Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អនុវត្តន៍បទបញ្ជានាយករដ្ឋមន្ត្រី, នៅព្រឹកនេះ ច្រកទ្វារព្រំដែនជប់គគីរ និងច្រកទ្វារព្រំដែនជាំ ក្នុងខេត្តឧត្តរមានជ័យ ត្រូវបានបិទហើយ តបការសម្រេចជាឯកតោភាគីរបស់យោធាថៃ ដែលបិទច្រក​សាយតាគូ-ជប់គគីរ មុន

22-06-2025 08:18

(ឧត្តរមានជ័យ)៖ អភិបាលខេត្តឧត្តរមានជ័យ លោក មាន ចាន់យ៉ាដា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះថា បន្ទាប់ពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមិថុនានេះច្រកព្រំដែនជប់គគីរ និងច្រកទ្វារព្រំដែនជាំ ក្នុងខេត្តឧត្តរមានជ័យ ត្រូវបានបិទជាស្ថាពរហើយ។

គួរជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យអាជ្ញាធរខេត្តឧត្តរមានជ័យ បិទច្រកទ្វារព្រំដែនចំនួន២ គឺច្រកជប់គគីរ និងច្រកទ្វារព្រំដែនជាំ ចាប់ពីថ្ងៃទី២២ ខែមិថុនានេះតទៅ បន្ទាប់ពីកងទ័ពយោធភូមិភាគ២ របស់ថៃ ប្រកាសបិទច្រកសាយតាគូ-ជប់គគីរ ជាឯកតោភាគីមុន ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

សម្តេចបញ្ជាក់ថា ចាប់ពីថ្ងៃទី ៧ មិថុនា ឆ្នាំ ២០២៥ កងទ័ពថៃបានប្រើប្រាស់វិធានការបិទច្រកព្រំដែន និងកែប្រែពេលវេលានៃការបិទ-បើកច្រកព្រំដែនរវាងប្រទេសទាំងពីរជាឯកតោភាគី ដោយមិនបានគិតអំពីផលប៉ះពាល់ដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាជននៃប្រទេសទាំងពីរឡើយ។ កម្ពុជាមិនដែលមានបំណងចង់បង្កការលំបាកដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរដែលរស់នៅ ឬធ្វើដំណើរឆ្លងកាត់ច្រកព្រំដែននោះទេ។ ប៉ុន្តែបើកងទ័ពថៃនៅបន្តប្រើវិធីបែបនេះដើម្បីដាក់គំនាបមកលើកម្ពុជានោះ គឺកម្ពុជាកំដរបានគ្រប់ពេលវេលា។

សម្តេចនាយករដ្ឋមន្ត្រីបន្ថែមថា «វាជារឿងចម្លែកមួយដែរ ដែលថ្នាក់ដឹកនាំនយោបាយថៃ រួមទាំងនាយករដ្ឋមន្ត្រីថៃ តែងតែស្នើសុំឲ្យមានការចរចាបើកច្រកព្រំដែន ឲ្យមានភាពប្រក្រតីភាពឡើងវិញ។ ប៉ុន្តែពេលជាមួយគ្នា កងទ័ពរបស់ថៃនៅតែបន្តធ្វើការបិទបើកច្រក ឬកែសម្រួលម៉ោងបិទបើកច្រកតាមចិត្តនឹកឃើញ ជាឯកតោភាគីទៅវិញ។ ខ្ញុំមិនដឹងថាជាវិធីសាស្ត្រ ឬជាយុទ្ធសាស្ត្រនៃការធ្វើការងារ រវាងរាជរដ្ឋាភិបាលថៃនិងកងទ័ពថៃ ព្រោះហាក់ដូចជាគ្មានការឯកភាពផ្ទៃក្នុង និងគោលការណ៍ណាមួយច្បាស់លាស់សោះ។ ម្នាក់សុំចរចារទ្វេភាគី ដើម្បីបើកច្រកអោយប្រក្រតីឡើងវិញ រីឯម្នាក់ទៀតបន្តបិទបើកជាឯកតោភាគី»

សម្តេចបញ្ជាក់ទៀតថា ចំពោះកម្ពុជា មានការឯកភាពពីថ្នាក់ដឹកនាំប្រទេសរហូតដល់កងទ័ពជួរមុខ។ បើនាយករដ្ឋមន្ត្រីចេញបញ្ជាអ្វីមួយ គ្រប់ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ រួមទាំងកងទ័ពគឺអនុវត្តបទបញ្ជានោះដោយម៉ឺងម៉ាត់។ ចំពោះការបើកច្រកព្រំដែនរវាងកម្ពុជា និងថៃ សម្តេចបញ្ជាក់ជាថ្មីម្ដងទៀតថា កម្ពុជានៅតែប្រកាន់ជំហរដដែល គឺមិនមានការចាំបាច់ក្នុងការចរចារទ្វេភាគី រឿងបើកច្រកព្រំដែនរវាងប្រទេសទាំងពីរនោះទេ។ បើភាគីថៃពិតជាចង់បើកច្រកឱ្យដូចប្រក្រតីឡើងវិញនោះ គឺអាចធ្វើបានយ៉ាងងាយស្រួលនិងលឿនបំផុត។ កងទ័ពថៃដែលជាអ្នកចាប់ផ្ដើមបិទច្រកជាឯកតភាគី ត្រូវធ្វើការបើកច្រកឡើងវិញជាឯកតោភាគី ឱ្យដូចស្ថានភាពមុនថ្ងៃទី៧ មិថុនាឆ្នាំ២០២៥ គឺជាការស្រេច។ កម្ពុជានឹងបើកឡើងវិញដែរយ៉ាងយូរប្រាំម៉ោងក្រោយ។ នេះគឺជាដំណោះស្រាយយ៉ាងសាមញ្ញបំផុត ដោយមិនចាំបាច់ចំណាយពេលចរចារនាំតែខាតពេលវេលា។ ត្រូវការតែជំហរនៃការចង់បាន ដោយពិតប្រាកដមួយរបស់ភាគីថៃតែប៉ុណ្ណោះ៕