Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា៖ បញ្ហាព្រំដែន ថៃបំពាន MoU ឆ្នាំ២០០០ មកលើកម្ពុជា ចំនួន៦៩៥ករណី រាប់ទាំងការធ្វើផ្លូវ និងល្បាត (Video inside)

20-06-2025 11:21

(ត្បូងឃ្មុំ)៖ ថ្លែងចេញពីខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានអះអាងថា ភាគីថៃបានបំពានកម្ពុជា និងបំពានលើអនុស្សារណនៃការយោគយល់គ្នា ឆ្នាំ២០០០ (MoU 2000) ចំនួន៦៩៥ករណីមកហើយ ក្នុងនោះរាប់ទាំងការធ្វើផ្លូវ និងល្បាតតាមព្រំដែន។

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួបលើកទី៤៧ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា បានសង្កត់ធ្ងន់ថា ការបំពាន MoU ឆ្នាំ២០០0 គឺថៃជាអ្នកបំពានលើសពីកម្ពុជាដាច់តែម្តង។

នាយឧត្តមសនីយ៍ រដ្ឋមន្ដ្រីក្រសួងការពារជាតិកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា «យើងបានចងក្រង យើងមានឯកសារ ភស្ដុតាងទាំងអស់ ថៃបានឈ្លានពាន ឬមិនគោរពនូវ MoU ឆ្នាំ២០០០ យើងសរុបមកជាបណ្ដោះអាសន្ន មានចំនួន៦៩៥ករណី ដែលបំពានទៅលើ MoU ឆ្នាំ២០០០ ហើយនៅមានការធ្វើផ្លូវ និងល្បាតដោយមិនជូនដំណឹងមកភាគីកម្ពុជា»

បើតាមឧបនាយករដ្ឋមន្ដ្រី ទៀ សីហា, វាជារឿងគួរឲ្យអស់សំណើចដែលក្នុងកិច្ចប្រជុំ JBC កន្លងទៅភាគីថៃ បានចោទប្រកាន់កម្ពុជាថា បំពាន MoU ឆ្នាំ២០០០។ អ្វីដែលថៃចោទកម្ពុជាបំពាននោះ ដូចជាការធ្វើស្រែលើសព្រំដែន និងឡើងច្រៀងលើប្រាសាទតាមាន់ជាដើម ខណៈថៃខ្លួនឯងបំពានកម្ពុជាដាច់តែម្ដង។

ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា បានបន្ថែមទៀតថា ភាគីថៃតែងទាមទារចង់បានសន្ដិភាព និងមិនចង់មានបញ្ហាជាមួយកម្ពុជា ព្រមទាំងបានចាត់ទុកថា ការដាក់ទ័ពរបស់គេមកព្រំដែនដើម្បីការពារ ដូច្នេះកម្ពុជាពង្រាយកម្លាំងទ័ពក៏ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពដូចគ្នា៕