ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំក្នុងការត្រួតពិនិត្យផ្គូរផ្គង និងវាយតម្លៃ ការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៤ ដល់មន្ត្រីជំនាញជុំវិញខេត្ត
17-07-2025 23:10
(ត្បូងឃ្មុំ): នៅសាលប្រជុំរំដួល សាលាខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំស្តីពី ការពិនិត្យផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រង បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល ប្រចាំឆ្នាំ២០២៤ ជូនដល់មន្ទីរអង្គភាពជុំវិញខេត្ត ដែលធ្វើឡើងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។
កិច្ចប្រជុំនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក ពាង ណារិទ្ធ អភិបាលរងខេត្ត តំណាងលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី ប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំសាលាខេត្តមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ រដ្ឋបាលក្រុង-ស្រុក ឃុំ សង្កាត់ និងមន្ត្រីជំនាញអ្នកពាក់ព័ន្ធ សរុបចំនួន ១៥០នាក់។
ក្នុងឱកាសនោះ លោក ពាង ណារិទ្ធ អភិបាលរងខេត្តបានលើកឡើងថា ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក៏ជាផ្នែកមួយដ៏សំខាន់ នៃកម្មវិធីកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈផងដែរ ដូច្នេះក្នុងនាមអង្គភាពដែលជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ត្រូវខិតខំគ្រប់គ្រង ប្រើប្រាស់ និងថែរក្សាទ្រព្យសម្បត្តិរដ្ឋប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ជូនរដ្ឋ។
លោក អភិបាលរងខេត្ត ក៏បានក្រើនរំលឹកទៅដល់ គ្រប់អង្គភាពទាំងអស់ ត្រូវធ្វើការរៀបចំកត់ត្រាទ្រព្យសម្បត្តិរដ្ឋឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយទៅក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដោយអនុលោមតាមបែបបទ និងនីតិវិធីដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានណែនាំ ក្នុងន័យគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋប្រកបដោយប្រសិទ្ធភាព ស័ក្ដសិទ្ធភាព និងគណនេយ្យភាព។
ជាមួយគ្នានោះដែរ លោក ម៉ុន ថាណូ អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ទ្រព្យសម្បត្តិរដ្ឋ ជាកត្តាដ៍សំខាន់ ក្នុងការកំណត់គុណភាព និងវិសាលភាពនៃការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលរបស់អាជ្ញាធរកាន់កាប់ ឬអង្គភាពប្រើប្រាស់ ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រើប្រាស់ និងថែទាំ។
លោកបន្ថែមថា ប្រសិនបើយើងថែទាំ និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋទាំងនោះបានល្អ នោះការបំពេញការងារប្រចាំថ្ងៃរបស់អង្គភាព នឹងអាចប្រព្រឹត្តិទៅដោយរលូន ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺយើងបានចូលរួមចំណែកកាត់បន្ថយចំណាយរបស់អង្គភាពក្នុងការទិញ សំភារៈប្រើប្រាស់ថ្មីបន្ថែមទៀតបានមួយផ្នែកធំ។
លោក ម៉ុន ថាណូ ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មរដ្ឋបាលខេត្តត្បូងឃ្មុំ ជាពិសេសមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដែលបានអនុវត្តកិច្ចការងារទទួលបានលទ្ធផលល្អនាពេលកន្លងមក និងសំណូមពរឱ្យខិតខំអនុវត្តកិច្ចការងារនេះបន្ថែមទៀត។
បើតាមរបាយការណ៍របស់លោក គីម ទិត្យា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ បានបង្ហាញថា មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត និងរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តត្បូងឃ្មុំ សរុបមានចំនួន ១០៤អង្គភាពបានរៀបចំបញ្ជីសារពើភណ្ឌរួចរាល់មានចំនួន៩២មន្ទីរ-អង្គភាពស្មើ ៨៨% និងបន្តរៀបចំអោយបានរួចរាល់នាពេលខាងមុខ ដោយឡែកទីតាំងដីរដ្ឋសរុបចំនួន ១០៥២កន្លែង បានធ្វើប័ណ្ណកម្មសិទ្ធិរួចចំនួន ៧៨៨កន្លែង ស្មើនឹង៧៥% និងកំពុងបន្តស្នើសុំប័ណ្ណកម្មសិទ្ធិចំនួន ២៦៤កន្លែង ស្មើនឹង ២៥%ផងដែរ៕