Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហប្រតិបត្តិការរវាងក្រសួងអប់រំ និងកយកា ជួយពង្រឹងសមត្ថភាពបច្ចេក​វិទ្យាព័ត៌មាន និងគមនាគមន៍នៅកម្ពុជា

17-07-2025 20:01

(ភ្នំពេញ)៖ ពិព័រណ៍បច្ចេកវិទ្យាព័ត៌​មាន និងសារគមនាគមន៍ ត្រូវបានប្រារព្ធឡើងនា​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ នៅសាលមជ្ឈមណ្ឌលគរុកោសល្យ​ភូមិ​ភាគ​ខេត្តកណ្តាល ដើម្បីអបអរសាទរសមិទ្ធផលនៃវិស័យអប់រំបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ដែលកំពុងរីកចម្រើននៅកម្ពុជា។

មហោស្រពនេះបានប្រមូលផ្តុំសិស្សចំនួន ១០០នាក់ មកពីសាលាឈានមុខផ្នែក​បច្ចេក​វិទ្យាព័ត៌មាន និងគមនាគមន៍នៅទូទាំងប្រទេស និងគ្រូបង្រៀនមុខវិជ្ជាបច្ចេក​វិទ្យាព័ត៌មាន និងគមនាគមន៍ចំនួន ២០នាក់ ដែលបានចូលរួមក្នុងការប្រកួតប្រជែង​បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ និងការចែករំលែកការអនុវត្តល្អៗ។

ពិព័រណ៍នេះបានរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា និង KOICA ក្នុង​គោលបំណងលើកទឹកចិត្តសិស្ស អ្នកអប់រំ និងភាគីពាក់ព័ន្ធសំខាន់ៗដើម្បីជំរុញការ​រីក​ចម្រើនបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍នៅតាមសាលារៀន។

ព្រឹត្តិការណ៍នេះ មានការប្រកួតបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ដែលសិស្ស​បាន​​បង្ហាញជំនាញឌីជីថលរបស់ពួកគេ និងការបង្ហាញពីការអនុវត្តន៍បង្រៀនប្រកប​ដោយ​ប្រសិទ្ធភាពដោយគ្រូមុខវិជ្ជាបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍។

ជាការកត់សម្គាល់ សិស្សានុសិស្សបានឆ្លើយតបយ៉ាងសាទរចំពោះកម្មវិធីអប់រំ​កូដ​កម្រិត​ខ្ពស់ដែលផ្តល់ដោយនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលរបស់ក្រសួងអប់រំ យុវជន និងកីឡា។ នៅក្នុងពិធីបិទ អមដោយវត្តមានរបស់លោកបណ្ឌិត​សភា​ចារ្យ ហង់ ជួន​ណា​រ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក​ស្រី Moonjung Choi នាយិកា KOICA ប្រចាំប្រទេសកម្ពុជា បានរួមគ្នាមកផ្តល់​រង្វាន់​ដល់​សិស្សានុសិស្ស និងគ្រូបង្រៀនឆ្នើម ដើម្បីលើកទឹកចិត្តអ្នកចូលរួមទាំងអស់ឱ្យ​បន្ត​ការរៀនសូត្រ និងការបង្រៀនមុខវិជ្ជាបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍​របស់ពួក​គេ។

ពិព័រណ៍នេះជាចំណុចសំខាន់មួយនៅក្នុងគម្រោងការពង្រឹងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍អោយកាន់តែទូលំទូលាយ ក្រោមការអនុវត្តរួមគ្នារវាង KOICA និងក្រសួងអប់រំ យុវជន និងកីឡា។ ចាប់តាំងពីការចាប់ផ្តើមគម្រោងនៅឆ្នាំ ២០២១មក គម្រោងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់​ការអប់រំ​ឌីជី​ថលនៅទូទាំងប្រទេស។ រហូតមកដល់បច្ចុប្បន្ន គម្រោងនេះបានបង្កើតបរិយាកាស​សិក្សាឌីជីថល ដែលកាន់តែមានភាពសកម្ម និងបរិយាប័ន្នតាមរយៈការបង្កើតបន្ទប់ ICT នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគទាំង៤ និងសាលាឈានមុខបច្ចេកវិទ្យាព័ត៌​មាន និងសារគមនាគមន៍ចំនួន២០។

សមិទ្ធផលសំខាន់ផ្សេងទៀតរបស់គម្រោងនេះ គឺការបណ្តុះបណ្តាលគ្រូឧទ្ទេស ដែល​បច្ចុប្បន្នពួកគាត់កំពុងដឹកនាំការរៀន និងបង្រៀនមុខវិជ្ជាបច្ចេកវិទ្យាព័ត៌មាន និងសារ​គម​នាគមន៍នៅទូទាំងប្រទេស។ គួរឱ្យចាប់អារម្មណ៍ផងដែរ គឺលោកគ្រូ អ្នកគ្រូទាំង​អស់​គ្នា​នេះ ជាអ្នកបង្កើតសៀវភៅសិក្សាបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍​ចំនួន ៩មុខវិជ្ជាដោយខ្លួនពួកគាត់ ហើយសៀវភៅទាំងនេះបានអនុម័តជាផ្លូវការដោយ​ក្រសួងអប់រំ យុវជន និងកីឡា។

គម្រោងនេះក៏បន្តគាំទ្រដល់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំដល់គ្រូឧទ្ទេសនិងគ្រូបង្រៀនមុខវិជ្ជាបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍នៅសាលារៀនផងដែល។ នៅ​សប្តាហ៍​ខាងមុខនេះ សិក្ខាសាលាបណ្តុះបណ្តាលការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ នឹងត្រូវធ្វើឡើង​នៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី ២១-២៥ ខែកក្កដា ឆ្នាំ ២០២៥ ដោយប្រមូលផ្តុំគ្រូ​ឧទ្ទេសចំនួន ២៣ នាក់មកពីមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តទាំងបួន​ និងវិទ្យា​ស្ថានគរុកោសល្យ ព្រមទាំងមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាប្រមាណ ១០នាក់។

សិក្ខាសាលាបណ្តុះបណ្តាលការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ លើកទីបីនេះ នឹងពង្រឹងបន្ថែម​ជំនាញបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ និងគរុកោសល្យក្នុងចំណោម​បុគ្គលិក​អប់រំ​សំខាន់ៗ ដើម្បីធានាការរីកចម្រើនប្រកបដោយនិរន្តរភាព​នៃការអប់រំបច្ចេក​វិទ្យា​ព័ត៌​មាន និងសារគមនាគមន៍ ដែលមានគុណភាពនៅទូទាំងប្រទេសកម្ពុជា។

លោកស្រី Moonjung Choi នាយិកា KOICA ប្រចាំប្រទេសកម្ពុជា បានមាន​ប្រសាសន៍​ថា KOICA ពិតជាមានមោទនភាពយ៉ាងខ្លាំងដែលបានចាប់ដៃ​គូជាមួយ​ក្រសួង​អប់រំ យុវជន និងកីឡា លើគម្រោងដ៏សំខាន់នេះ។ ការសាទរ និងទេពកោ​សល្យ​ដែលបានបង្ហាញនៅក្នុងពិព័រណ៍បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ រួមជា​មួយនឹងការប្តេជ្ញាចិត្តដែលឃើញនៅក្នុងសិក្ខាសាលាអភិវឌ្ឍន៍វិជ្ជាជីវៈជាប្រចាំនេះ ពិតជាបានគូសបញ្ជាក់ពីសក្តានុពលរបស់កម្ពុជានៅក្នុងយុគសម័យឌីជីថល។

លោកស្រី បានបញ្ជាក់ថា «យើងប្តេជ្ញាគាំទ្រការរីកចម្រើនប្រកបដោយនិរន្តរភាព​នៃការ​អប់រំបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ដើម្បីផ្តល់ឱកាសដល់ទាំងសិស្សា​នុសិស្ស និងលោកគ្រូ អ្នកគ្រូសម្រាប់អនាគតដ៏ភ្លឺស្វាង»។

លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា ពិព័រណ៍បច្ចេកវិទ្យា​ព័ត៌មាន និងសារគមនាគមន៍ ព្រមទាំងសិក្ខាសាលាអភិវឌ្ឍន៍វិជ្ជាជីវៈជាប្រចាំនេះ គឺជា​សក្ខីភាពនៃការប្តេជ្ញាចិត្តដ៏មុតមាំរបស់យើងក្នុងការលើកកម្ពស់ការអប់រំបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍នៅទូទាំងប្រទេសកម្ពុជា។ ការបានឃើញភាពច្នៃប្រឌិត និង​ការប្តេជ្ញាចិត្តរបស់សិស្សានុសិស្ស និងអ្នកអប់រំវ័យក្មេង ពិតជាជួយក្នុងការជំរុញ​ទឹកចិត្ត​ដល់យើងទាំងអស់គ្នាខ្លាំងណាស់។

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា គំនិតផ្តួចផ្តើមទាំងនេះមានសារៈសំខាន់ណាស់​សម្រាប់ការបំពាក់ជំនាញសំខាន់ៗសម្រាប់សតវត្សរ៍ទី២១ ដល់សិស្សានុសិស្ស​ ក៏ដូចជាធានាថាគ្រូបង្រៀនរបស់យើងនៅតែឈានមុខគេក្នុងឧត្តមភាពអប់រំ៕