Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក អៀង មូលី៖ ‌‌‌‌‌‌‌មានស្រោមអនាម័យនៅក្នុងខ្លួន គ្មានទោសទេ, សមត្ថកិច្ចមិនត្រូវយកស្រោមអនាម័យជាភស្តុតាងឡើយ

03-11-2016 12:17

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងថា មានស្រោមអនាម័យនៅក្នុងខ្លួន មិនមានទោសនោះទេ ហើយអាជ្ញាធរមិនត្រូវយកស្រោមអនាម័យជាភស្ដុតាង ដើម្បីចោទប្រកាន់ពេស្យាកម្ម អំពើជួញដូរមនុស្ស ផ្ទុយទៅវិញស្រោមអនាម័យ ជាឧបករណ៍សម្រាប់ការពារខ្លួនតែប៉ុណ្ណោះ។

ការថ្លែងបែបនេះ របស់លោកទេសរដ្ឋមន្ត្រី ធ្វើនៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្នុងសិក្ខាសាលា ស្ដីពីការបញ្ជ្រាបសារអប់រំអំពីមេរោគអេដស៍ និងជំងឺអេដស៍ ដល់សិល្បករ និងអ្នកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ដែលរៀបចំឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២។

លោកទេសរដ្ឋមន្ដ្រី បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានធ្វើការជាមួយអាជ្ញាធរមូលដ្ឋានថា ធ្វើយ៉ាងមិចមិនត្រូវយកស្រោមអនាម័យជាភស្ដុតាង ដើម្បីចោទប្រកាន់អំពីរឿងពេស្យាកម្ម រឿងជួញដូរមនុស្ស យើងព្យាយាមនិយាយបែបនេះគ្រប់កន្លែង ហើយឲ្យពួកគាត់យល់ថា គ្រាន់តែមានស្រោមអនាម័យក្នុងខ្លួន មិនមានទោសនោះទេ ផ្ទុយទៅវិញត្រូវសរសើរគាត់ ដែលគាត់ចេះការពារសុវត្ថិភាព»

ជាមួយគ្នានេះ លោកប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បន្ថែមថា អ្នកសិល្បៈមានតួនាទីសំខាន់ណាស់​ និងឥទ្ធិពលណាស់ ក្នុងអប់រំផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងអំពីការពារខ្លួន ពីមេរោគអេដស៍ និងជំងឺអេដស៍ ដល់សាធារណជន ដើម្បីទប់ស្កាត់ជំងឺអេដស៍កុំឲ្យរីករាលដាលផ្ទុះឡើងវិញ ហើយកាលណាបើជំងឺនេះផ្ទុះឡើង វាធ្វើឲ្យខាត់បង់ធនធានមនុស្សច្រើនណាស់៕