Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកឧកញ៉ា គិត ម៉េង កោតសរសើរចំពោះវឌ្ឍនភាព ដែលវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ សម្រេចបានការដោះស្រាយបញ្ហាសំខាន់ៗជូនវិស័យឯកជនបានរហូតដល់៦៩%

17-07-2025 20:00

(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មាធិការសម្រប សម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន តំណាងផ្នែកឯកជន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាផ្សេងៗដែលជាក្តីកង្វល់របស់វិស័យឯកជនស្នើឡើង តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ដែលសម្រេចបានលទ្ធផលគួរជាទីមោទនៈរហូតដល់៦៩% ក្នុងចំណោមបញ្ហាសរុបចំនួន១១៥។

ការថ្លែងកោតសរសើរបែបនេះរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មាធិការសម្រប សម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន តំណាងផ្នែកឯកជន នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងកម្មពិធីសិក្ខាសាលាផ្សព្វ ផ្សាយរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅសណ្ឋាគារ Shangri-La។

សិក្ខាសាលាដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីរាជរដ្ឋាភិបាល តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងអង្គទូតមកពីបណ្តាប្រទេសជាមិត្តរបស់កម្ពុជា ព្រមទាំងវត្តមានរបស់សហប្រធានក្រុមការងារផ្នែកឯកជនទាំង១៦ និងសមាជិក សមាជិការ នៃសភាពាណិជ្ជកម្មកម្ពុជា ជាច្រើនរូបផងដែរ។

ឆ្លៀតក្នុងឱកាសនេះដែរ អ្នកឧកញ៉ា គិត ម៉េង បានថ្លែងរំលឹកថា វេទិការរាជរដ្ឋាភិបាល-វិស័យឯកជន (G-PSF) បានក្លាយជាមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ចាប់តាំងពីវេទិការដ៏សំខាន់នេះ បានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ ចាប់តាំងពីពេលនោះមក យន្តការនេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអនុញ្ញាតឱ្យផ្នែកឯកជនលើកឡើងនូវសំណូមពរ និងបញ្ហាប្រឈមដើម្បីស្នើសុំដំណោះស្រាយ និងអន្តរាគមន៍ពីផ្នែករាជរដ្ឋាភិបាល។

អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តដឹកនាំវេទិការាជរដ្ឋាភិបាល-វិស័យឯកជន លើកទី១៩ និងបានរំលឹកសារជាថ្មីអំពីសារៈសំខាន់ នៃការបន្តភាពជាដៃគូនេះ ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់បន្តកិច្ចសន្ទនាជាមួយវិស័យឯកជន។

អ្នកឧកញ៉ា ប្រធាន បានគូសបញ្ជាក់ថា គិតចាប់ពីក្រោយថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ដំណាច់ឆ្នាំ២០២៤ បញ្ហាចំនួន១១៥ ដែលលើកឡើងដោយក្រុមការងារផ្នែកឯកជនទាំង១៦ ត្រូវបានរាជរដ្ឋាភិបាល ធ្វើការដោះស្រាយបានបញ្ហាចំនួន៧៩ ស្មើនឹងប្រមាណ៦៩% រីឯបញ្ហាចំនួន៣៦ ស្មើនឹងប្រមាណ៣១% កំពុងត្រូវបានបន្តដោះស្រាយ។

ទោះជាយ៉ាងណា ក្នុងនាមតំណាងឲ្យវិស័យឯកជននៅកម្ពុជា អ្នកឧកញ៉ា គិត ម៉េង បានស្នើឱ្យរាជរដ្ឋាភិបាល បន្តធ្វើការដោះស្រាយបញ្ហាដែលនៅសេសសល់ទាំងនេះ។ ដោយអ្នកឧកញ៉ា មានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលនឹងមានដំណោះស្រាយចំពោះបញ្ហាទំាងនេះប្រកបដោយគណនេយ្យភាព និងប្រសិទ្ធភាព។

ក្នុងឱកាសនេះដែរ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ពិធីសិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ ការយល់ដឹងអំពីវឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ឱ្យបានទូលំទូលាយបន្ថែមពីលើការផ្សព្វផ្សាយឯកសារតាមប្រព័ន្ធឌីជីថល។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំតម្រង់ទិសរបស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់នៅក្នុងការលើកកម្ពស់តួនាទី និងសិទ្ធិរបស់វិស័យឯកជននៅកម្ពុជា សំដៅជំរុញបរិយាបន្នក្នុងការជួយគិត ជួយធ្វើ និងជួយទទួលខុសត្រូវនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឈានឆ្ពោះសម្រេចបាននូវចក្ខុវិស័យកម្ពុជា២០៥០ ធ្វើយ៉ាងណាឱ្យប្រទេសជាតិប្រែក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់។

ទន្ទឹមនឹងនេះលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល លើការងារវិនិយោគ បានបន្តខិតខំជំរុញការកែលម្អ និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ តាមរយៈការជំរុញផ្សព្វផ្សាយនូវច្បាប់ស្តីពីវិនិយោគ ការគោះទ្វារវិនិយោគនៅក្រៅប្រទេស ព្រមទាំងការសម្រួល និងធ្វើសាមញ្ញកម្មនីតិវិធីពាក់ព័ន្ធនានា ជាពិសេសការធ្វើឌីជីថលភាវូបនីយកម្ម សម្រាប់ការផ្តល់សេវាសាធារណៈ។

បន្ថែមពីនេះលោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តយកចិត្តទុកដាក់ក្នុងការកសាង និងបន្តអភិវឌ្ឍន៍ នូវហេដ្ឋរចនាសម្ព័ន្ធរូបវន្តរួមមាន ស្ពាន ថ្នល់ កំពង់ផែ មជ្ឈមណ្ឌលភស្តុភារកម្ម ជាពិសេសគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ គឺគម្រោងព្រែកជីកហ្វូណនតេជោ ដែលគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៨ ដែលនឹងជួយដោះស្រាយបញ្ហាវិស័យដឹកជញ្ជូនកម្ពុជា។

បើតាមលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងទៀថា នាពេលដ៏ខ្លីខាងមុខគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នឹងអនុវត្តការងារមួយចំនួនរួមមាន៖

១៖ ពន្លឿនការរៀបចំ និងដាក់ឱ្យប្រើប្រាស់នូវសៀវភៅណែនាំស្តីពីស្តង់ដារនីតិវិធីប្រតិបត្តិនៃការរៀបចំ និងប្រព្រឹត្តទៅនៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
២៖ រៀបចំផ្ទាលគ្រប់គ្រងព័ត៌មានវិទ្យា (Management Information System-MIS) ដែលអនុញ្ញាតឱ្យក្រសួង-ស្ថាប័នអាចរាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការក្រោមដែនសមត្ថកិច្ចរបស់ខ្លួន
៣៖ រៀបចំសៀវភៅណែនាំអំពីរបៀបប្រើប្រាស់ និងបញ្ចូលទិន្នន័យទៅក្នុងថ្នាលបច្ចេកវិទ្យានិងសិក្ខាសាលាបណ្តុះបណ្តាលជូនភាគីពាក់ព័ន្ធ
៤៖ ដាក់ឱ្យប្រើប្រាស់នូវផ្ទាំងវិភាគទិន្នន័យតាមប្រព័ន្ធអនឡាញក្នុងទម្រង់ទូលំទូលាយជាងមុន ដែលអនុញ្ញាតឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនអាចមានលទ្ធភាពចូលទៅពិនិត្យមើលវឌ្ឍនភាពបាន
៥៖ បង្កើតគេហទំព័រសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

ជាការកត់សម្គាល់នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ បានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ចម្បងចំនួន១១ ចំណុចរួមមាន៖ ១. ការកែសម្រួលបរិយាកាសធុរកិច្ច និងការវិនិយោគ, ២. ការសម្រាលបន្ទុកលើអនុលោមភាព, ៣. ការសម្រួលដល់ធុរកិច្ចក្រោមដែនសមត្ថកិច្ចពន្ធដារ, ៤. កិច្ចសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ, ៥. ការលើកកម្ពស់ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ, ៦. ការស្តារនិងការលើកស្ទួយការអភិវឌ្ឍវិស័យទេសចរណ៍, ៧. ការអភិវឌ្ឍវិស័យកសិកម្ម និងកសិឧស្សាហកម្ម, ៨. វិស័យធនាគារ និងហិរញ្ញវត្ថុ, ៩. វិស័យរ៉ែ និងថាមពល, ១០. វិស័យសំណង់និងអចលនទ្រព្យ និង១១. បញ្ហាផ្សេងៗ។

សូមជម្រាបថា វិធានការជាកញ្ចប់ទាំង ១១ចំណុច ត្រូវបានបំបែកជាវិធានការសរុបចំនួន១៨៨ សម្រាប់ងាយស្រួលដល់ការតាមដាន និងវាយតម្លៃ។ គិតត្រឹមដំណាច់ឆមាសទី២ ឆ្នាំ២០២៤ វិធានការដែលសម្រេចបានពេញលេញបានកើនឡើងដល់១៦០វិធានការ ស្មើនឹងប្រមាណ៨៥% នៃវិធានការសរុប។ ដូច្នេះនៅសល់តែវិធានការចំនួន២៨ប៉ុណ្ណោះ ដែលកំពុងបន្តអនុវត្ត៕