ទីបំផុត ! សពអតីតនាយករដ្ឋមន្រ្តីកម្ពុជា លោក ប៉ែន សុវណ្ណ ត្រូវសម្រេចឱ្យយកទៅបូជានៅវត្តឫស្សីសាញ់ វិញបន្ទាប់ពីវត្តនិរោធ ជាប់បុណ្យកឋិន
03-11-2016 19:17
(ភ្នំពេញ)៖ ទីបំផុត ! ការសម្រេចចុងក្រោយរបស់ សាលារាជធានីភ្នំពេញ និង គណបក្សសង្រ្គោះជាតិ បានឯកភាពគ្នារៀបចំបូជាសព លោក ប៉ែន សុវណ្ណ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ នៅក្នុងវត្តឫស្សីសាញ់ ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញវិញ បន្ទាប់ពីវត្តនិរោធ ក្នុងខណ្ឌច្បារអំពៅ ដែលភាគីទាំងពីរសម្រេចជ្រើសរើសនាពេលមុននោះ ជាប់រវល់ធ្វើបុណ្យកឋិន។ នេះបើតាម លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។
សូមបញ្ជាក់ថា លោក ប៉ែន សុវណ្ណ បានទទួលមរណភាព កាលពីព្រលប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានរបស់លោកក្នុងខេត្តតាកែវ។ សពរបស់លោកត្រូវបានដង្ហែមកតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីនៅវត្តថាន់ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា មុននឹងយកទៅបូជា៕