Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចតេជោ ហ៊ុន សែន ទម្លាយថា លោក ថាក់ស៉ីន សម្ដែងឈឺដើម្បីបន្លំភ្នែកមហាជន និងតុលាការ, សម្ដេចទម្លាយព្រោះថាក់ស៉ីន និងកូនស្រី ក្បត់ទំនាក់ទំនងមិត្តភាព (Video inside)

27-06-2025 13:49

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ដែលរាប់គ្នាជាបងប្អូនធម៌ជាមួយលោក ថាក់ស៉ីន ស៉ីណាវ៉ាត្រ ជាង៣០ឆ្នាំមកនេះ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ បានដាច់ចិត្តទម្លាយរឿងមួយក្នុងចំណោមរឿងជាច្រើនផ្សេងទៀត បន្ទាប់ពីត្រកូលថាក់ស៉ីនក្បត់នឹងទំនាក់ទំនងមិត្តភាពមួយនេះ ពាក់ព័ន្ធជាមួយស្ថានភាពជំងឺរបស់លោក ថាក់ស៉ីន ដែលយកមកបាំងមុខក្នុងដំណើរក្ដីក្ដាំនៅតុលាការ។

សម្ដេចតេជោ ហ៊ុន សែន បានទម្លាយថា លោក ថាក់ស៉ីន សម្ដែងជាមនុស្សដែលកំពុងជំងឺដើម្បីបន្លំភ្នែកមហាជនថៃ និងតុលាការធម្មនុញ្ញថៃតែប៉ុណ្ណោះ ពោលឧបករណ៍ពាក់នៅដៃ និងក គ្រាន់តែជាការសម្ដែងរបស់លោក ថាក់ស៉ីន តែប៉ុណ្ណោះ គ្រាដែលធាតុពិតលោកមិនមានជំងឺ ឬកំពុងឈឺអ្វីនោះឡើយ។ សម្ដេចថា សម្ដេចជាសាក្សីផ្ទាល់ រួមជាមួយមនុស្សជាច្រើនផ្សេងទៀត ដែលដឹងរឿងនេះ។

ក្នុងជំនួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្តព្រះវិហារ, សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា សម្ដេចធ្លាប់ជិះយន្ដហោះទៅសួរសុខទុក្ខលោក ថាក់ស៉ីន ដោយផ្ទាល់នៅគេហដ្ឋានក្នុងប្រទេសថៃ បន្ទាប់ពីលោកថាក់ស៉ីនវិលត្រឡប់ចូលប្រទេសវិញ ប៉ុន្ដែទៅដល់លោកថាក់ស៉ីន អត់មានឈឺអ្វីទាល់តែសោះ។ សម្ដេចតេជោបន្ដទៀតថា លុះនៅពេលត្រូវថតរូបអនុស្សាវរីយ៍ លោកថាក់ស៉ីន សុំពាក់ឧបករណ៍នៅក និងដៃ ដើម្បីបន្លំថាខ្លួនកំពុងឈឺ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ថាក់ស៉ីន អត់មានឈឺអីទាំងអស់ អត់មានឈឺអីទាំងអស់ ខ្ញុំផ្ទាល់ហោះទៅសួរសុខទុក្ខ ថាក់ស៉ីន (នៅបាងកក) ដល់ពេលថតរូប ត្រូវយកឧបករណ៍ពាក់កមកពាក់ ដៃយកមកពាក់ ដើម្បីថតរូប ថតចប់ហើយដោះចេញទៅបាយ អ៊ីចឹងអត់ឈឺទេ នេះគេហៅល្បិចឈឺទេ តែខាងថៃគេរកឃើញហើយ ខ្ញុំគ្រាន់តែបន្ថែម ព្រោះមានពិរុទ្ធភាពទាំង ថាក់ស៉ីន និងអ៊ុងអ៉ីងដែលជានាយករដ្ឋមន្ដ្រីថៃបច្ចុប្បន្ន ខ្វះភាពស្មោះត្រង់ទៅហើយ»

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, លោកស្រី អ៊ុងអ៉ីង (ផែថងថាន ស៉ីណាវ៉ាត្រ) នាយករដ្ឋមន្ដ្រីថៃបច្ចុប្បន្ននេះ ក៏ដឹងច្បាស់ថាឪពុករបស់ខ្លួន មិនមានជំងឺអ្វីនោះដែរ ប៉ុន្ដែបានរួមគំនិតគ្នាលាក់បាំងតុលាការថៃ ដូច្នេះហើយទាំងលោកថាក់ស៉ីន និងលោកស្រី អ៊ុងអ៉ីង គឺសុទ្ធតែមានពិរុទ្ធភាពដូចគ្នានៅចំពោះមុខតុលាការ។ ប៉ុន្ដែយ៉ាងណាក៏ដោយ អំពើកុហកនេះលាក់បាំងតុលាការថៃមិនជិតនោះទេ ខណៈថ្មីៗកន្លងទៅនេះ លោកថាក់ស៉ីន ក៏ត្រូវបានតុលាការថៃហៅសួរនាំរួចហើយពាក់ព័ន្ធស្ថានភាពជំងឺនេះ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហើបអំពីសាក្សីប៉ុន្មាននាក់ដែលដឹងថា លោកថាក់ស៉ីន សម្ដែងធ្វើជាឈឺ ក្នុងនោះមានទាំងលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ក៏ជាសាក្សី, លោកស្រី ផែថងថាន (អ៊ុងអ៉ីង) នាយករដ្ឋមន្ដ្រីថៃ ក៏ដឹងរឿងកុហកបោកប្រាស់របស់ឪពុកខ្លួន និងមានជនជាតិថៃម្នាក់ទៀត ដែលសម្ដេចមិនទាន់បញ្ចេញឈ្មោះ ប៉ុន្ដែនឹងបញ្ចេញឈ្មោះជូនតុលាការថៃ ប្រសិនបើតុលាការមានតម្រូវការសាក្សីបន្ថែមទៀត។

ជាមួយនឹងការទម្លាយរឿងរ៉ាវបែបនេះ សម្ដេចតេជោ ហ៊ុន សែន ក៏សុំទោសទៅកាន់ប្រជាជនថៃ ដែលសម្ដេចជាក់រឿងនេះជាយូរមកហើយមិនទម្លាយ ដោយសារមានគុណធម៌ជាមួយលោកថាក់ស៉ីន ដែលរាប់អានគ្នាជាបងប្អូនធម៌ជាង៣០ឆ្នាំ។ ការទម្លាយនៅពេលនេះ ដោយសារតែលោកថាក់ស៉ីន និងកូនស្រីដែលជានាយករដ្ឋមន្ដ្រីថៃបច្ចុប្បន្ន បានក្បត់ជាមួយសម្ដេចមុន ហើយអ្នកទាំងពីរគឺជាមនុស្សដែលគ្មានគុណធម៌នៅក្នុងខ្លួននោះទេ៕