Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ផ្តល់អនុសាសន៍ណែនាំដល់មន្រ្តីបច្ចេកទេស៤រូប មុនចេញទៅចូលរួមកម្មវិធីបណ្តុះបណ្តាល និងផ្លាស់ប្ដូរបទពិសោធន៍ការងារនៅប្រទេសអូស្រ្តាលី

30-05-2025 14:08

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ បានទទួលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍ណែនាំដល់មន្រ្តីបច្ចេកទេសចំនួន ៤រូប នៃក្រសួងសាធារណការ និងដឹកជញ្ជូន មុននឹងទៅចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាល និងផ្លាស់ប្ដូរបទពិសោធន៍ការងារ រយៈពេល ៦ខែ នៅប្រទេសអូស្រ្តាលី តាមរយៈកម្មវិធី Partnership for Infrastructure (P4I) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។

គោលបំណងចម្បងនៃកម្មវិធីនេះ គឺដើម្បីបង្កើនចំណេះដឹងលើជំនាញបច្ចេកទេសសំខាន់ចំនួន២ គឺបច្ចេកទេសកម្រាលផ្លូវថ្នល់ (Pavement Design) និងបច្ចេកទេសសំណង់ស្ពាន (Bridge Structural Design)។ កម្មវិធីនេះក៏រួមបញ្ចូលនូវមុខជំនាញបច្ចេកទេសពាក់ព័ន្ធផ្សេងទៀត រួមមានគោលការណ៍នៃការសិក្សាការសាងសង់ ការអង្កេតពិនិត្យ ការថែទាំ ការគ្រប់គ្រងហានិភ័យ ការគិតគូរលើផលប៉ះពាល់បរិស្ថាន និងការបន្សំទៅនឹងបម្រែបម្រួលអាកាសធាតុ នៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជាដើម។

នាឱកាសនោះលោក ប៉េង ពោធិ៍នា បានអបអរសាទរដល់មន្រ្តីបច្ចេកទេសទាំង ៤រូប ដែលទទួលបានឱកាសចូលរួមកម្មវិធីបណ្តុះបណ្តាល និងផ្លាស់ប្ដូរបទពិសោធន៍ការងារខាងលើ ដើម្បីពង្រឹងសមត្ថភាព ជំនាញរបស់ខ្លួន និងបានផ្តល់អនុសាសន៍ណែនាំឱ្យខិតខំសិក្សារៀនសូត្រ ដកស្រង់ពិសោធន៍ល្អៗនូវហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំរបស់ប្រទេសអូស្រ្តាលីទាំងផ្នែកសាងសង់ផ្លូវថ្នល់ តំណភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធស្ពាន និងការពង្រឹងស្តង់ដារបច្ចេកទេស ព្រមទាំងយន្តការអនុវត្តលើការថែទាំ៕