Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តប៉ៃលិន នាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ៣៥វត្ត ទូទាំងខេត្តប៉ៃលិន

17-07-2025 23:15

(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងក្រុមការងារ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ បាននាំយកទេយ្យទានទេយ្យវត្ថុ ជាគ្រឿងឧបភោគ បរិភោគ និងបច្ច័យ វេរប្រគេន ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសទូទាំងខេត្តប៉ៃលិន ចំនួន ៣៥វត្ត ទូទាំងខេត្តប៉ៃលិន ដែលពិធីនេះបានធ្វើឡើងនៅវត្តរតនសោភ័ណ ហៅវត្តកោងកាង ស្ថិតក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

នាឱកាសនោះលោកស្រីបណ្ឌិត បានស្រីមុំ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតចំពោះវឌ្ឍនភាព និងសុខដុមនីយកម្មសាសនា ហើយក្នុងនោះ វិស័យពុទ្ធចក្រ និងអាណាចក្រ ក៏មានការរីកចម្រើនទន្ទឹមគ្នាក្រោមបរិយាកាសសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យដែលជាចលករធ្វើឱ្យពុទ្ធបរិស័ទមានជីវភាពធូរធារ និងបានចូលរួមកសាងទីវត្តអារាម ឱ្យមានការរីកចម្រើនជាលំដាប់ ។

លោកស្រីអភិបាលខេត្ត បញ្ជាក់ទៀតថា ការចូលកាន់ព្រះវស្សារបស់ព្រះសង្ឃ ក្នុងពុទ្ធសាសនា គឺជាអំឡុងពេលដ៏សំខាន់ ដើម្បីឲ្យភិក្ខុសាមណេរ បានសិក្សារៀនសូត្រព្រះបរិយត្តិធម៌ និងបដិបត្តិធម៌វិន័យ ឱ្យបានខ្ជាប់ខ្ជួនតាមពុទ្ធប្បញ្ញត្តិរយៈពេល ០៣ខែ ចាប់ផ្តើមពីថ្ងៃ ០១រោច ខែអាសាឍ ដល់ថ្ងៃ ១៥កើត ខែអស្សុជ ហើយការនាំយកគ្រឿងឧបភោគ បរិភោគ និងបច្ច័យ មកវេរប្រគេនដល់ព្រះសង្ឃកំពុងគង់ចាំព្រះវស្សា អស់កាលត្រីមាស នាពេល នេះ គឺដើម្បីដោះស្រាយការលំបាករបស់ព្រះសង្ឃ ដែលកំពុងបដិបត្តិធម៌ និងសិក្សារៀនសូត្រនូវធម៌វិន័យ ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង ។

ជាមួយគ្នានេះផងដែរ លោកស្រី បាន ស្រីមុំ ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន និងសេចក្តីសុខក្រុមគ្រួសារ ទាំងមូលពីព្រោះ រដូវនេះជារដូវមានភ្លៀងធ្លាក់ច្រើន និងលាយឡំជាមួយខ្យល់កន្ត្រាក់ ផ្គររន្ទះ ដែលងាយបង្កការគ្រោះថ្នាក់កើតឡើងជាយថាហេតុ ហើយបើមានបញ្ហាកើតឡើង ត្រូវប្រញាប់រាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុតឲ្យបាន លឿន ដើម្បីឱ្យក្រុមការងារចុះទៅជួយអន្តរាគមន៍ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ឱ្យបានទាន់ពេលវេលា ក្នុងការ ចូលរួមសម្រាលការខ្វះខាតនានាជាបណ្តោះអាសន្ន ។

សូមបញ្ជាក់ថា លោកស្រីបណ្ឌិតអភិបាលខេត្ត និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ បានប្រគេនដល់ ព្រះសង្ឃ ដែល គង់ចាំ ព្រះវស្សាទូទាំងខេត្តប៉ៃលិន ចំនួន ៣៥វត្ត ដោយក្នុង១វត្តៗទទួលបាន៖ ទៀនព្រះវស្សា អង្ករ ទឹកសុទ្ធ ទឹក ផ្លែឈើ ទឹកដោះគោ ទឹកត្រី ត្រីខ មី តែ ស្ករស និងបច្ច័យមួយចំនួនផងដែរ៕