ផ្លូវនៅស្រុកបាធាយ ខេត្តកំពង់ចាម រងការខូចខាតដោយជំនន់ទឹកភ្លៀង, ថ្ងៃនេះអាជ្ញាធរចុះពិនិត្យ ដើម្បីជួសជុលឡើងវិញសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
24-05-2025 15:20
(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារអញ្ជើញ ចុះពិនិត្យការថែទាំផ្លូវនៅស្រុកព្រៃឈរ និងលទ្ធភាពជួសជុលផ្លូវឡើងវិញ ដែលខូចដោយជំនន់ទឹកភ្លៀង នៅស្រុកបាធាយ។
លោក អ៊ុន ចាន់ដា បានឲ្យដឹងថា ផ្លូវកៅស៊ូ ១ខ្សែប្រវែង ១៣ គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំបឹងណាយ ស្រុកព្រៃឈរ ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ ប៉ុន្តែស្ថិតនៅក្នុងអំឡុងពេលថែទាំ។
ជាមួយនឹងការចុះពិនិត្យនេះ លោកអភិបាលខេត្ត បានណែនាំឲ្យអ្នកសាងសង់ ធ្វើរបាំងដែកនៅចំណុចដែលមានប្រឡាយទឹក ដើម្បីការពារគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុពោល គឺការពារដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត បានឲ្យដឹងថា បន្ទាប់ពីនោះ ក្រុមការងារបានចុះពិនិត្យមើលផ្លូវក្រាលកៅស៊ូ ១ខ្សែទៀត ស្ថិតនៅក្នុងឃុំសណ្ដែក ស្រុកបាធាយ ដែលរងនូវការខូចខាតដោយសារទឹកជំនន់នាពេលកន្លងមក។ ដូច្នេះផ្លូវ១ខ្សែនេះ ត្រូវធ្វើការសិក្សា ពិនិត្យលទ្ធភាពជួសជុលផ្លូវនេះឡើងវិញ ដើម្បីសម្រួលនៅក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
អភិបាលខេត្តបានបញ្ជាក់ថា ផ្លូវមួយខ្សែនោះពិតជាមានសារៈសំខាន់ណាស់ សម្រាប់សម្រួលដល់ការដឹកជញ្ជូនកសិផល កសិកម្ម ពីតំបន់នោះមកទីប្រជុំជន៕