Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា-បារាំង បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យគន្លឹះមួយចំនួន ដើម្បីឆ្ពោះទៅរកការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ

18-07-2025 11:53

(ភ្នំពេញ)៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានទទួលជំនួបជម្រាបលារបស់លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងបានលើកឡើងពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យគន្លឹះមួយចំនួន ដើម្បីឆ្ពោះទៅរកការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ។

ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរចំពោះការរួមចំណែកដ៏សំខាន់របស់ឯកអគ្គរដ្ឋទូតបារាំង ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ បារាំង និងបានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់លោកឯកអគ្គរដ្ឋទូត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនានា ជាពិសេសអប់រំ វប្បធម៌ និងអភិវឌ្ឍន៍។
ដោយទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់គ្រឿងឥស្សរិយយស «សហមេត្រីថ្នាក់មហាសេរីវឌ្ឍន៍» ដែលជាគ្រឿងឥស្សរិយយសកម្រិតខ្ពស់បំផុតមួយរបស់ ព្រះរាជាណាចក្រកម្ពុជា ជូនដល់លោក Jacques Pellet ។

លោកឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូតបារាំង បានរំលឹកឡើងវិញពីកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលថ្មីៗនេះ ក្នុងនោះរួមមានការចូលរួមយ៉ាងសកម្មរបស់កម្ពុជានៅក្នុងសន្និសីទអង្គការសហ ប្រជាជាតិ ស្តីពីមហាសមុទ្រលើកទី៣ នៅទីក្រុងនីស ដែលក្នុងឱកាសនោះកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីជីវៈចម្រុះសមុទ្រនៅក្រៅដែនយុត្តាធិការជាតិ (កិច្ចព្រមព្រៀង BBNJ) និងបានគាំទ្រសេចក្តីប្រកាសទីក្រុងនីស។

លោក ប្រាក់ សុខុន បានថ្លែងទទួលស្គាល់ចំពោះតួនាទីគន្លឹះរបស់លោក Pellet ក្នុងការសម្របសម្រួលការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាច្រើនក្នុងអាណត្តិរបស់លោក។ ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតបានជូនដំណឹងអំពីគម្រោងបំពេញទស្សនកិច្ចនៅកម្ពុជា របស់មន្ត្រីជាន់ខ្ពស់បារាំងនាពេលខាងមុខផងដែរ។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត ក៏បានកត់សម្គាល់ពីវឌ្ឍនភាពឆ្ពោះទៅរកការបង្កើតភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជានិងបារាំង នៅឆ្នាំ២០២៦។ ជាមួយគោលដៅរួមក្នុងការសម្រេចឱ្យបាន, លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះប្រទេសបារាំង ដែលបន្តផ្តល់ការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ជាពិសេសតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។

លោកបានវាយតម្លៃខ្ពស់ចំពោះតួនាទីចម្បងរបស់ប្រទេសបារាំង ក្នុងឋានៈជាសហប្រធាននៃគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ (ICC-Angkor) ក្នុងការអភិរក្សសម្បត្តិបេតិកភណ្ឌ និងការគាំទ្ររបស់បារាំងក្នុងវិស័យអប់រំតាមរយៈអាហារូបករណ៍ និងការបណ្តុះបណ្តាល។

លោកឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះភាពជាក់ស្តែង ដែលប្រទេសបារាំងនៅតែជាប្រភពភ្ញៀវទេសចរច្រើនឈានមុខគេក្នុងតំបន់អឺរ៉ុប ដែលមកទស្សនាកម្ពុជា និងបានគូសបញ្ជាក់ពីសារៈ សំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យគន្លឹះមួយចំនួនដូចជា ថាមពល ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ទេសចរណ៍ វប្បធម៌ ការអភិរក្សបេតិកភណ្ឌ និងអប់រំ។ លោក Jacques Pellet បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសបារាំងក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទាំងអស់នេះ។

ជាថ្មីម្ដងទៀត លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានអះអាងនូវការប្តេជ្ញាចិត្តរួមចំពោះកិច្ចសហប្រតិបត្តិការពហុភាគី ជាពិសេសនៅក្នុងក្របខ័ណ្ឌអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។ ឯកអគ្គរដ្ឋទូតបារាំង បានគូសបញ្ជាក់ពីការបន្តគាំទ្ររបស់ប្រទេសបារាំងចំពោះការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០៕