Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រុស្ស៊ីបង្ហាញពីបំណងចង់ដើរចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ​ដោយសារតែរឿងគ្មានឯករាជ្យភាព

16-11-2016 21:41

(មូស្គូ)៖ រដ្ឋាភិបាលរុស្ស៊ី បានបង្ហាញពីគោលបំណងក្នុងការដើរចេញ ក៏ដូចជាដកមកវិញនូវហត្ថាលេខារបស់ ខ្លួនលើលក្ខន្តិកៈទីក្រុងរ៉ូមស្ដីពីសន្ធិសញ្ញាបង្កើតតុលាការឧក្រិដ្ឋកម្មអន្តរជាតិ​ ដោយបន្ទោសតុលាការអន្តរជាតិ មួយនេះមិនមានឯករាជ្យភាព។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Euronews នៅថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦។

ទីក្រុងមូស្គូ បានចុះហត្ថាលេខាលើលក្ខន្តិកៈទីក្រុងរ៉ូម ស្ដីពីការបង្កើតតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC កាលពី ឆ្នាំ២០០០ ​ដែលទទួលបន្ទុកធ្វើការកាត់​ទោសលើឧក្រិដ្ឋជន ប្រព្រឹត្តិបទឧក្រិដ្ឋកម្មសង្រ្គាម និងបទឧក្រិដ្ឋ ប្រឆាំងនឹងមនុស្សជាតិ។ ប៉ុន្តែទន្ទឹមគ្នានោះដែរ ទីក្រុងមូស្គូ មិនទាន់បានផ្ដល់សច្ចារប័នលើលក្ខន្តិកៈទីក្រុងរ៉ូម នៅឡើយទេ។

ដោយឡែកជុំវិញ ការប្រកាសចង់ដកខ្លួនពី ICC គឺធ្វើឡើងតែជាងមួយសប្ដាហ៍ប៉ុណ្ណោះ នៅបន្ទាប់ពី ICC បានចេញផ្សាយសេចក្ដីថ្លែងការមួយ ដោយចាត់ទុកថា រុស្ស៊ីនិងអ៊ុយក្រែន បានចូលរួមនៅ ក្នុងជម្លោះប្រដាប់អាវុធនៅឯតំបន់គ្រីមមៀ ហើយជាងនេះទៅទៀត តុលាការអន្តរជាតិមួយនេះ បានប្រកាសកាលពីចុងខែមករា បើកការស៊ើបអង្កេតលើសង្រ្គាមរវាងរុស្ស៊ីនិងហ្ស៊កហ្ស៊ី កាលពីឆ្នាំ២០០៨ ព្រមទំាងជម្លោះ នៅភាគខាងកើតប្រទេសអ៊ុយក្រែន ជាទីដែលរុស្ស៊ីត្រូវបានចោទប្រកាន់ថា បានផ្ដល់ជំនួយយោធាដល់ពួក ឧទ្ទាមទាមទារបំបែករដ្ឋ។

គួរបញ្ជាក់ថា ក្រៅពីរុស្ស៊ី ប្រទេសក្នុងតំបន់អាហ្រ្វិកចំនួន៣ រួមមាន ហ្គាំប៊ី ប៊ូរុនឌី និងអាហ្វិ្រកខាងត្បូង ក៏បានប្រកាសផងដែរពីឆន្ទៈដកខ្លួនចេញតុលាការឧក្រិដ្ឋកម្មអន្តរជាតិ៕