ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកំពង់ភ្លុក ជំរុញឱ្យក្រុមការងារចុះដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា
17-07-2025 23:06
(សៀមរាប)៖ លោកឧត្ដមសេនីយ៍ត្រី សៀ ទីន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកំពង់ភ្លុក ដោយមានការចូលរួមពីលោក លោកស្រី ជាក្រុមការងារ តំណាងមន្ទីរ អង្គភាពក្នុងខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនផងដែរ។
ក្នុងឱកាសនោះលោកឧត្ដមសេនីយ៍ត្រី សៀ ទីន បានជំរុញដល់ក្រុមការងារទាំងអស់ បន្ដកិច្ចសហការគ្នាយ៉ាងស្អិតរមួតធ្វើយ៉ាងណាឱ្យមូលដ្ឋានឃុំកំពង់ភ្លុកទាំងមូល មានការអភិវឌ្ឍន៍កាន់តែល្អប្រសើរ ជាពិសេសសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ។
លោកក៏បានជំរុញឱ្យក្រុមការងារទាំងអស់ ត្រូវក្ដាប់ឱ្យបាននូវបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយត្រូវព្យាយាមដោះស្រាយជូនពួកគាត់ឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ទៅតាមវិស័យ និងជំនាញនីមួយៗរបស់ខ្លួន ដើម្បីឱ្យពលរដ្ឋមានជំនឿទុកចិត្ដលើការអនុវត្តការងាររបស់យើងសំដៅដល់ការលើកកម្ពស់ជីវភាពរស់នៅ និងអភិវឌ្ឍមូលដ្ឋានជាចាំបាច់ និងត្រូវអនុវត្ដតាមសំណូមពររបស់ពលរដ្ឋដែលបានលើកឡើងជាបន្តបន្ទាប់។
ជាមួយគ្នានេះ លោកក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារដែលបានអនុវត្តផែនការសកម្មភាពបានយ៉ាងល្អប្រសើរគួរឱ្យកត់សម្គាល់នាពេលកន្លងមក និងសំណូមពរឱ្យក្រុមការងារយកចិត្តទុកដាក់អនុវត្តការងារតាមវិស័យនីមួយៗជាបន្ដទៀត ដើម្បីបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងមូល៕