេសបារាំង គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានពិនិត្យ ពិភាក្សា និងសម្រេចជាឯកច្ឆន្ទចុះ «បូជនីយដ្ឋានចងចាំ នៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ តាមរយៈសេចក្ដីសម្រេចលេខ 47 COM 8B.14។
«បូជនីយដ្ឋានចងចាំនៃកម្ពុជា» រួមមានទីតាំងឧក្រិដ្ឋកម្មក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ចំនួន៣រួមមាន៖ អតីតមន្ទីរឃុំឃាំងម-១៣ (ស្ថិតនៅព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស-២១) និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ)។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបន្តថា ការទទួលស្គាល់ជាផ្លូវការនូវ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ជាបេតិកភណ្ឌពិភពលោកនាពេលនេះ គឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា បន្ទាប់ពីការចុះរមណីយដ្ឋានមរតកប្រវត្តិសាស្ត្រនានាដូចជា រមណីយដ្ឋានអង្គរ (១៩៩២) ប្រាសាទព្រះវិហារ (២០០៨) តំបន់ប្រាសាទសំបូរព្រៃគុក (២០១៧) និងរមណីយដ្ឋានប្រាសាទកោះកេរ (២០២៣)។
«បូជនីយដ្ឋានចងចាំ នៃកម្ពុជា» គឺជាទីតាំងប្រវត្តិសាស្ត្រសហសម័យដំបូងគេនៅកម្ពុជា និងក្នុងតំបន់ ដែលបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាយុគសម័យថ្មី។ សមិទ្ធផលទាំងនេះ កើតចេញពីការចូលរួមនៃការថែរក្សាប្រវត្តិសាស្ត្រជាតិរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប ជាពិសេសកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់របស់ សម្តេចតេជោ ហ៊ុន សែន និងការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលជានិច្ចកាលតែងតែផ្តល់អាទិភាពខ្ពស់ដល់កិច្ចការអភិរក្ស និងការអភិវឌ្ឍបេតិកភណ្ឌប្រកបដោយចីរភាព រួមទាំងការការពារសច្ចភាព ប្រវត្តិសាស្ត្រជាតិឱ្យគង់វង្សស្ថិតស្ថេរ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តទៀតថា បំណង និងមូលដ្ឋាន នៃការចុះ «បូជនីយដ្ឋានចងចាំ នៃកម្ពុជា» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺបង្ហាញពិភពលោកអំពីភាពរឹងមាំ និងប៉ិនប្រសប់របស់ប្រជាជាតិកម្ពុជា ដែលបានប្រែក្លាយ «វាលពិឃាដ» មកជា «ទឹកដីសន្តិភាព» មានតម្លៃដ៏ជ្រាលជ្រៅក្នុងជម្រៅចិត្តរបស់ខ្មែរគ្រប់ៗ រូប ហើយក៏ជាស្មារតីចងចាំដ៏ថ្លៃថ្លាបំផុតរបស់ពិភពលោក មិនចំពោះតែប្រជាជនកម្ពុជានោះឡើយ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូល។
ការចុះបញ្ជីនេះ ក៏ជាការគោរពរំឭកដល់ជនរងគ្រោះទាំងឡាយពីអតីតកាលដ៏ឈឺផ្សារបស់កម្ពុជា ហើយក៏ជាភស្តុតាង នៃការប្ដូរផ្ដាច់ការពារដ៏មុតមាំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះអនាគតយុវជនជំនាន់ក្រោយ ដើម្បីធានាជាអមតនូវស្មារតីចងចាំ ការរៀនសូត្រមេរៀនប្រវត្តិសាស្ត្រ និងការថែរក្សាសន្តិភាព ដែលជារតនវត្ថុមិនអាចកាត់ថ្លៃសម្រាប់ប្រជាជាតិ និងប្រជាជន។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគូសរំលេចថា ចាប់ពីពេលនេះតទៅ «បូជនីយដ្ឋានចងចាំនៃកម្ពុជា» នឹងក្លាយជាផ្នែកមួយនៃការចងចាំពិភពលោក ហើយក៏ជាទីតាំងដែលមជ្ឈដ្ឋានអន្តរជាតិទូទាំងសកលលោក បានយល់កាន់តែច្បាស់ពីទុក្ខលំបាករបស់ប្រជាជនកម្ពុជាក្នុងពេលអតីតកាល ព្រមទាំងភាពរឹងមាំរបស់ប្រជាជនកម្ពុជាក្នុងការកសាង សន្តិភាព និងការអភិវឌ្ឍ ក្រោមពាក្យស្លោក «អរគុណសន្តិភាព»។
+ ប្រវត្តិសង្ខេបនៃបូជនីយដ្ឋានចងចាំនៃកម្ពុជាទាំង៣៖
អំឡុងពេលសង្គ្រាមស៊ីវិលនាដើមទសវត្សរ៍ឆ្នាំ១៩៧០ ខ្មែរក្រហមបានកាន់កាប់តំបន់មួយចំនួនក្នុងប្រទេសកម្ពុជា ព្រមទាំងបានចាប់ផ្តើមអនុវត្តគោលនយោបាយសហករណ៍ និងបង្កើតមន្ទីរឃុំឃាំងមួយចំនួនក្រោមការគ្រប់គ្រងរបស់ខ្លួន។ ក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានធ្វើទុក្ខទោសទារុណកម្ម បង្អត់អាហារ និងការសម្លាប់ប្រជាជនស្លូតត្រង់ជាង ៣លាននាក់។ ជាមួយគ្នានោះ ខ្មែរក្រហមក៏បង្កើតគុកជាង ២០០កន្លែង និងវាលពិឃាដ ព្រមទាំងរណ្ដៅសាកសពនៅទូទាំងប្រទេស។
បច្ចុប្បន្នទីតាំងសំខាន់ៗចំនួន៣ក្នុងចំណោមគុករបស់ខ្មែរក្រហម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា រៀបចំដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដើម្បីជាការចងចាំ។ ទីតាំងទាំង៣ រួមមាន៖
១៖ អតីតមន្ទីរឃុំឃាំង ម-១៣
អតីតមន្ទីរឃុំឃាំង ម-១៣ មានទីតាំងនៅភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជាប់ព្រំប្រទល់ នឹងខេត្តកំពង់ស្ពឺ និងជាកន្លែងឃុំឃាំង និងសួរចម្លើយនាអំឡុងពេលសង្គ្រាមស៊ីវិល (១៩៧០-១៩៧៥)។ ម-១៣ ជាទីតាំងសួរចម្លើយ ធ្វើទារុណកម្ម និងកម្ទេច «ខ្មាំង» សម្រាប់ភូមិភាគពិសេស។ ជាទូទៅជនរងគ្រោះនៅ ម-១៣ ជាទាហាន លន់ នល់ ប្រជាជនក្នុងតំបន់ដែលមិនដើរតាមគោលនយោបាយខ្មែរក្រហម ជនភៀសសឹកពីទីប្រជុំជនឬទីក្រុង ជនបរទេស និងអ្នកទាំងឡាយណាដែលខ្មែរក្រហមចោទថា «ខ្មាំង»។
ជនរងគ្រោះ ភាគច្រើនត្រូវយកទៅសម្លាប់នៅក្បែរបរិវេណមន្ទីរ ប៉ុន្តែក៏មានជនរងគ្រោះមួយចំនួនតូចនៅរស់រានមានជីវិតដែរ រួមមាន អ្នកស្រុកអមលាំង និងលោក ប៊ីហ្សូ ជាអ្នកអភិរក្ស វប្បធម៌ជនជាតិបារាំង។
តាមការស្រាវជ្រាវបឋមរបស់ក្រុមការងារបច្ចេកទេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមនឹងសក្ខីកម្មដែលបានពីសាលាក្ដីខ្មែរក្រហម (ឌុច និងសាក្សី) បានបង្ហាញថា មានជនរងគ្រោះជាច្រើនពាន់នាក់ ត្រូវខ្មែរក្រហម សម្លាប់នៅ ម-១៣។ ម-១៣ ក៏ជាកន្លែងដែលបានបង្រៀន ឌុច អំពីការធ្វើទារុណកម្ម សួរចម្លើយ និងការគ្រប់គ្រងមន្ទីរឃុំឃាំង ហើយ ឌុច ក៏បានយកបទពិសោធន៍នេះមកអនុវត្តនៅមន្ទីរស-២១។
ចាប់តាំងពីឆ្នាំ២០១៩ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានជាវដីនេះពីប្រជាពលរដ្ឋក្នុងបំណងថែរក្សា ការពារ និងរៀបចំឱ្យទៅជាទីតាំងចងចាំ។ នៅឆ្នាំ២០២០ ក៏បានដាក់បញ្ចូលជាស៊េរីជាមួយសារមន្ទីរទួលស្លែងនិងជើងឯក សម្រាប់ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ មកទល់បច្ចុប្បន្ន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយអាជ្ញាធរដែនដី បានកំពុងថែទាំ និងស្ថិតក្នុងដំណាក់កាលនៃការរៀបចំដំបូង ដើម្បីប្រែក្លាយជាទីតាំងចងចាំ។ ចាប់ពីឆ្នាំ២០២៣ រហូតឆ្នាំ២០២៥ ទីតាំងនេះ ត្រូវបានដឹងឭជាបណ្ដើរៗពីសំណាក់សាធារណជន ហើយទាក់ទាញអ្នកទស្សនា និងអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រជាបន្តបន្ទាប់។
២៖ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស-២១)
បន្ទាប់ពីទទួលបានជ័យជម្នះលើរបបសាធារណរដ្ឋនៅឆ្នាំ១៩៧៥ សុន សេន កោះហៅ ឌុច និង អ៊ុន លន ឱ្យរៀបចំមន្ទីរស-២១ នៅខែសីហា ឆ្នាំដដែល។ នៅខែតុលាដល់ខែវិច្ឆិកា ឆ្នាំ១៩៧៥ មន្ទីរស-២១ មានទីតាំងនៅបណ្ដុំផ្ទះ ត្រង់ផ្លូវ១៦៣ កែងនឹងផ្លូវ៣៦០។ ក្រោយមកនៅចន្លោះខែវិច្ឆិកា ឆ្នាំ១៩៧៥ ដល់ខែមករា ឆ្នាំ១៩៧៦ ស-២១ បានប្តូរមកអគ្គស្នងការដ្ឋាននគរបាលជាតិ (អតីតគុកប៉េហ្សី)។
បន្ទាប់មកទៀត ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ១៩៧៦ បានប្តូរមកទីតាំងចាស់ និងចុងក្រោយបង្អស់ផ្លាស់មកអតីតវិទ្យាល័យទួលស្វាយព្រៃ (ខែមីនា ឆ្នាំ១៩៧៦ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩)។ ខ្មែរក្រហម ប្រើប្រាស់អគារវិទ្យាល័យទួលស្វាយព្រៃ សាលាបឋមសិក្សាទួលស្លែង និងផ្ទះនៅជុំវិញមួយចំនួនទៀត សម្រាប់ជាទីតាំងនៃមន្ទីរស-២១ ឬគុកទួលស្លែង (បច្ចុប្បន្នជាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង)។
មន្ទីរស-២១ ជាគុកសម្ងាត់សម្រាប់ឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងសម្លាប់អ្នកទោស ដែលខ្មែរក្រហមចោទថាជា «ខ្មាំង»។ ដំបូងឡើយ មន្ទីរស-២១ ស្ថិតក្រោមការគ្រងគ្រប់របស់ អ៊ុន ឡន ហៅណាត (ខែតុលា ឆ្នាំ១៩៧៥ ដល់ខែមីនា ឆ្នាំ១៩៧៦) និងចាប់ពីខែមីនា ឆ្នាំ១៩៧៦ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ស្ថិតក្រោមការគ្រប់គ្រងរបស់ ឌុច។ នារយៈពេលនៃដំណើរការមន្ទីរស-២១ មានជនរងគ្រោះបាត់បង់ជីវិតចំនួន ១៨.០៦៣នាក់ ក្នុងនោះមានតែត ១២នាក់ ប៉ុណ្ណោះដែលរស់រានមានជីវិត (ក្មេង ៤នាក់ និងពេញវ័យ ៨នាក់) នាថ្ងៃចុងក្រោយ ៧ មករា ១៩៧៩។ មកទល់ពេលបច្ចុប្បន្ននេះ សាក្សីរស់នៅសល់តែ៣រូបប៉ុណ្ណោះ ហើយដែលកំពុងទទួលបានការយកចិត្តទុកដាក់ជាប្រចាំពីសារមន្ទីរទួលស្លែង។
ក្រោយការផ្ដួលរលំរបបកម្ពុជាប្រជាធិបតេយ្យ រដ្ឋាភិបាលកម្ពុជាបានប្រែក្លាយទីតាំងនេះ ឱ្យទៅជាសារមន្ទីរ ដែលបង្ហាញពីឧក្រិដ្ឋកម្មប្រព្រឹត្តដោយខ្មែរក្រហម និងជាកន្លែងចងចាំចំពោះជនរងគ្រោះ ព្រមទាំងព្រឹត្តិការណ៍នានា ក្នុងសម័យនោះ។ រយៈពេលជិតហាសិបឆ្នាំកន្លងមកនេះ មានប្រជាជនកម្ពុជា និងទេសចរបរទេសជាច្រើនលាននាក់ ចូលទស្សនាសារមន្ទីរ។ ក្នុងឆ្នាំ២០១៩ មានទេសចរចូលទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងជិត ៥សែននាក់។ បច្ចុប្បន្នសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
៣៖ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក (វាលពិឃាដជើងឯក)
នៅប្រហែលឆ្នាំ១៩៧៦ ដល់ពាក់កណ្ដាលឆ្នាំ១៩៧៧ ឌុច ប្រធានមន្ទីរស-២១ បានជ្រើសរើស និងបញ្ហាឱ្យកម្មាភិបាលក្រោមបង្គាប់ រៀបចំទីតាំងបឹងជើងឯក (បច្ចុប្បន្នជាមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក) ដើម្បីជាកន្លែងសម្លាប់ និងកប់សាកសពអ្នកជាប់ឃុំ ដែលបញ្ចូនចេញពីស-២១។ ការសម្លាប់មនុស្សនៅជើងឯក ជាការងារអចិន្ត្រៃយ៍ ដែលបុគ្គលិក ស-២១ ប្រចាំការ និងទទួលខុសត្រូវសម្លាប់ទាំងយប់ទាំងថ្ងៃ។ ភាគច្រើននៃជនរងគ្រោះនៅ ស-២១ ត្រូវបញ្ជូនមកសម្លាប់នៅជើងឯក។
រហូតដល់ឆ្នាំ១៩៨០ ទីតាំងសម្លាប់ និងកប់សាកសពបឹងជើងឯក ត្រូវរកឃើញ និងគាស់កកាយ។ ក្នុងចំណោម ១២៩រណ្ដៅ មានរណ្តៅសាកសពចំនួន៨៦ ត្រូវបានជីកកកាយ ព្រមទាំងបានរកឃើញគ្រោងឆ្អឹង និងលលាដ៍ក្បាលជនរងគ្រោះ ចំនួន ៨៩៨៥នាក់។ ក្រោយមកចាប់ពីឆ្នាំ១៩៨៤ រដ្ឋាភិបាលបានរៀបចំទីតាំងនេះ ឱ្យក្លាយជាបូជនីយដ្ឋាន សម្រាប់ការចងចាំ និងការគោរពវិញ្ញាណក្ខន្ធជនរងគ្រោះនៅទីនេះ។ ជារៀងរាល់ឆ្នាំ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ ជើងឯក តែងរៀបចំពិធីទិវាចងកំហឹង ២០ ឧសភា (បច្ចុប្បន្នជា ទិវាជាតិនៃការចងចាំ ២០ ឧសភា)។
បច្ចុប្បន្នមជ្ឈមណ្ឌលជើងឯក ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក និងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ភាគនិរតីនៃរាជធានីភ្នំពេញ និងប្រហែលជាង១៥គីឡូម៉ែត្រ ខាងត្បូងសារមន្ទីរទួលស្លែង។
ទំនាក់ទំនងនៃអតីតមន្ទីរឃុំឃាំងម-១៣ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (អតីតមន្ទីរឃុំឃាំង ២១ ឬ ស-២១) និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក (វាលពិឃាដរបស់ ស-២១) បង្ហាញពីឧក្រិដ្ឋកម្ម ដែលកើតឡើងជាប្រព័ន្ធនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងមុនពេលខ្មែរក្រហមកាន់កាប់អំណាច។
ប្រព័ន្ធនៃការឃុំឃាំង និងបុគ្គលិកដែល ឌុច បានបណ្តុះបណ្តាល ក្លាយជាផ្នែកសំខាន់នៃការអនុវត្តការងារសួរចម្លើយ ធ្វើទារុណកម្ម នៅទួលស្លែង និងសម្លាប់នៅជើងឯក។ ទោះជាយ៉ាងនេះក្តី ទីតាំងអតីតម-១៣ មិនសូវមានការចាប់អារម្មណ៍ពីអ្នកស្រាវជ្រាវ ឬសាធារណជនទេ ដ្បិតមិនទាន់មានការរៀបចំឱ្យទៅជាទីតាំងប្រវត្តិសាស្ត្រ ដែលខុសពីសារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក។
ទាំងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក បានដើរតួនាទីជាកន្លែងចងចាំ ផ្សព្វផ្សាយនូវការអប់រំ សន្តិភាព និងការបង្រួបបង្រួមជាតិអស់រយៈពេលជាង៤០ឆ្នាំ។ ទីតាំងទាំងពីរនេះ ទទួលបានអ្នកទស្សនាប្រហែលមួយពាន់នាក់ជារៀងរាល់ថ្ងៃ ដែលមកសិក្សានិងធ្វើជាសាក្សីចំពោះអ្វីដែលបានកើតឡើង នៅទីនេះ។ ដោយឡែកចំពោះអតីតមន្ទីរឃុំឃាំង ម-១៣ កំពុងរៀបចំដំណើរការ ដើម្បីផ្សព្វផ្សាយនិងចងចាំរឿងរ៉ាវនៃ អំពើឃោរឃៅដូចទីតាំងទាំងពីរខាងលើដែរ៕