Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បារាំង បន្តពង្រឹងទំនាក់ទំនងសភាសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ជាមួយកម្ពុជា

17-07-2025 15:10

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០២៥នេះ បានអនុញ្ញាតជូន លោក ហ្សាក់ ប៉ឺឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូត សាធារណរដ្ឋបារាំងប្រចាំកម្ពុជា ដែលត្រូវចប់អាណត្តិការទូតពីកម្ពុជា ចូលជួបសម្តែងការគួរ និងជម្រាបលាមុនពេល ដែលលោកត្រូវចាកចេញពីកម្ពុជា។

សម្តេចប្រធានរដ្ឋសភា បានសម្តែងការសោកស្តាយចំពោះ ការបញ្ចប់បេសកកម្មការទូតរបស់ លោក ហ្សាក់ ប៉ឺឡេ ពីកម្ពុជា។ សម្តេចប្រធានរដ្ឋសភា គូសបញ្ជាក់ថា ពេលវេលា៤ឆ្នាំ នៅក្នុងការបេសកកម្មការទូត របស់ លោក ពិតជាដើរលឿនណាស់ ប៉ុន្តែ លោក ហ្សាក់ ប៉ឺឡេ បានខិតខំយ៉ាងខ្លំាងនៅក្នុងការជំរុញ និងលើកកម្ពស់ទំាងនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ដែលជាទំនាក់ទំនងមានលក្ខណៈប្រវត្តិសាស្រ្ត តំាងពីយូរលង់ណាស់មកហើយឲ្យមានសន្ទុះរីកលូតលាស់ស៊ីជម្រៅ និងសកម្មឡើង។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ និងកោតសរសើរ ដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែងដ៏សកម្ម និងលទ្ធផលគួរជាទីមោទនៈ ដែលលោកសម្រេចបាន ។ សមិទ្ធផលទាំងនេះ បានរួមវិភាគទានដ៏មានតម្លៃ ដល់ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ ឈានឆ្ពោះទៅកម្រិតខ្ពស់ថ្មីមួយ ជាពិសេស ទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។

ជាកាឆ្លើយតប លោក ហ្សាក់ ប៉ឺឡេ បានថ្លែងអំណរជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឲ្យលោកចូលជួបពិភាក្សាការងារ និងជម្រាបលានៅក្នុងឱកាសនេះ។ ជាថ្មីម្តងទៀត លោកបានវាយតម្លៃខ្ពស់ ចំពោះសមត្ថភាព និងទេពកោសល្យដឹកនាំរបស់ សម្តេចប្រធានរដ្ឋសភាដែលជាស្រ្តីដំបូងនៅកម្ពុជា បានកាន់តួនាទីជាប្រធានរដ្ឋសភា ។ លោកបន្តថា ប្រធានរដ្ឋសភាជាស្រ្តីនៅក្នុងសកលលោកក៏មិនមានច្រើននោះដែរ។

ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដំណើរទស្សនកិច្ចផ្លូវការ និងការចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីអន្តរជាតិ នៅសាធារណរដ្ឋបារំាងកាលពីចុងឆ្នាំ២០២៤ ប្រកបដោយអត្ថន័យ បានចូលរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ពិសេសការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងសកលលោក។

លោកឯកអគ្គរដ្ឋទូត បានសម្តែងនូវមោទនភាពចំពោះការរីកចម្រើន នៃទំនាក់ទំនងកម្ពុជា-បារំាង ដោយក្នុងរយៈពេលចុងក្រោយនេះ ព្រះករុណាព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីពេលនៅជានាយករដ្ឋមន្រ្តីអាណត្តិទី៦ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានយាង និងអញ្ជើញបំពេញទស្សនកិច្ចនៅបារំាង បានធ្វើឲ្យទំនាក់ទំនងប្រទេស និងប្រជាជននៃប្រទេសទំាងពីរកាន់តែជិតស្និទ្ធឡើង។

លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៦ខាងមុខនេះ ក្នុងពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ លោកប្រធានាធិបតីបារាំង​ លោក អេម៉ានុយអែល ម៉ាក្រុង នឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាផងដែរ។ លោកឯកអគ្គរដ្ឋទូត បានថ្លែងកោតសរសើរ ពីការរីកចម្រើនរបស់កម្ពុជា និងបញ្ជាក់ថា ប្រទេសបារំាងនឹងបន្តគំាទ្រកម្ពុជា លើវិស័យសុខាភិបាល សង្គមកិច្ច ទឹកស្អាត អប់រំ ការបណ្តុះបណ្តាល វប្បធម៌ ជាដើម។

បើតាមការលើកឡើងរបស់ លោកឯកអគ្គរដ្ឋទូត កម្ពុជាជាប្រទេសមួយដែលនិស្សិតបារំាង ពេញចិត្តមកបម្រើការងារស្ម័គ្រចិត្ត។ ជាមួយគ្នានេះ លោកបានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ចូលរួមសន្និសីទអន្តរជាតិស្តីពីសន្តិភាព នៅប្រទេសបារំាងនាចុងឆ្នាំ២០២៥នេះ ផងដែរ។

ជាការឆ្លើយតប សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ទំាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត មានទស្សនវិស័យវែងឆ្ងាយ នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាពកម្ពុជានិងបារំាង ហើយថ្នាក់ដឹកនាំប្រទេសទំាងពីរ មានមនោសញ្ចេតនា គោរពរាប់អានគ្នាយ៉ាងជ្រាលជ្រៅ ផងដែរ។ សម្តេចបានគូសបញ្ជាក់ថាប្រជាជនកម្ពុជានិងប្រជាជនបារំាង មានចំណងមិត្តភាពពិសេសមួយ ដោយយុវជនខ្មែរមានការនិយមសិក្សាភាសាបារំាងកាន់តែច្រើនក្នុងពេលបច្ចុប្បន្ននេះ។

សម្តេចប្រធានរដ្ឋសភា បន្តថា ឈរលើចំណងមិត្តភាពជាប្រវត្តិសាស្រ្ត ស្មោះត្រង់ បើកចំហ សម្តេចមានសុទិដ្ឋិនិយមថា ប្រទេសទំាងពីរនឹងពង្រីកសក្តានុពល ដែលមានដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋទំាងសងខាងបន្តទៀត។ ក្នុងជំនួបដដែល សម្តេចប្រធានរដ្ឋសភា បានស្នើ ប្រទេសបារំាង ផ្តល់បន្ថែមអាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅសិក្សានៅបារំាងកាន់តែច្រើនឡើង និងសូមឲ្យភាគីបន្តជួយគំាទ្រដល់ការអភិវឌ្ឍស្ថាប័នសភាកម្ពុជា ទៅជាសភាឌីជីថល និងជួយគំាទ្រដល់កសាងធនធានមនុស្ស នៅក្នុងអគ្គលេខាធិការដ្ឋានរដ្ឋសភា។ បច្ចុប្បន្ននេះ សភាបារំាងក៏បានផ្តល់ឱកាសជូនថ្នាក់ដឹកនាំ និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា បានទៅបណ្តុះបណ្តាលវគ្គខ្លីៗ នៅប្រទេសបារំាងផងដែរ។

ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានលើកឡើងពី ស្ថានភាពពិតប្រាកដ និងជាក់ស្ដែងនៃជម្លោះព្រំដែនកម្ពុជា ថៃ ដោយលើកឡើងថា តាមពិតទៅបញ្ហានេះបានកើតមានឡើងជាយូរមកហើយ និងបានអូសបន្លាយរហូតមកដល់បច្ចុប្បន្ន ភាគីកម្ពុជាមិនចង់សើរើបញ្ហានេះឡើយ សម្ដេចបន្តថា កម្ពុជាតែងតែចង់រួមរស់ជាមួយប្រទេសជិតខាងដោយសន្តិភាព និងភាពជាអ្នកជិតខាងល្អ ហើយបានតាំងចិត្តខ្ពស់ក្នុងការកសាងខ្សែបន្ទាត់ព្រំដែនឱ្យទៅជា ព្រំដែនមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

ប៉ុន្តែភាគីថៃមានមហិច្ឆតា តែងចិញ្ជឹមចិត្តចង់បាន ឈ្លានពាន ដោយតែងបានបង្កទំនាស់ ជម្លោះជាហូរហែរហូតដល់បច្ចុប្បន្ន។ ថៃបានបដិសេធប្រើប្រាស់ផែនទី ដែលទទួលស្គាល់ដោយអន្តរជាតិ គូសដោយបារំាង-សៀម។ លើសពីនេះថៃបានពង្រឹកបញ្ហាព្រំដែនទៅជាបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម បិទច្រកព្រំដែនជាឯកតោភាគី ប៉ះពាល់ដល់ទំនាក់ទំនងនិងជីវភាពប្រជាពលរដ្ឋទំាងសងខាង។ នេះបើតាមការលើកឡើងរបស់សម្ដេច។

ក្នុងន័យនេះ សម្ដេចបញ្ជាក់ថា កម្ពុជាសង្ឃឹមថា ភាគីថៃនឹងដោះស្រាយបញ្ហាដោយសន្តិវិធី បើកច្រកព្រំដែន ដែលខ្លួនបានបិទឡើងវិញដើម្បីឱ្យស្ថានភាពវិលទៅដូចដើមវិញ។ សម្តេចរដ្ឋសភាធិបតី បង្ហាញក្ដីសង្ឃឹមថា ទោះបីជា លោកឯកអគ្គរដ្ឋទូតត្រូវបញ្ចប់អាណត្តិការទូតពីកម្ពុជាយ៉ាងណាក្តី ក៏លោកនៅតែជាស្ពានភ្ជាប់ទំនាក់ទំនងប្រទេស ក៏ជាប្រជាជនកម្ពុជា-បារំាង ជាដដែរ៕