Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើសុំអនុញ្ញាតបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រថ្មី​ ៣ទីតាំង ស្ថិតនៅតាមខេត្តជាប់តំបន់ឆ្នេរ

22-04-2025 15:32

(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើសុំអនុញ្ញាតបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រថ្មី​ចំនួន ៣ទីតាំង ស្ថិតនៅតាមខេត្តជាប់តំបន់ឆ្នេរនៃប្រទេសកម្ពុជា។​

តំបន់គ្រប់គ្រងជលផលសមុទ្រថ្មី​ ៣ទីតាំង ដែលស្នើសុំបង្កើតដោយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានទីតាំងនៅកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង, តំបន់កោះតូចនិងព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត និងកោះការ៉ាំង នៃខេត្តកែប។

បើតាមរដ្ឋបាលជលផល, ការបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រ ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារ និងអភិរក្សទីជម្រក ព្រមទាំងប្រភេទជលផលកំពុងរងគ្រោះថ្នាក់ នៅក្នុងតំបន់ទាំង៣ ជាពិសេសប្រភេទផ្កាថ្ម ស្មៅសមុទ្រ សេះសមុទ្រ និងស្ពង់ ជាច្រើន។ តំបន់គ្រប់គ្រងជលផលសមុទ្រ ក៏នឹងបង្កលក្ខណៈអំណោយផលដល់ការរស់នៅ និងមានវត្តមានវារីសត្វជិតផុតពូជ ដែលមានជាអាថិ៍៖ ជ្រូកទឹក ផ្សោតសមុទ្រ និងអណ្តើកសមុទ្រជាដើម៕