Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ និងសាសនា ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំអំណោយផ្តល់ជូនកងទ័ពនៅកងពលតូចថ្មើរជើងលេខ៤២ នៅខេត្តឧត្តរមានជ័យ

10-06-2025 21:19

(ឧត្តរមានជ័យ)៖ លោក រនៈ រតនវឌ្ឍនោ សិរីធរនិន្ទ្រធម្មិកវរញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ ជារដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងលោកស្រី សូ សុគន្ធារី សិរីកាញ្ចនាភិរក្ខ័សីលទេពី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូននាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចថ្មើរជើងលេខ៤២ ស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

ពិធីនេះមានការនិមន្តចូលរួមពីសំណាក់ព្រះកោសល្យសត្ថា កែវ ចន្ថា ព្រះមេគណខេត្តកំពង់ស្ពឺ, ព្រះតនសោភ័ណ ម៉ន បឿន ព្រះចៅអធិការវត្តចំបក់ និងព្រះវិន័យធរគណខេត្តកំពង់ស្ពឺ និងព្រះមន្ត្រីសង្ឃទូទាំងខេត្ត បានប្រោះព្រំលើកកម្លាំងចិត្ត ដល់កងទ័ពដែលប្រចាំការនៅប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ។

មានមតិសំណេះសំណាលនាឱកាសនោះ លោករដ្ឋលេខាធិការ បានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងដល់កងទ័ព និងជួយសហការជាមួយកងទ័ពជួរមុខ ការពារព្រំដែនជានិច្ច ទោះក្នុងកាលៈទេសណាក៏ដោយ រួមជាមួយនឹងការបន្តគាំទ្រឧបត្ថម្ភបំពេញតម្រូវការរបស់បងប្អូនយុទ្ធជន ដើម្បីរួមចំណែកការពារសុខសន្តិភាពរបស់ប្រទេសយើងទាំងអស់គ្នា។

លោកលេខាធិការ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុតដល់បងប្អូនយុទ្ធជនយើងប្រកបដោយក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ចំពោះនាយទាហាន នាយទាហានរង ពលទាហាន ព្រមទាំងក្រុមគ្រួសារ ដែលបានលះបង់យ៉ាងប្តូរផ្តាច់ ឈរជើងប្រចាំការ ដើម្បីការពារបូរណភាពទឹកដី៕