Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រានហាល និងបង្កាន់ដៃនាគទិសពាយ័ព្យ ប្រាសាទបន្ទាយសំរ៉ែ ជួសជុលរួចរាល់ហើយ

25-04-2025 15:56

(សៀមរាប)៖ ក្រុមការងារអាជ្ញាធរជាតិអប្សរា សហការឧបត្ថម្ភជាមួយស្ថាប័នGIZ របស់អាល្លឺម៉ង់ បានបញ្ចប់ការងារជួសជុលរានហាល និងបង្កាន់ដៃនាគ ទិសពាយ័ព្យនៃប្រាសាទបន្ទាយសំរ៉ែ បន្ទាប់ពីចាប់ផ្តើមដំណើរការសិក្សា ជួសជុល និងអភិរក្សរយៈពេលជាង ២ឆ្នាំមកនេះ។

អ្នកអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ឡុង ណារី បានឱ្យដឹងថា បន្ទាប់ពីជួសជុលដោយយកចិត្តទុកដាក់ និងហ្មត់ចត់ពីអ្នកជំនាញខ្មែរ និងបរទេស រានហាល និងបង្កាន់ដៃនាគ ដែលស្ថិតនៅទិសពាយ័ព្យប្រាសាទបន្ទាយសំរ៉ែ បានបញ្ចប់ជាស្ថាពរហើយ និងបានបង្ហាញសោភ័ណភាពស្រស់ស្អាត រឹងមាំឡើងវិញ។

លោកបន្តថា ទីតាំងនេះបានប្រែពីកន្លែងទ្រុឌទ្រោម បាក់បែក ក្លាយជាកន្លែងដ៏ទាក់ទាញ។

លោក ណារី បានបញ្ជាក់ថា គម្រោងការងារជួសជុលនេះចាប់ផ្តើមនៅឆ្នាំ២០២៣ ក្នុងនោះបានជួសជុល ថ្មកម្រាលរានហាល បង្កាន់ដៃនាគ សសរមួយចំនួន ក៏ដូចជាបានពង្រឹង គ្រឹះជាដើម ដែលថ្មខ្លះបានបែកបាក់ជ្រុះធ្លាក់រាយប៉ាយលើ និងកប់ក្នុងដី ដោយក្រុមការងារ បានជួសជុល អភិរក្សពង្រឹងឡើងវិញ ចំណែកផ្នែកខ្លះក៏ត្រូវប្រើថ្មី ជំនួសនៅកន្លែង ដែលចាំបាច់ផងដែរ។

អ្នកជំនាញរូបនេះ បានរំឭកថា ការជួសជុលនេះស្ថិតនៅក្នុងគម្រោងបណ្ដុះបណ្ដាលផ្នែកអភិរក្ស និងជួសជុលដល់មន្រ្តី និងបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា ដែលមកពីស្ថាប័នផ្សេងៗ ដូចជាភ្នាក់ងារទេសចរ សារមន្ទីរ និងសណ្ដាប់ធ្នាប់ ជាដើម ដែលពួកគេមានបំណងក្លាយជាអ្នកជួសជុល និងអភិរក្សប្រាសាទ។

គម្រោងបណ្ដុះបណ្ដាលនេះ បង្រៀនដោយគ្រូបង្គោលខ្មែរ និងអាល្លឺម៉ង់ ដោយមានទាំងសិក្សាលើទ្រឹស្តី និងចុះអនុវត្តន៍នៅការដ្ឋានប្រាសាទបន្ទាយសំរ៉ែតែម្ដង៕