រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវដល់ពលរដ្ឋបន្តយកចិត្តទុកដាក់តាមដានព័ត៌មានទាក់ទងនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងជឿជាក់លើរដ្ឋាភិបាលកម្ពុជា (Video inside)
08-06-2025 13:10
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងពព័ត៌មាន នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមជឿជាក់ និងទុកចិត្តលើថ្នាក់ដឹកនាំជាតិរបស់យើងគឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាព្រំដែនប្រកបដោយភាពឈ្លាសវៃ និងតម្កល់ផលប្រយោជន៍ជាតិជាធំដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងដោយសន្តិវិធី ប្រកប ដោយភាពម៉ឺងម៉ាត់។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ដោយសារតែមានការបង្កើតព័ត៌មានក្លែងក្លាយច្រើនក្នុងគោលបំណងបំភ្លៃការពិត, កាឡៃប្រវត្តិសាស្ត្រ និងញុះញង់, សូមសាធារណជន និងជាពិសេសអ្នកសារព័ត៌មានប្រកាន់ខ្ជាប់នូវការផ្ទៀងផ្ទាត់ប្រភពព័ត៌មានជាមុន ដោយផ្នែកលើក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់ «សុក្រឹត្យភាព សុច្ចរិតភាព និងទំនួលខុសត្រូវ» មុននឹងជឿ ចែករំលែក និងផ្សព្វផ្សាយបន្ត។
បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ប្រភពព័ត៌មាន៣ សំខាន់ដែលជាប្រភពព័ត៌មានផ្លូវការ ពិតនិងត្រឹមត្រូវ ជឿទុកចិត្តគឺទី១៖ ប្រភពពីរាជរដ្ឋាភិបាលកម្ពុជា និងប្រភពពីហ្វេសប៊ុកសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី, ២៖ ប្រភពក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងទី៣៖ ប្រភពក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តថា ដើម្បីថែរក្សាសន្តិភាព មិត្តភាពល្អ និងបញ្ជាសសង្គ្រាមជាយថាហេតុ, កម្ពុជាប្រកាន់ជំហរយក «បញ្ហាព្រំដែន» នៅតំបន់មុំ៣ ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី ទៅកាន់តុលាការយុត្ដិធម៌អន្ដរជាតិ (ICJ) ដើម្បីធានាបាននូវភាពយុត្តិធម៌ ត្រឹមត្រូវ និងមានដំណោះស្រាយជាស្ថាពរ៕