ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយសមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិក ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាម៉េរិក
15-05-2025 08:40
(រដ្ឋធានីវ៉ាស៊ីងតោន)៖ ឆ្លៀតក្នុងឱកាសបំពេញបេសកកម្មការងារចរចាលើកិច្ចព្រមព្រៀងបដិការ នៅសហរដ្ឋអាម៉េរិកលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Tammy Duckworth សមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិក ដោយមានការចូលរួមផងដែរពី លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក និងប្រទេសម៉ិចស៊ិចកូ។
ជំនួបនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាម៉េរិក ក៏ដូចជាស្វែងរកកាលានុវត្តភាពថ្មីៗ សំដៅពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ៕