Fresh Exclusive: មនុស្សដែលរង់ចាំជួបសម្តេចតេជោ៤ម៉ោង កំពុងនិយាយថា សម្តីរបស់បុរសខ្លាំងនៃកម្ពុជា «គ្មានតម្លៃ»៖ តើអ្វីទៅជាការពិតនៅពីក្រោយសម្តីនេះ?
18-07-2025 10:23
(ភ្នំពេញ)៖ ប្រសាសន៍ព្រមានរបស់សម្តេចតេជោ ដែលត្រៀមយកពេលវេលា៣ម៉ោង ដើម្បីលាតត្រដាងសម្តីរបស់ ថាក់ស៊ីន ដែលនិយាយប្រមាថលើព្រះមហាក្សត្រថៃរបស់ខ្លួនឯងនោះ បានធ្វើឱ្យនាយករដ្ឋមន្ត្រីស្តីទីរបស់ថៃ បង្ហាញប្រតិកម្មដោយប្រើពាក្យសម្តីភាពភ្លេចភ្លាំងវង្វេងវង្វាន់។ នាយករដ្ឋមន្ត្រីស្តីទីរបស់ថៃ លោក «ភូមិថាំ វៈឆៈយៈឆៃ» ដែលធ្លាប់តែរង់ចាំរយៈពេល៤ម៉ោង ដើម្បីតែចាំជួបសម្តេចតេជោ ហ៊ុន សែន នោះបែរជានិយាយថា សម្តីរបស់បុរសខ្លាំងនៃបិតាសន្តិភាពជាតិកម្ពុជា «គ្មានតម្លៃ» ទៅវិញ។
Fresh Exclusive មានរាយការណ៍ដូចតទៅ៖
នៅក្នុងបរិបទការទូត, ពេលវេលា គឺជារង្វាស់ដ៏ច្បាស់លាស់បំផុតនៃការគោរព។ ដូច្នេះនៅពេលដែលអ្នកដឹកនាំនយោបាយណាម្នាក់ បានចំណាយពេលរបស់ខ្លួន នៅក្នុងការរង់ចាំជាច្រើនម៉ោង ដើម្បីការចង់និយាយទៅកាន់ឥស្សរជននយបោយណាម្នាក់នោះ វាគឺជាការផ្តល់តម្លៃដ៏ខ្លាំងក្លាជាមួយនឹងតម្លៃកោតគោរពដ៏ខ្ពង់ខ្ពស់ថែមទៀត ចំពោះបុគ្គលដ៏សំខាន់ដែលគេបានរង់ចាំនោះ។ ប៉ុន្តែអ្វីដែលគួរឱ្យអស់សំណើចនិងគួរឱ្យហួសចិត្តទៅវិញនោះ គឺមនុស្ស ដែលធ្លាប់តែរង់ចាំសម្តេចតេជោ ហ៊ុន សែន រយៈពេល៤ម៉ោង បែរជានិយាយដោយខ្វះការចងចាំរបស់ខ្លួនថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន «គ្មានតម្លៃ» ទៅវិញ។
តើសម្តីនេះសមហេតុផលដែរឬទេ? ពីព្រោះវាមិនមែនគ្រាន់តែជាភាពផ្ទុយគ្នាមួយប៉ុណ្ណោះទេ ប៉ុន្តែគឺជាល្ខោននយោបាយមួយ ដែលជំរុញនូវភាពភ័យស្លន់ស្លោ និងការអស់សង្ឃឹមលើនយោបាយរបស់ខ្លួនតែប៉ុណ្ណោះ។
ភាពចលាចលនយោបាយថៃ បន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ រវាងលោកស្រី Paetongtarn Shinawatra និងប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន ត្រូវបានលេចធ្លាយនោះមក វាបានបង្កភាពរង្គោះរង្គើជាខ្លាំងក្នុងនយោបាយផ្ទៃក្នុងរបស់ថៃ ជាពិសេសវង្សត្រកូល ថាក់ស៊ីន ដែលជាស្នូលនៃការដឹកនាំរាជរដ្ឋាភិបាលថៃក្នុងពេលបច្ចុប្បន្ន។ ភាពរង្គោះរង្គើនោះ នៅមិនទាន់បញ្ចប់នៅឡើយទេ ហើយវាហាក់ដូចជាកាន់តែមានភាពរាលដាលជាមួយនឹងការឆ្លុះបញ្ចាំងឱ្យសាធារណជនថៃ កាន់តែបានមើលឃើញនូវទង្វើលាក់ពុតរបស់ត្រកូល ថាក់ស៊ីន ដែលគេសង្ស័យថា បានបង្កើតនូវទំនាស់ រវាងភាពប្រទាញប្រទង់អំណាចនយោបាយផ្ទៃក្នុងរបស់ថៃផង, ក្បត់ចំពោះផលប្រយោជន៍នៃប្រជាជនថៃរបស់ខ្លួនឯងផង និងជាពិសេសទង្វើរបស់មេដឹកនាំត្រកូល គឺលោក ថាក់ស៊ីន តែម្តងដែលពេលនេះកំពុងជាប់សង្ស័យតាមផ្លូវតុលាការក្នុងអំពើប្រមាថព្រះមហាក្សត្រថៃរបស់ខ្លួនឯង យោងតាមមាត្រា១១២ នៃច្បាប់ព្រហ្មទណ្ឌរបស់ថៃ។
អ្វីដែលកាន់តែព្រួយបារម្ភថែមទៀតនោះ គឺប្រសាសន៍ព្រមានរបស់សម្តេចតេជោ ហ៊ុន សែន ដែលត្រៀមនឹងយកពេលប្រមាណ៣ម៉ោងដើម្បីទម្លាយរឿង ថាក់ស៊ីន ដែលប្រមាថព្រះមហាក្សត្រថៃរបស់ខ្លួនឯងទាំងព្រះមហាក្សត្រថៃជំនាន់មុន និងព្រះមហាក្សត្រថៃបច្ចុប្បន្ន។
នាយករដ្ឋមន្ត្រីស្តីទីរបស់ថៃ ដែលជាអតីតរដ្ឋមន្ត្រីការពារជាតិ គឺលោក ភូមិថាំ វៈឆៈយៈឆៃ ក្រោយប្រសាសន៍ព្រមានរបស់សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមប្រើសម្តីវាយប្រហារដាក់មកលើសម្តេចប្រធានរដ្ឋសភានៃប្រទេសកម្ពុជា។ នាយករដ្ឋមន្ត្រីស្តីទីរបស់ថៃ បាននិយាយដោយគ្មានការពិតថា សម្តីរបស់បុរសខ្លាំងនៃបិតាសន្តិភាពរបស់កម្ពុជា «គ្មានតម្លៃ» បើទោះបីជារូបលោកខ្លួនឯងក៏ធ្លាប់អមអតីតនាយករដ្ឋមន្ត្រីថៃ ដែលរង់ចាំសម្តេចតេជោ រយៈពេល៤ម៉ោង ដើម្បីតែការចង់ទទួលបាននូវការផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់តាមរយៈសម្លេងទូរស័ព្ទនោះក៏ដោយ។
តាមពិតខ្សែអាត់សំឡេង ដែលលាតត្រដាងអំពីការពិត ដែលទាំងអតីតនាយករដ្ឋមន្ត្រីថៃ និងលោក ភូមិថាំ វៈឆៈយៈឆៃ បានស្នើសុំយោបល់បន្ទាប់ពីចំណាយពេលប្រមាណ៤ម៉ោង ក្នុងការរង់ចាំនោះគឺជាសក្ខីកម្ម ដែលបង្ហាញថាសម្តេចតេជោ ហ៊ុន សែន គឺពិតជាឥស្សរជននយោបាយដ៏មានឥទិ្ធពលដ៏ធំធេង មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក្នុងតំបន់ផងដែរ ដែលរួមមានទាំងអតីតមេដឹកនាំថៃក្នុងពេលនោះក៏សុំរកអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីបិតាសន្តិភាពរបស់កម្ពុជាផងដែរ។ ការច្រានចោលថា «គ្មានតម្លៃ» ដែលនាយករដ្ឋមន្ត្រីស្តីទីថៃលោក ភូមិថាំ វៈឆៈយៈឆៃ បាននិយាយនោះ គឺជាការភ្លេចភ្លាំងផ្នែកនយោបាយនិងជាសម្តីបោកប្រាស់ជាយុទ្ធសាស្ត្ររបស់ថៃតែប៉ុណ្ណោះ។
សម្ដេចតេជោ តាមរយៈសារក្នុងបណ្តាញសង្គម បានសរសេរតបទៅវិញថា៖ «ខ្ញុំក៏ចង់បញ្ជាក់បែបទះកំភ្លៀងចំពោះបុគ្គលរូបនេះថាបើ ហ៊ុន សែន អត់មានតម្លៃសម្រាប់ការចរចា ហេតុអ្វីលោកត្រូវអមដំណើរអតីតនាយករដ្ឋមន្ត្រី ដែលកំពុងព្យួរតំណែងមកចាំទូរស័ព្ទជួបខ្ញុំនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដោយមិនមានការណាត់ជាមុន?»។
សម្តេចតេជោ បានរៀបរាប់បន្តថា៖ «កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ពួកលោកចាត់ទុក ហ៊ុន សែន ជាមនុស្សមានតម្លៃ ដែលអស់លោកយល់ថា ត្រូវសុំឱវាទ ឬសុំយោបល់ ឬសុំចរចា តែដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោកបែរជានិយាយថាលោក ហ៊ុន សែន មិនមានតម្លៃក្នុងការចរចា។ តើលោកលេបថ្នាំខុសទេដឹង ទើបធ្វើឲ្យលោកបាត់ការចងចាំបែបនេះ»?
* ហេតុអ្វីបានជាមេដឹកនាំនយោបាយថៃ ប្រែក្រឡាស់ថា សម្តីនៃបុរសខ្លាំងកម្ពុជា «គ្មានតម្លៃ» ទៅវិញ?
ជារៀងរាល់ដងសម្តីដ៏មានតម្លៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបង្ហោះសារតាមបណ្តាញសង្គម តែងធ្វើឱ្យមានភាពរញ្ជួយក្នុងរង្វើនយោបាយផ្ទៃក្នុងរបស់ថៃ បើទោះបីជាសាររបស់សម្តេច ជាការបញ្ជូនព័ត៌មានធម្មតា ដាស់តឿននិងប្រាប់ប្រជាពលរដ្ឋនៃប្រទេសកម្ពុជាពីភាពវិវត្តន៍ទៅមុខនៃដំណើររបស់ប្រទេសជាតិកម្ពុជាក៏ដោយ។ បញ្ហាប្រឈមដ៏ធំបំផុតរបស់ប្រទេសថៃ មិនមែនជាជម្លោះខាងក្រៅនោះទេ ប៉ុន្តែការបែកបាក់ផ្ទៃក្នុងនៃការតស៊ូអំណាច ដែលកន្លងមកនេះទាំងលោក ថាក់ស៊ីន និងកូនស្រីរបស់លោក ដែលបច្ចុប្បន្នត្រូវបានគេព្យួរពីតំណែងនាយករដ្ឋមន្ត្រីនោះ តែងតែនិយាយបង្ហើប ឬបរិហារនូវនយោបាយផ្ទៃក្នុងរបស់ថៃ និងទូលពិតអំពីផ្ទៃក្នុងរបស់ខ្លួនឯងនោះ ប្រាប់ដល់សម្តេចតេជោ មិនដែលសូវលោះពេលឡើយ សូម្បីតែរឿងប្រមាថដល់ព្រះមហាក្សត្រថៃ ដែលលោក ថាក់ស៊ីន ធ្លាប់បាននិយាយកន្លងមក។
ដូច្នេះសម្តីព្រមានរបស់សម្តេចតេជោ ដែលត្រៀមនឹងយកពេលវេលាប្រមាណ៣ម៉ោង ដើម្បីទម្លាយរឿងអាថ៌កំបាំងពាក់ព័ន្ធនឹងអ្វីដែល ថាក់ស៊ីន បាននិយាយប្រមាថរបស់ព្រះមហាក្សត្រនោះទេ ដែលជាការជម្រុញឱ្យនាយករដ្ឋមន្ត្រីស្តីទីរបស់ថៃ ដែលស្ថិតក្នុងគណបក្សភឿថៃនោះ ត្រូវប្រញាប់ចាត់វិធានការរកវិធីបន្សាបឥទ្ធិពលទុកជាមុន ពីព្រោះ ថាក់ស៊ីន បច្ចុប្បន្នេះនៅមិនទាន់រួចខ្លួនពីការចោទប្រកាន់តាមផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសថៃ នៃមាត្រា១១២ ក្នុងច្បាប់ព្រហ្មទណ្ឌនៃទង្វើប្រមាថព្រះមហាក្សត្រថៃរបស់ខ្លួនឯងនោះផងទេ ពាក់ព័ន្ធបទចោទប្រកាន់មួយយោងតាមសម្តីដែលលោក ថាក់ស៊ីន ធ្លាប់បានសម្ភាសន៍ក្នុងឆ្នាំ២០១៥ ជាមួយនឹងសារព័ត៌មានកូរ៉េខាងត្បូង Chosun Ilbo។ ហើយគប្បីគិតមើលទៅ បើសិនជាមានការទម្លាយរឿងប្រមាថព្រះមហាក្សត្រថៃ ដែលជារឿងនៃទោសកំហុសផ្សេងមួយទៀតនោះតើវាសនារបស់ ថាក់ស៊ីន នឹងក្លាយទៅជាយ៉ាងណា?
តើគណបក្សភឿថៃ នឹងអាចរំពឹងលើការតោងកាន់អំណាចរបស់ខ្លួនក្នុងការដឹកនាំប្រទេសថៃ បន្តទៀតបានដែរឬទេ?
ដូច្នេះសម្តីដ៏គគ្លើនរបស់នាយករដ្ឋមន្រ្តីស្តីទីថៃ ដែលនិយាយទុកជាមុនថា សម្តីរបស់សម្តេចតេជោ «គ្មានតម្លៃ» នោះ គឺជាការចង់បន្សាបឥទ្ធិពល និងជាការបង្ហាញភាពភ័យតក់ស្លុតរបស់អ្នកដឹកនាំគណបក្សភឿថៃ នោះទៅវិញទេ។
សម្តេចតេជោក្នុងប្រសាសន៍តាមបណ្តាញសង្គមនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានសរសេរថា សម្តេច មិនចង់ឆ្លើយតបជាមួយមនុស្សព្រហើន ដូចនាយករដ្ឋមន្ត្រីស្តីទីរបស់ថៃនោះទេ ប៉ុន្តែសម្តេច «មានការចាំបាច់បញ្ជូនសារទៅប្រាប់ប្រជាជនថៃថា នាយករដ្ឋមន្ត្រីស្តីទីរបស់ថៃសព្វថ្ងៃនេះ ក៏មានចំណែកទទួលខុសត្រូវលើការសុំឱវាទ ឬយោបល់ ឬចរចាតាមទូរស័ព្ទនាល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ជាមួយលោកស្រី អ៊ុងអ៊ីន កន្លងមក» នេះផងដែរ។
ការពិតនៅពីក្រោយពាក្យសម្តីដ៏ព្រហើនរបស់នាយករដ្ឋមន្ត្រីថៃស្តីទីនោះ គឺច្បាស់លាស់ហើយថា អ្នកដែលធ្លាប់រង់ចាំបួនម៉ោងសម្រាប់ដំបូន្មានរបស់សម្តេចតេជោ ហ៊ុន សែន ឥឡូវនេះបែរជាចង់លុបចោលនូវការចងចាំរបស់ខ្លួនទៅវិញ។ អ្វីដែលនាយករដ្ឋមន្ត្រីស្តីទី លោក ភូមិថាំ វៈឆៈយៈឆៃ ត្រូវរៀនសាឡើងវិញ ដើម្បីការចងចាំរបស់ខ្លួននោះគឺ «ពេលវេលា ក៏ដូចជាការពិតដែរ គឺគេមិនអាចសរសេរឡើងវិញបានទេ»។ ហើយជាមួយគ្នានេះក៏គ្មានអំណាចនយោបាយណាដែលអាចបង្វិលសម្លេងសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ថា «គ្មានតម្លៃ» នោះដែរ៕