រដ្ឋមន្រ្តីការងារ៖ យុវជន៧,២ម៉ឺននាក់ បានកំពុងសិក្សា និងបញ្ចប់ការសិក្សាជាមួយ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (Video inside)
27-04-2025 15:16
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ មានយុវជន ៧,២ម៉ឺននាក់ បានកំពុងសិក្សា និងបញ្ចប់ការសិក្សាជាមួយ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងសិស្សទទួលបានការងារធ្វើប្រមាណ ១,៦ម៉ឺននាក់។
លោក ហេង សួរ បានបញ្ជាក់បែបនេះ ក្នុងពិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ។
លោកបានបញ្ជាក់ដូចនេះថា «គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ បានបន្តអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ មានអ្នកស្នើចុះ ឈ្មោះចូលរៀនប្រមាណ ១១,៣ម៉ឺននាក់, សិស្សកំពុងសិក្សា និងបញ្ចប់ការសិក្សាប្រមាណ ៧,២ម៉ឺននាក់ និងសិស្សទទួលបានការងារធ្វើប្រមាណ ១,៦ម៉ឺននាក់»។
លោកបានបញ្ជាក់បន្ថែមថា ក្រសួងការងារបានជំរុញឱ្យវិស័យឯកជនទទួលយកសិស្ស និស្សិតហាត់ការនៅកន្លែងការងារ និងបាន ជំរុញការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង ដោយគិតត្រឹមខែមីនា ឆ្នាំ២០២៥ នេះ បានហ្វឹកហ្វឺន កូនជាងសរុបប្រមាណជាង ៦ម៉ឺននាក់៕