Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រយៈ៣ថ្ងៃ នៃព្រឹត្តិការណ៍ «ព្រៃវែងសង្ក្រាន្ត» មានបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តប្រមាណ ៧៥ម៉ឺននាក់

15-04-2025 11:57

(ព្រៃវែង)៖ គិតចាប់ពីថ្ងៃបើកព្រឹត្តិការណ៍ «ព្រៃវែងសង្ក្រាន្ត​» ថ្ងៃទី១២ មកដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ មានបងប្អូនមកចូលរួមទស្សនា និងលេងកម្សាន្ត នៅទីតាំងតំបន់ត្រជាក់ចិត្ត ស្តង់ពិព័រណ៍ពាណិជ្ជកម្ម ភូមិល្បែងប្រជាប្រិយ ទីតាំងប្រកួតប្រដាល់គុនខ្មែរ ទីតាំងប្រឡងចម្រៀង ប្រកួតស្រីស្រស់ប្រុសស្អាត និងបវរកញ្ញាវ័យចំណាស់ប្រមាណ៧៥ម៉ឺននាក់។

សូមបញ្ជាក់ជូនថា រដ្ឋបាលខេត្ត បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៥ រយៈពេល៥ថ្ងៃ ដោយមានរៀបចំការប្រគុំតន្ត្រីខ្នាតយក្ស និងប្រដាល់គុនខ្មែរ នៅសួនសម្តេចក្រឡាហោម ឆាកតន្ត្រី EDM ដោយមាន DJ និងតារាល្បីៗនៅតំបន់ត្រជាក់ចិត្ត និងឆាកតន្ត្រី ចំនួន០៣ផ្សេងទៀត ដែលរៀបចំដោយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំក្រសួងមហាផ្ទៃ ការលេងល្បែងប្រជាប្រិយ ការប្រកួតអុកចត្រង្គ និងការឡើងសសរខ្លាញ់យករង្វាន់ នៅក្នុងបរិវេណសាលាបឋមសិក្សាព្រៃវែងក្រុង ការប្រកួតបាល់ទះក្នុងភក់ នៅមុខសាលាខេត្ត ការបង្ហោះគោម និងបាញ់កាំជ្រួច នៅទីតាំងចុងប៉ម ការសម្តែងក្បាច់គុនយុទ្ធក្រមខម នៅសួនតេជោសន្តិភាព ការប្រឡងចម្រៀង ប្រឡងស្រីស្រស់ប្រុសស្អាត និងបវរកញ្ញាវ័យចំណាស់ ជាពិសេសក្នុងយប់ថ្ងៃទី១៥នេះ នឹងមានការសម្តែងទស្សនីយភាពល្ខោនយីកេខ្នាតធំ "រឿងតេជោជ្រែកដី" នៅដីឡូត៍ខាងមុខសាខាកាកបាទក្រហមខេត្តផងដែរ៕