Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តឧត្តរមានជ័យ ដឹកនាំមន្ត្រីរាជការ ចូលរួមអភិសេកព្រះគណេស ផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងរាប់បាត្រព្រះសង្ឃចំនួន១០៨អង្គ ឆ្លងឆ្នាំថ្មី

16-04-2025 15:55

(ឧត្តរមានជ័យ)៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីរាជការ ប្រជាពលរដ្ឋ ចូលរួមអភិសេកព្រះគណេស ផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងរាប់បាត្រព្រះសង្ឃចំនួន១០៨អង្គ ក្នុងឱកាសឆ្លងពីធិបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ភស័ក ព.ស២៥៦៩ គ.ស២០៥។

ក្នុងថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីនេះដែរ រដ្ឋបាលខេត្តឧត្តរមានជ័យ បានរៀបចំពិធីកម្សាន្តជាច្រើនដូចជា ការលេងកម្សាន្តតំបន់ត្រជាក់ចិត្តនៅទីតាំងវិមានឯករាជ្យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ ប្រជាពលរដ្ឋ យុវជន យុវនារី និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ដូចជា ទាញព្រ័ត្រ, ចោលឈូង, បោះអង្គុញ, លាក់កន្សែង, វាយក្អម...នៅភូមិល្បែងប្រជាប្រិយ និងល្បែងកម្សាន្តនានា។

ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ បានទៅទស្សនាការតាំងពិព័រណ៍ផលិតផល និងទស្សនាភូមិអាហារ នៅខាងកើត វិមានឯករាជ្យផ្លូវកណ្តាលស្រះត្រី និងពិធីផ្សឹកភ្នំខ្សាច់ និងស្រង់ព្រះ និងទស្សនាការសម្តែងសិល្បៈ របាំគែន, ចម្រៀងមហោរី, របាំក្រម៉ា (នៅទីតាំងក្បែរ ស្រះត្រីខាងមុខសាលាខេត្ត)។

ដោយឡែកនៅពេលរាត្រី មានកម្មវិធីកម្សាន្ត ការប្រគុំតន្ត្រីខ្នាតយក្ស នៅបណ្តោយផ្លូវខាងមុខមន្ទីរទេចរណ៍ និងការបាញ់កាំជ្រួច នៅទីតាំងក្នុងបឹងខាងមុខវេទិកាអុំទូកខេត្តផងដែរ។ សូមបងប្អូនប្រជាពលរដ្ឋចូលលេងកម្សាន្ត សង្ក្រានឧត្តរ នៅខេត្តឧត្តរមានជ័យឱ្យបានច្រើនកុះករ៕