កម្លាំងនគរបាលក្រុងស្វាយរៀង ឃាត់ខ្លួនក្រុមក្មេងទំនើង៥នាក់ ក្រោយជិះម៉ូតូដេញវាយគ្នាបង្កការរំខានដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន
17-07-2025 14:29
(ស្វាយរៀង)៖ កម្លាំងនគរបាលក្រុងស្វាយរៀង បានឃាត់ខ្លួនក្រុមក្មេងទំនើង៥នាក់ ដែលបានធ្វើសកម្មភាពជិះម៉ូតូដេញវាយគ្នាបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា នៅវេលាម៉ោង ២២៖៣០នាទីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានទទួលព័ត៌មានថា មានក្មេងទំនើង ១ក្រុម កំពុងធ្វើសកម្មភាពជិះម៉ូតូដេញវាយគ្នា ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
ក្រោយទទួលបានព័ត៌មានរួចមក និងអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលបាលខេត្តស្វាយរៀង, កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដឹកនាំដោយលោកវរសេនីយ៍ឯក កែន វិទ្ធី អធិការនគរបាលក្រុងស្វាយរៀង បានអង្កេតស្រាវជ្រាវ និងត្រួតពិនិត្យកន្លែងកើតហេតុ រួចសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ប្រុស និងបន្តស្រាវជ្រាវ ទៀតឈានទៅឃាត់ខ្លួនជនសង្ស័យ៣នាក់បន្ថែមទៀត។
បច្ចុប្បន្នក្មេងទំនើងទាំង៥នាក់ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕