Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ អត្រាពន្ធ ៣៦% ដែលអាមេរិកដាក់មកកម្ពុជា មិនមែនជាពន្ធបដិកាចុងក្រោយនោះទេ នៅខែសីហា ខាងមុខនឹងមានអត្រាពន្ធបដិកាថ្មី !

17-07-2025 20:12

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួល ការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (GPSF) បានថ្លែងបញ្ជាក់ប្រាប់ទៅអ្នកវិនិយោគិននៅកម្ពុជាថា ពន្ធ ៣៦% ដែលអាមេរិកដាក់មកកម្ពុជា មិនមែនជាពន្ធបដិការចុងក្រោយនោះទេ សូមអ្នកវិនិយោគទាំងអស់ កុំភ័យទៅណា នៅឱ្យស្ងៀម ត្រូវជឿជាក់លើរាជរដ្ឋាភិបាល នៅខែសីហា ខាងមុខ និងមានពន្ធបដិកាថ្មី។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ដូចនេះនារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ នាឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤ និងមានការចូលរួមពីលោក Derek Yip ឯកអគ្គរដ្ឋទូតនៃប្រទេសអូស្ត្រាលីប្រចាំ​កម្ពុជា លោក លោកស្រី តំណាងអង្គទូតមកពីបណ្តាប្រទេសជាមិត្ត អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងមានអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា «ខ្ញុំជឿជាក់ថា អត្រាពន្ធបដិការថ្មីយើងនឹងទទួល ដូចដែលឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់ថា នៅថ្ងៃទី១ ខែសីហា ខាងមុខនេះ នឹងមានពន្ធបដិការថ្មី»

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា សង្ឃឹមថាការចរចារដោយសុច្ចរិត និងស្មោះត្រង់ រវាងកម្ពុជានិងសហរដ្ឋអាមេរិក ក្រោមការចង្អុលបង្ហាញដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងផ្តល់នូវផលជាវិជ្ជមានដល់កម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។

លោកឧបនាយករដ្ឋមន្ត្រី លើកឡើងបន្តថា ជុំវិញពន្ធបដិការនេះកម្ពុជាបាននិងកំពុងរង់ចាំដូចបណ្តាប្រទេសមួយចំនួននៅលើពិភពលោកដែរ កំពុងរង់ចាំមើលពន្ធបដិការចុងក្រោយដូចគ្នា, ប៉ុន្តែកម្ពុជាបានធ្វើកិច្ចការគ្រប់ជ្រុងជ្រោយទាំងអស់ ដើម្បីខិតខំការពារផលប្រយោជន៍របស់ប្រទេសកម្ពុជា ហើយសូមជម្រាបថា ៣៦% នេះមិនមែនជាពន្ធបដិការចុងក្រោយនោះទេ ដូចនេះសូមអ្នកវិនិយោគ អ្នកមានរោងចក្រទាំងអស់ កុំភ័យទៅណា នៅឱ្យស្ងៀម ត្រូវជឿជាក់លើរាជរដ្ឋាភិបាល ដោយរាជរដ្ឋាភិបាលមានវិធានការគ្រប់បែបយ៉ាងដើម្បីជួយសម្រួលដល់ផ្នែកឯកជនផងដែរ។

សូមបញ្ជាក់ថា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ កន្លងមកនេះ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានសម្រេចយកពន្ធគយ បដិការលើប្រទេសដៃគូពាណិជ្ជកម្មចំនួន ១៤ ក្នុងនោះរួមមាន៖ កម្ពុជា ៣៦%, ឥណ្ឌូណេស៊ី ៣២%, ថៃ ៣៦%, មីយ៉ាន់ម៉ា ៤០%, ឡាវ៤០%, ម៉ាឡេស៊ី ២៥%, បង់ក្លាដែស ៣៥%, ជប៉ុន ២៥%, សាធារណរដ្ឋកូរ៉េ ២៥%, ទុយនេស៊ី ២៥%, កាហ្សាក់ស្ថាន ២៥%, អាហ្វ្រិកខាងត្បូង ៣០%, ស៊ែប៊ី ៣៥%, បូស្នៀ និងហឺហ្សេហ្គោវីណា ៣០%៕