Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលរាជធានីភ្នំពេញ ប្រជុំត្រៀមបើកសម្ពោធជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ (Walk Street) នាថ្ងៃទី២១ ខែមិថុនា ខាងមុខនេះ

12-06-2025 13:57

(ភ្នំពេញ)៖ បញ្ហាសន្តិសុខ សុវត្ថិភាព ត្រូវតែធានាបានថា ជោគជ័យ ១០០ភាគរយ ក្នុងកម្មវិធីបើកសម្ពោធជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ (Walk Street) ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។

នេះជាការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឃនភាព នៃការត្រៀមរៀបចំ បើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ (Walk Street) ជាអាជ្ញាធរខណ្ឌ កងកម្លាំង និងមន្ទីរពាក់ព័ន្ធ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា ផ្លូវថ្មើរជើងចតុមុខ (Walk Street) ក្រោយពីបានបើកឱ្យដំណើរការ ជាបណ្តោះអាសន្ន នាប៉ុន្មានខែនេះ បានទទួលការគាំទ្រ និងពេញនិយមយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ។

ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានស្នើសុំទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីបើកសម្ពោធជាផ្លូវការ ហើយត្រូវបានសម្តេចបវរធិបតី ឯកភាព ដោយនឹងធ្វើពិធីសម្ពោធជាផ្លូវការ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។

លោក ឃួង ស្រេង បានបន្តថា ពិធីសម្ពោធជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ បញ្ហាសន្តិសុខ សុវត្ថិភាព ត្រូវតែធានាបានថា ជោគជ័យ១០០ភាគរយ ទាំងថ្នាក់ដឹកនាំកំពូលៗ និងអ្នកចូលរួម ទាំងអស់ ជាមួយការបង្កើត ឱ្យមានទីបញ្ជាការស្រាលជាច្រើនកន្លែង។ បន្ថែមពីលើការងារសន្តិសុខនេះ ការជួសជុលផ្លូវ ការអ៊ុតគំនូសចរាចរណ៍ ការតុបតែង និងបំពាក់ភ្លើងបំភ្លឺ ត្រូវតែធ្វើឱ្យបានរួចរាល់នៅមុន នៃការប្រារព្វពិធីនេះ។

ក្នុងថ្ងៃបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ (Walk Street) នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឱ្យមានការប្រគុំតន្ត្រីខ្នាតធំ ដោយក្រុមហ៊ុនកាឡាក់ស៊ី «GALAXY» អ្នកឧកញ៉ាឡេងណាវាត្រា, ការសម្តែងសិល្បៈប្រពៃណី របាំងចម្រុះ របស់មន្ទីរវប្បធម៌រាជធានីភ្នំពេញ, ស្តង់លក់ដូរ ជាមួយនិងការរៀបចំស្តង់ម្ហូបអាហារ ចំនួន២ទីតាំង គឺស្តង់ម្ហូបអាហាររបស់ស្ថានទូតប្រទេសឥណ្ឌា និងស្ថានទូតប្រទេសម៉ាឡេស៊ី ផងដែរ។

គួរបញ្ជាក់ថា ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការសាកល្បង កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង១៨៖០០នាទី រហូតដល់ម៉ោង២៣៖០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅខណ្ឌដូនពេញ រាជធានីភ្នំពេញ៕