អនុប្រធានទី១ព្រឹទ្ធសភា ប្រាប់ភារធារីនៃស្ថានទូតអាមេរិក ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ៖ កម្ពុជាអត់ធ្មត់មិនប្រើកម្លាំង តែចង់ដោះស្រាយដោយសន្តិវិធី
18-07-2025 11:34
(ភ្នំពេញ)៖ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភានៃកម្ពុជា ប្រាប់ ភារធារីនៃស្ថានទូតអាមេរិក ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃថា កម្ពុជាអត់ធ្មត់កម្រិតខ្ពស់ មិនប្រើកម្លាំងប្រដាប់អាវុធ ដើម្បីតបត តែចង់ដោះស្រាយដោយសន្តិវិធី តាមរយៈតុលាការយុត្តធម៌អន្តរជាតិ លើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
លោក អ៊ុច បូររិទ្ធ លើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសដែល អនុញ្ញាតឲ្យលោកស្រី ប្រៃហ្គេត អែល វ៉កឃឺរ ភារធារីស្ដីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។
នៅក្នុងកិច្ចសន្ទនា លោកអនុប្រធានទី១ និង លោកស្រី ប្រៃហ្គេត អែល វ៉កឃឺរ បានពិភាក្សាគ្នា អំពីបញ្ហានានាទាក់ទងនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានផ្លាស់ប្ដូរយោបល់គ្នាអំពីស្ថានការណ៍វិវត្តន៍ថ្មីៗនៅក្នុងតំបន់និងអន្តរជាតិ។
ជាកិច្ចចាប់ផ្តើម ជាមួយនឹងការស្វាគមន៍ចំពោះគណៈប្រតិភូ, លោកអនុប្រធានទី១ បានសម្ដែងការអបអរសាទរចំពោះព្រឹត្តិការណ៍សំខាន់ៗដែលបានរៀបចំ នៅក្នុងឱកាសខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអាម៉េរិក ដែលជាសក្ខីភាពបញ្ជាក់ពីការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ច-សហប្រតិបត្តិការល្អប្រសើររវាងប្រទេសទាំងពីរ។
លោកក៏បានអបអរសាទរផងដែរ ចំពោះជោគជ័យនៃ «កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយសហរដ្ឋអាម៉េរិក» ដែលលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំជាមួយ លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) រដ្ឋមន្ត្រីការបរទេសអាម៉េរិក នាពេលថ្មីៗនេះ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្នុងតួនាទីកម្ពុជាជាប្រទេសសម្របសម្រួលដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាម៉េរិក។
ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ លោកស្រី ភារធារីស្ដីទី បានលើកទឹកចិត្តឲ្យភាគីទាំងពីរដោះស្រាយជម្លោះដោយសន្តិវិធី និងត្រៀមខ្លួនរួចជាស្រេចក្នុងចូលរួមជួយគាំទ្ររកដំណោះស្រាយ ប្រសិនបើមានសំណូមពរ។
ទន្ទឹមគ្នានេះ លោកស្រី បានចែករំលែកនូវការព្រួយបារម្ភអំពីបទល្មើសឆបោកអនឡាញ ដែលបានកើតឡើងនៅទូទាំងសកលលោក រួមទំាងតំបន់អាស៊ីអាគ្នេយ៍ ដែលបានបង្កផលប៉ះពាល់ដល់ពលរដ្ឋអាម៉េរិក និងប្រជាជននៅលើសកលលោក។ លោកស្រីសង្ឃឹមថា កម្ពុជា និងសហរដ្ឋអាម៉េរិក នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆបោកអនឡាញ ដែលជាក្ដីកង្វល់រួម។
ជាការឆ្លើយតប លោកអនុប្រធានទី១ បានគូសបញ្ជាក់ថា ស្ថិតនៅចំពោះមុខការបង្កហេតុរំលោភបំពានមកលើអធិបតេយ្យ និងបូរណភាពដែនដីកម្ពុជា ភាគីកម្ពុជាបានប្រកាន់ជំហរអត់ធ្មត់មិនប្រើកម្លាំង តបត និងស្វែងរកដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈតុលាការយុត្តធម៌អន្តរជាតិ លើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
លោកបន្ថែមថា គ្រប់ដំណើរការនៃការចរចាទ្វេភាគីកម្ពុជា-ថៃ និងចាប់ផ្តើមឡើងវិញនៅក្រោយពេលដែល ភាគីថៃបើកច្រកព្រំប្រទល់ឡើងវិញទាំងអស់ និងបានចោទសួរពីសុឆន្ទៈពិតប្រាកដរបស់ថៃក្នុងការដោះស្រាយបញ្ហាវិវាទព្រំប្រទល់រវាងប្រទេសទាំងពីរ តើហេតុអ្វី បាន ជា ប្រទេសថៃ ខ្លាចរអាមិនហ៊ានទៅ តុលាការ យុត្តិធម៌ អន្តរជាតិ?
លោកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការគោរពឲ្យបានម៉ឺងម៉ាត់នូវលិខិតុបករណ៍គតិយុត្ត ជាពិសេស អនុសញ្ញារវាងបារាំង និងសៀម ឆ្នាំ ១៩០៤ សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ ១៩០៧ និង MOU រវាងកម្ពុជា និងថៃ ស្តីពីការវាស់វែង និងការបោះបង្គោលព្រំដែនគោកឆ្នាំ២០០០ ដែលភាគីថៃខ្លួនឯងជាភាគីហត្ថលេខី ដែលនឹងនាំទៅរកដំណោះស្រាយមួយយូរអង្វែងជានិច្ចនិរន្តរ៍ដើម្បីជាគុណប្រយោជន៍ដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសម្រាប់ប្រជាជនប្រទេសទាំងពីរ កម្ពុជា-ថៃ។
ចំពោះបញ្ហាឆបោកតាមអនឡាញ លោកអនុប្រធានទី១ បានគូសបញ្ជាក់ថា កម្ពុជា ជាប្រទេសរងគ្រោះ ដោយសារបទល្មើសឆបោកតាមអនឡាញ ដែលកំពុងកើតមាននៅក្នុងបណ្តាប្រទេសជាច្រើននៅក្នុងសកលលោក។ ប្រឈមមុខចំពោះបាតុភាពអសកម្មនៅក្នុងសង្គមនេះ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីខែកុម្ភៈ កន្លងទៅនេះ បានប្រកាសដាក់ចេញនូវវិធានការដ៏មុតស្រួចមួយ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមអនឡាញ និងឧក្រិដ្ឋកម្មជួញដូរមនុស្សនៅកម្ពុជា ដោយបង្កើតឲ្យមានគណៈកម្មការមួយ ដែលដឹកនាំដោយសម្តេចផ្ទាល់ អមដោយឧបនាយករដ្ឋមន្ត្រី និងក្រសួងស្ថាប័នពាក់ព័ន្ធ។
លោក ក៏បានលើកជាអនុសាសន៍ថា ជាមួយនឹងការរឹតបន្តឹងការអនុវត្តច្បាប់ គួរតែបណ្តាប្រទេសដែលមានប្រជាជនរងគ្រោះ ខិតខំអប់រំ និងផ្សព្វផ្សាយអំពីល្បិចកល និងផលវិបាកនានា ឱ្យបានទូលំទូលាយដល់ប្រជាជនខ្លួន។
ជាការឆ្លើយតប លោកស្រី ប្រៃហ្គេត អែល វ៉កឃឺរ បានសម្តែងនូវអំណរអរគុណចំពោះ លោកអនុប្រធានទី១ ដែលផ្តល់ឱកាសឱ្យលោកស្រី និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកស្រីបានបង្ហាញពី ការបេ្តជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិក នៅក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា ក៏ដូចជាអាស៊ាន ដែលក្នុងនោះលោកស្រីបានរំលេចថា លោក ម៉ាកូ រ៉ូប៊ីអូ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នាពេលកន្លងទៅ និងបានថ្លែងអំណរគុណកម្ពុជា សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងនាមជាប្រទេសសម្របសម្រួលដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាម៉េរិក។
លោកស្រី បានថ្លែងអំណរគុណយ៉ាងជ្រាជ្រៅចំពោះការបកស្រាយបំភ្លឺរបស់ ឯកឧត្តមអនុប្រធានទី១ អំពីបញ្ហាវិវាទព្រំដែនកម្ពុជា-ថៃ និងបានសម្តែងនូវក្តីសង្ឃឹមថា ភាគីទាំងពីរនឹងឆាប់រកបាននូវដំណោះស្រាយដោយសន្តិវិធីឱ្យបានឆាប់រហ័ស និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកអនឡាញ ព្រមទាំងបានគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់សហរដ្ឋអាម៉េរិក ក្នុងការសហការជាមួយកម្ពុជា សំដៅអនុវត្តកិច្ចការនេះឱ្យបានជោគជ័យ៕