សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួម ៣០០លានរៀល ជាមួយមូលនិធិរបស់ CTN ជួយទ្រទ្រង់កងទ័ពការពារទឹកដី
11-06-2025 21:20
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលរួមថវិកា ៣០០លានរៀលដំណាក់កាលដំបូងជាមួយមូលនិធិទូរទស្សន៍ CTN ដើម្បីជួយទ្រទ្រង់កងទ័ពកំពុងឈរជើងការពារទឹកដី។
អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានបង្កើតមូលនិធិ CTN ដើម្បីទ្រទ្រង់កងទ័ពកំពុងឈរជើងការពារព្រំដែន។
តាមរយៈសារលើបណ្តាញសង្គមហ្វេសប៊ុកនៅយប់ថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានអរគុណអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ដែលបានបង្កើតមូលនិធិនេះ តាមការអំពាវនាវរបស់សម្តេច។ សម្តេចតេជោ ចាត់ទុកការបង្កើតមូលនិធិនេះ ជាខឿនការពារជាតិរបស់ប្រជាជនដ៏រឹងមាំ។
សម្តេចតេជោ បានបញ្ជាក់ថា ការតស៊ូប្រឆាំងការឈ្លានពានរបស់ថៃ តាមផ្លូវយោធា នយោបាយ ការទូត និងផ្លូវច្បាប់ត្រូវដាក់ក្នុងយុទ្ធសាស្ត្រយូរអង្វែង។ ជាមួយគ្នានេះ យោធាត្រូវត្រៀមគ្រប់ពេល និងប្រើពេលយូរជាមួយការតស៊ូតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេក៏ត្រូវប្រើពេលយូរផងដែរ។
សម្តេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមភ្ជាប់និស្ស័យជាមួយកងទ័ព និងជាមួយជាតិ និងទឹកដីទាំងអស់គ្នា៕