Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលខេត្តកំពង់ចាម ដុតកម្ទេចគ្រឿងញៀនជាង៤០០គីឡូក្រាម

30-06-2025 15:26

(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នាបង្ការទប់ស្កាត់ និងកាត់ផ្ដាច់ឬសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា» និងបានដុតកម្ទេចគ្រឿងញៀនជាង៤៣២គីឡូក្រាម។

វិធីនេះប្រារព្ធធ្វើឡើងនៅបរិវេណ ចំការកៅស៊ូចំការអណ្ដូង ឃុំចំការអណ្ដូង ស្រុកចំការលើ ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ចាម លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាម។

អភិបាលខេត្តកំពង់ចាម បានថ្លែងក្នុងឱកាសនោះថា ទិវានេះរដ្ឋបាលខេត្តកំពង់ចាម បានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ។ ប៉ុន្តែឆ្នាំនេះ ត្រូវបានប្រារព្ធធ្វើក្នុងទ្រង់ទ្រាយធំ នៅក្នុងស្រុកចំការលើ ពីព្រោះគ្រឿងញៀនដែលសមត្ថកិច្ច រឹបអូស និងដុតកម្ទេចចោលនៅពេលនេះមានទម្ងន់ ជាង៤០០គីឡូក្រាម។

លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកយុវជន សូមកុំចង់សាកល្បងគ្រឿងញៀន នឹងត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន កុំជឿតាមការញុះញង់បោកបញ្ឆោតរបស់នរណាម្នាក់ ឈានដល់ការប្រើប្រាស់ រហូតធ្លាក់ខ្លួនជាអ្នកញៀន គ្រឿងញៀន ដែលធ្វើឲ្យប៉ះពាល់ដល់អនាគតរបស់ខ្លួន។ ដូច្នេះទាំងអាណាព្យាបាល ក៏ដូចជាអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ យើងត្រូវចូលរួមទាំងអស់គ្នា ដើម្បីឲ្យសហគមន៍របស់យើងមិនមានគ្រឿងញៀន។

លោកឧត្តមសេនីយ៍ មាស វិរិទ្ធ បានយកឱកាសនោះថ្លែងក៏សរសើរ និងវាយតម្លៃខ្ពស់ ពីសំណាក់លោកសន្តិបណ្ឌិត នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនចំពោះគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ មានមន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស ដែលក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ បានយកអស់កម្លាំងកាយចិត្ត ចូលរួមគ្រប់រូបភាព វិធីសាស្ត្រក្នុងបេសកកម្មដ៏មុតស្រួច ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងខេត្តកំពង់ចាមទាំងមូល ក៏ដូចជារួមចំណែកគ្រប់សកម្មភាព រៀបចំទិវាអន្តរជាតិឆ្នាំនេះ ឲ្យដំណើរការទៅយ៉ាងរលូន និងសកម្មផលផុស សនៅក្នុងទឹកដីស្រុកចំការលើ ដែលបានបង្ហាញពីស្មារតីចូលរួម និងជាចលនាជាតិមួយ គឺចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងក្នុងសហគមន៍គ្មានគ្រឿងញៀន៕