រដ្ឋមន្រ្តី អ៊ឹង កន្ថាផាវី ដឹកនាំប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ពិភាក្សាការងារជាមួយគណៈកម្មការទី១ នៃព្រឹទ្ធសភា ដើម្បីជម្រាបពីវឌ្ឍនភាពការងារ ក្នុងការលើកកម្ពស់សិទ្ធិស្រ្តី
17-07-2025 19:17
(ភ្នំពេញ)៖ ថៃ្ងទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ ជាថ្ងៃដ៏វិសេសវិសាល ប្រកបដោយកិត្តិយសយ៉ាងក្រៃលែង និងជាជំនួបលើកដំបូង ដែលប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចំនួន១៧រូប ដឹកនាំដោយលោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី បានចូលជួបពិភាក្សាការងារ ជាមួយគណៈកម្មការទី១ នៃព្រឹទ្ធសភា (គណៈកម្មាការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច) ដើម្បីជម្រាបជូនអំពី «វឌ្ឍនភាពការងារក្នុងការលើកកម្ពស់សិទ្ធិស្រ្តី និងកិច្ចសហការការងារ» របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី។
កិច្ចពិភាក្សាមានវត្តមានលោក ងី ច័ន្រ្ទផល ប្រធានគណៈកម្មាការទី១ នៃព្រឹទ្ធសភា និងសមាជិកគណៈកម្មាការចំនួន២រូប រួមមាន៖ លោក ជឹម លាវ និងលោក លី សារី និងអមដោយមន្រ្តីបច្ចេកទេស នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចំនួន៤រូប មន្រ្តីជំនួយការចំនួន៦រូប។ សមាសភាពចូលរួមមានចំនួនសរុប៣០រូប (ស្រី១៦រូប)។
កិច្ចពិភាក្សានាថ្ងៃនេះ ជាជំនួបលើកទី១ ដែលក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ត្រូវបានគណៈកម្មាការទី១ នៃព្រឹទ្ធសភា ផ្តល់កិត្តិយសជួបពិភាក្សាការងារផ្ទាល់ ក្នុងបរិយាកាសដោយភាពសិទ្ធស្នាល និងយោគយល់ ដើម្បីរាយការណ៍នូវវឌ្ឍនភាពការងារ បញ្ហាប្រឈម និងវិធានការនានាក្នុងការលើកកម្ពស់សិទ្ធិ ឋានៈ តួនាទី និងសុខុមាលភាពស្រ្តីនៅកម្ពុជា។
កិច្ចពិភាក្សានាពេលលនេះ គឺជាចំណុចចាប់ផ្តើមនៃការទំនាក់ទំនងរវាងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងស្ថាប័នព្រឹទ្ធសភា ដែលមានគណៈកម្មាការទី១ ទទួលបន្ទុកសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច ដើម្បីបង្កើនកិច្ចការពារសិទ្ធិស្រ្តី ដោយមានការគាំទ្រពីព្រឹទ្ធសភា។
អង្គពិភាក្សានឹងបានស្វែងយល់ ផ្លាស់ប្តូរបទពិសោធន៍ការងារ បញ្ហាប្រឈម និងវិធានការនានា ក្នុងការលើកកម្ពស់សិទ្ធិ ឋានៈតួនាទី និងសុខុមាលភាពរបស់ស្រ្តីនៅកម្ពុជា តាមរយៈការអនុវត្តច្បាប់ គោលនយោបាយ និងក្របខណ្ឌអភិវឌ្ឍន៍ជាតិពាក់ព័ន្ធ និងអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW)។
រាជរដ្ឋាភិបាល បានបង្កើតយន្តការនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីសម្របសម្រួលដឹកនាំ និងតាមដានការអនុវត្តសិទ្ធិស្រ្តី និងជំរុញសមភាពយេនឌ័រ រួមទាំងការអនុវត្តអនុសញ្ញា CEDAW។ ក្របខណ្ឌគោលនយោបាយ ក្នុងការលើកកម្ពស់សិទ្ធិស្រ្តី និងសមភាពយេនឌ័រ រួមមាន យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី១ ដល់ទី៤ និងបន្តមកដល់យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១។
រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបន្តលើកកម្ពស់សមភាពយេនឌ័រក្នុងការដឹកនាំសាធារណៈដែលជាកត្តាសំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន(មុំទី១ បញ្ចកោណទី៤ នៃយុទ្ធសាស្រ្តបញ្ចកោណ)។ ក្រៅពីនេះ នៅមានផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (NSDP) គោលនយោបាយជាតិពាក់ព័ន្ធសិទ្ធិស្រ្តី អនុសាសន៍គន្លឹះរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី និងផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រ ក្រសួង ស្ថាប័ន។
កិច្ចសន្ទនានាពេលនេះ រៀបចំឡើងស្របពេលដែលរាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្នុងអាណត្តិទី៧ នៃរដ្ឋសភា ដែលអង្គពិភាក្សានឹងត្រូវផ្សារភ្ជាប់ផងដែរផែ្អកលើចំណុចដូចបានចង្អុលបង្ហាញនៅក្នុងបញ្ចកោលទី៤ មុំទី១ ដែលកំណត់ការបង្កើនការវិនិយោគលើយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីលើគ្រប់វិស័យ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រសម្រាប់សង្គម និងសេដ្ឋកិច្ចជាតិ កាត់បន្ថយអំពើហិង្សា និងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់។
តាមការរំពឹងទុក កិច្ចសន្ទនានាថៃ្ងនេះ ទទួលបានលទ្ធផលជាវិជ្ជមាន ហើយលទ្ធផលនេះ នឹងផ្តល់ធាតុចូលជាមូលដ្ឋានសម្រាប់របាយការណ៍របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី៕